វ៉ាក់សាំងសំខាន់ខ្លាំងណាស់ចំពោះក្មេងៗ គឺអាចការពារក្មេងៗពីជំងឺដែលប្រឈមគ្រោះថ្នាក់ដល់ជីវិតបាន។ ដោយហេតុថា វ៉ាក់សាំងមានច្រើនប្រភេទ ពេលវេលានៃការចាក់ក៏ខុសគ្នា ចាក់រួចក៏មានផលរំខានផ្សេងៗ បែបនេះហើយទើបម៉ាក់ប៉ាមួយចំនួននៅតែមានចម្ងល់ច្រើនជុំវិញការចាក់វ៉ាក់សាំងឲ្យកូន។
នៅក្នុងអត្ថបទថ្ងៃនេះ Hello គ្រូពេទ្យ សូមលើកយកនូវចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងឲ្យទារក និងកុមារ។
១. ត្រូវចាក់វ៉ាក់សាំងឲ្យកូននៅពេលណាខ្លះ?
ផ្អែកតាមគោលការណ៍ថ្នាក់ជាតិ របស់ក្រសួងសុខាភិបាល មានវ៉ាក់សាំងចំនួន ១១ មុខ ដែលត្រូវផ្តល់ឲ្យក្មេង ចាប់ពីពេលកើតភ្លាម រហូតដល់អាយុ ១៨ ខែ។ វ៉ាក់សាំងទាំងនោះផ្តល់ឲ្យដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។ ក្រៅពីចាក់វ៉ាក់សាំងទាំង ១១ មុខ ទៅតាមគោលការណ៍ថ្នាក់ជាតិនេះ ម៉ាក់ប៉ាក៏អាចយកកូនទៅចាក់វ៉ាក់សាំងផ្សេងទៀតទៅតាមអាយុ និងលទ្ធភាពរបស់ខ្លួន។
ចុចនៅទីនេះ ដើម្បីដឹងពីកាលវិភាគនៃការចាក់វ៉ាក់សាំងទាំង ១១ មុខ តាមគោលការណ៍ថ្នាក់ជាតិ។
២. ផលរំខានក្រោយចាក់វ៉ាក់សាំងមានអីខ្លះ?
ផលរំខាននៃការចាក់វ៉ាក់សាំងអាចមានពីស្រាល ទៅធ្ងន់ធ្ងរ តែករណីធ្ងន់ធ្ងរមានតិចតួចបំផុត។
ផលរំខានស្រាល៖ ផលរំខានស្រាលក្រោយចាក់វ៉ាក់សាំងរួច រួមមាន ក្មេងអាចឈឺនៅកន្លែងចាក់ ហើមនៅកន្លែងចាក់ ក្មេងយំរករឿងខុសធម្មតា ឬក៏អាចក្តៅខ្លួន។
ផលរំខានធ្ងន់ធ្ងរ៖ ចំពោះផលរំខានធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំង រួមមានក្មេងហើមបំពង់ខ្យល់ ពិបាកដកដង្ហើម ប្រកាច់ តែករណីនេះលោកស្រីវេជ្ជបណ្ឌិតថា កម្រកើតមានណាស់។
៣. វ៉ាក់សាំងអាចចាក់មុន ឬក្រោយថ្ងៃកំណត់បានអត់?
ការចាក់វ៉ាក់សាំងមុនថ្ងៃកំណត់នេះ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ បានអះអាងផ្អែកទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) ថា ទូទៅការចាក់វ៉ាក់សាំងមុនកាលកំណត់ ៤ ថ្ងៃ ចាត់ទុកថាត្រឹមត្រូវ។ “ឧទាហរណ៍ថា កូនយើងត្រូវចាក់វ៉ាក់សាំងថ្ងៃទី៥ ប៉ុន្តែយើងរវល់ អ៊ីចឹងយើងចាក់ថ្ងៃ១ ថ្ងៃ២ ថ្ងៃ៣ ថ្ងៃ៤ អូខេ អត់មានបញ្ហាទេ។ ក៏ប៉ុន្តែបើសិនជាលើសពី៤ថ្ងៃហ្នឹង ឧទាហរណ៍ថាគាត់ចាក់ថ្ងៃ២៨ ថ្ងៃ២៩ ថ្ងៃ៣០ អាហ្នឹងចាត់ទុកថា Invalid ដែលទាមទារឲ្យយើង Repeat ដូស្ត មានន័យថា វ៉ាក់សាំងត្រូវចាក់តែ ៣ដងទេ តែចាក់អត់ត្រឹមត្រូវអាចឈានដល់ចាក់៤ដង”។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា វ៉ាក់សាំងមិនមែនចាក់តែ១ដងនោះទេ វ៉ាក់សាំងខ្លះមានម្តង វ៉ាក់សាំងខ្លះ ២ដង ខ្លះ ៣ដង ខ្លះ ៤ដង ឯណោះ បើយើងចាក់មិនត្រូវតាមកាលកំណត់ អាចនឹងត្រូវចាក់សារឡើងវិញ។
ឯការវ៉ាក់សាំងក្រោយការកំណត់វិញ មិនមានគ្រោះថ្នាក់ទៅលើកូនយើងទេ ក៏ប៉ុន្តែការកកើតជាប្រព័ន្ធការពារអាចមិនសមស្របទៅតាមអ្វីដែលអ្នកវិទ្យាសាស្ត្រសិក្សា។ លោកស្រីវេជ្ជបណ្ឌិតថា ការពន្យារពេលចាក់វ៉ាក់សាំងយូរពេក ក៏ទាមទារឲ្យមានការចាក់ដូស្តថ្មីឡើងវិញដែរ។ ដូចនេះជម្រើសដែលល្អបំផុត បើគ្រូពេទ្យណាត់ថ្ងៃណា យើងគួរនាំកូនទៅចាក់វ៉ាក់សាំងថ្ងៃនោះ។
៤. ចាក់វ៉ាក់សាំងរួច ទាល់មានឡើងស្នាម ទើបបញ្ជាក់ថាមានប្រសិទ្ធភាពមែនទេ?
ចាក់វ៉ាក់សាំងមានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាព មិនមែនសម្គាល់លើស្នាមចាក់នោះទេ នេះការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ វ៉ាក់សាំងល្អ ចាក់ទៅមានប្រសិទ្ធភាព លុះណាតែវ៉ាក់សាំងមានគុណភាព ទុកដាក់នៅកន្លែងមានសុវត្ថិភាពត្រឹមត្រូវ ឯការចាក់នោះទៀតសោតឲ្យចំការកំណត់របស់គ្រូពេទ្យ។
៥. ហេតុអីក្រោយចាក់វ៉ាក់សាំងរួច កន្លែងចាក់ទៅជាដំបៅអាប់សែ?
លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ គុជ ឆោមដាលីន បានលើកឡើងថា អាប់សែ ជាការបង្ករោគ រលាកស្បែក ដែលបញ្ហានេះអាចបណ្តាលមកពីការចាក់មិនបានត្រឹមត្រូវ កង្វះអនាម័យ ចាក់ដោយមិនបានជូតសម្អាតស្បែកក្មេង ចាក់រួចយករបស់មិនស្អាតមកបិទនៅមុខរបួស ឬក៏ក្មេងអាលែកហ៊្សីទៅនឹងសារធាតុក្នុងវ៉ាក់សាំង។
៦. ធ្វើម៉េចថែកន្លែងចាក់វ៉ាក់សាំងកុំឲ្យក្លាយជាដំបៅខ្ទុះ ឬអាប់សែ?
– កុំឆាប់បកបង់បិទកន្លែងចាក់ថ្នាំ
– កុំយកដៃទៅស្ទាបអង្អែលកន្លែងចាក់ថ្នាំ
– ហាមយកប្រេងកូឡាទៅលាបកន្លែងចាក់ថ្នាំ
– ហាមយក ថ្ម បាយ ឬពងទាក្ដៅទៅស្អំកន្លែងចាក់ថ្នាំ
– បើកន្លែងចាក់ថ្នាំមានលេចចេញដូចពងបែក កុំច្របាច់ កុំជោះ ឬធ្វើអ្វីឲ្យបែកពងនោះឲ្យសោះ ព្រោះអាចឆ្លងមេរោគ។
[embed-health-tool-vaccination-tool]