ថ្នាំបង្ការ (វ៉ាក់សាំង) មាននាទីសំខាន់ណាស់ក្នុងការការពារគ្រប់គ្នាពីជំងឺកាចសាហាវមួយចំនួន បែបនេះហើយទើបយើងត្រូវនាំកូនទៅចាក់វ៉ាក់សាំងទៅតាមអាយុ និងកាលកំណត់។ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះដែរ មានការសាកសួរជាច្រើនអំពីការចាក់វ៉ាក់សាំងមុន ឬក្រោយថ្ងៃកំណត់ តើអាចមានផលប៉ះពាល់ទេ?
ការចាក់វ៉ាក់សាំងមុនថ្ងៃកំណត់នេះ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ បម្រើការងារនៅ Singapore Medical Center បានអះអាងផ្អែកទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) ថា ទូទៅការចាក់វ៉ាក់សាំងមុនកាលកំណត់៤ថ្ងៃ ចាត់ទុកថាត្រឹមត្រូវ។ “ឧទាហរណ៍ថា កូនយើងត្រូវចាក់វ៉ាក់សាំងថ្ងៃទី៥ ប៉ុន្តែយើងរវល់ អ៊ីចឹងយើងចាក់ថ្ងៃ១ ថ្ងៃ២ ថ្ងៃ៣ ថ្ងៃ៤ អូខេ អត់មានបញ្ហាទេ។ ក៏ប៉ុន្តែបើសិនជាលើសពី៤ថ្ងៃហ្នឹង ឧទាហរណ៍ថាគាត់ចាក់ថ្ងៃ២៨ ថ្ងៃ២៩ ថ្ងៃ៣០ អាហ្នឹងចាត់ទុកថា Invalid ដែលទាមទារឲ្យយើង Repeat ដូស្ត មានន័យថា វ៉ាក់សាំងត្រូវចាក់តែ ៣ដងទេ តែចាក់អត់ត្រឹមត្រូវអាចឈានដល់ចាក់៤ដង”។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា វ៉ាក់សាំងមិនមែនចាក់តែ១ដងនោះទេ វ៉ាក់សាំងខ្លះមានម្តង វ៉ាក់សាំងខ្លះ ២ដង ខ្លះ ៣ដង ខ្លះ ៤ដង ឯណោះ បើយើងចាក់មិនត្រូវតាមកាលកំណត់ អាចនឹងត្រូវចាក់សារឡើងវិញ។
ចុះការវ៉ាក់សាំងក្រោយការកំណត់វិញយ៉ាងម៉េចដែរ? លោកស្រីវេជ្ជបណ្ឌិតឆ្លើយថា មិនមានគ្រោះថ្នាក់ទៅលើកូនយើងទេ ក៏ប៉ុន្តែការកកើតជាប្រព័ន្ធការពារអាចមិនសមស្របទៅតាមអ្វីដែលអ្នកវិទ្យាសាស្ត្រសិក្សា។ លោកស្រីវេជ្ជបណ្ឌិតថា ការពន្យារពេលចាក់វ៉ាក់សាំងយូរពេក ក៏ទាមទារឲ្យមានការ Repeat ដូស្តដែរ។ ដូចនេះជម្រើសដែលល្អបំផុត បើគ្រូពេទ្យណាត់ថ្ងៃណា យើងគួរនាំកូនទៅចាក់វ៉ាក់សាំងថ្ងៃនោះ។
ខាងក្រោមនេះជាកាលវិភាគចាក់វ៉ាក់សាំងទារក និងកុមារ ទៅតាមគោលការណ៍ថ្នាក់ជាតិ នៃក្រសួងសុខាភិបាល។
លើកទី១៖ ទារកទើបកើត
ពេលកើតភ្លាម ទារកត្រូវចាក់វ៉ាក់សាំងដល់ទៅ២មុខ គឺវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ និងវ៉ាក់សាំងការពារជំងឺរបេង។
លើកទី២៖ ទារកអាយុ ១ខែកន្លះ
អាអូនអាយុបាន ១ខែកន្លះ គ្រូពេទ្យនឹងចាក់វ៉ាក់សាំងការពារជំងឺជាច្រើនមុខ ក្នុងនោះមានដូចជា៖
– វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង (បន្តក់)
– វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប
– វ៉ាក់សាំងការពារជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។
លើកទី៣៖ ទារកអាយុ ២ខែកន្លះ
អាយុបាន ២ខែកន្លះ អូនតូចត្រូវចាក់វ៉ាក់សាំងបង្ការជំងឺច្រើនមុខដូចការចាក់នៅអាយុ ១ខែកន្លះដែរ
– វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង (បន្តក់)
– វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប
– វ៉ាក់សាំងការពារជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។
លើកទី៤៖ ទារកអាយុ ៣ខែកន្លះ
ក្រៅពីចាក់រម្លឹកនូវវ៉ាក់សាំងទាំងប៉ុន្មានមុខខាងក្រោមនេះ អូនតូចត្រូវបន្ថែមវ៉ាក់សាំងគ្រុនស្វិតដៃជើង ប្រភេទចាក់។
– វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង (បន្តក់)
– វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប
– វ៉ាក់សាំងការពារជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។
លើកទី៥៖ ទារកអាយុ ៩ខែ
លើកនេះអូនតូចត្រូវចាក់វ៉ាក់សាំងការពារតែ២មុខទេ មាន វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលលើកទី១ និងជំងឺរលាកខួរក្បាលជេអ៊ី។
លើកទី៦៖ ទារកអាយុ ១៨ខែ
លើកចុងក្រោយនេះ អូនៗត្រូវចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលលើកទី២។
វ៉ាក់សាំងទាំងអស់ផ្តល់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទាំងអស់។ ដើម្បីកូនយើងមានសុខភាពល្អ ចៀសផុតពីជំងឺផ្សេងៗ ម៉ាក់ប៉ាកុំភ្លេចនាំអូនៗទៅចាក់វ៉ាក់សាំងបង្ការជំងឺឲ្យគ្រប់មុខណា។
[embed-health-tool-vaccination-tool]