ក្រោយងូតទឹកឲ្យកូនរួច ម៉ាក់ប៉ាតែងនិយមលាបម្សៅឲ្យកូនតូចៗ ដើម្បីឲ្យក្រអូបពេញរាងកាយ ហើយជាពិសេសគិតថាអាចជួយឲ្យស្បែករលោង មានសំណើមទៀតផង។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ថា ម្សៅពិតជាជួយឲ្យកូនយើងមានក្លិនក្រអូបបានយូរ ធ្វើឲ្យយើងជាអាណាព្យាបាលកាន់តែមានអារម្មណ៍ស្រលាញ់ និងនៅជិតកូនគ្រប់ពេលមែន។ ប៉ុន្តែម្សៅប៉ះពាល់សុខភាព និងស្បែករបស់ទារកដូចគ្នាដែរ ប្រសិនបើប្រើមិនបានត្រឹមត្រូវ។ គុណវិបត្តិធំបំផុតរបស់ម្សៅ គឺក្មេងខ្លះអាចបណ្ដាលឲ្យអាលែកហ្ស៊ីទៅនឹងសារធាតុផ្សំមួយចំនួនរបស់ម្សៅ ដោយដំបូងគ្រាន់តែមានបញ្ហាតិចតួច តែក្រោយលាបបែរជារោល កន្ទួល រមាស់ពេញទាំងខ្លួនតែម្ដង។
លោកបញ្ជាក់ទៀតថា ប្រភេទម្សៅហុយមិនសូវមានសំណើមដែលជួយឲ្យស្បែកទន់រលោងឡើយ មិនដូចឡេទេ។ ដូចនេះហើយប្រើម្សៅមិនមែនជាជម្រើសដែលអាចឲ្យស្បែកទារកស្អាតឡើយ វាគ្រាន់តែផ្ដល់ក្លិន និងភាពទាក់ទាញចំពោះកូនប៉ុណ្ណោះ។ តែបើចង់លាបឲ្យគួរតែស្វែងរកម្សៅប្រភេទ organic អាចជួយបានខ្លះមែន។

ម្សៅហ៊ុយភាគច្រើនមានលាយសារធាតុគីមីម្យ៉ាងឈ្មោះថា Talcum។ សារធាតុ Talcum ដែលមានក្នុងម្សៅងាយនឹងហុយចូលច្រមុះទារក ទៅដល់សួតច្រើន ដោយសារតែច្រមុះទារកមិនមានរោមច្រើន ដើម្បីទប់ទល់នឹងការហុយនោះ ធ្វើឲ្យទារកប្រឈមនឹងជំងឺជាច្រើន ដូចជា ក្អករ៉ាំរ៉ៃ រលាកទងសួត រលាកសាច់សួត រលាកបំពង់ក ជំងឺហឺត និងឈានដល់កើតជំងឺមហារីក បើប្រើកាន់តែយូរទៅៗ។
ចំណែកគុណវិបត្តិដទៃពេក វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅបានបញ្ជាក់ថា បើយើងយកទៅដាក់ក្នុងខោទឹកនោម អាចឡើងជាកំណកធំៗ ហើយកកិតលើស្បែក។ ម្យ៉ាងទៀតការលាបវាតាមគន្លាក់ដែលរលាកស្រាប់នោះ រឹតតែបង្កឲ្យកាន់តែរលាកខ្លាំងៗ។
ដូចនេះបើចង់លាប អាចប្រើឡេបាន ក៏ប៉ុន្តែយើងត្រូវចេះពិនិត្យមើលរកប្រភព កាលបរិច្ឆេទច្បាស់លាស់ មាន PH សមស្រប នឹងស្បែកក្មេង មិនមានបន្ថែមក្លិនក្រអូប។
[embed-health-tool-vaccination-tool]




















