មកដល់ថ្ងៃនេះ គ្នាយើងមួយចំនួនច្បាស់ជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើតអង់ទីករក្នុងរាងកាយ ប្រឆាំងនឹងវីរុសផ្លូវដង្ហើមសាហាវមួយនេះ។ យោងតាមក្រសួងសុខាភិបាល វ៉ាក់សាំងទាំង ៣ប្រភេទ ដែលមាននៅស្រុកខ្មែរយើង អាចចាក់បានតែមនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅប៉ុណ្ណោះ អ៊ីចឹងមានន័យថា ក្មេងអាយុក្រោម១៨ មិនអាចទទួលបានវ៉ាក់សាំងការពារសុខភាពពីជំងឺកូវីដ-១៩ បានទេ។
ទាក់ទងនឹងបញ្ហានេះ Unicef កម្ពុជា បានឲ្យដឹងថា យើងមិនទាន់មានទិន្នន័យនៅឡើយអំពីការប្រើប្រាស់វ៉ាក់សាំងសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ ដូច្នេះគេមិនទាន់ដឹងច្បាស់ទេថាតើវ៉ាក់សាំងទាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ពួកគេនោះ។ នឹងមានការធ្វើបច្ចុប្បន្នភាពការណែនាំបន្ថែមទៀតនៅពេលដែលមានភស្តុតាងបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ។
វ៉ាក់សាំងមួយចំនួនត្រូវបានគេផ្ដល់អនុសាសន៍ថាត្រូវប្រើប្រាស់សម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ប្រសិនបើយើង ឬសមាជិកគ្រួសារមានអាយុ ១៦ ឬ ១៧ ឆ្នាំ សូមសាកសួរអ្នកផ្ដល់សេវាថែទាំសុខភាព មុនពេលចាក់វ៉ាក់សាំង។
ហេតុអ្វីបានជាក្មេងៗ មិនត្រូវបានរាប់បញ្ចូលពេលតេស្តសាកល្បងវ៉ាក់សាំងកូវីដ-១៩ លើកដំបូង?
ដោយសារប្រព័ន្ធភាពស៊ាំរបស់ក្មេងៗ ខុសគ្នាឆ្ងាយពីមនុស្សពេញវ័យ ហើយប្រព័ន្ធភាពស៊ាំរបស់ក្មេងក៏ឆ្លើយនឹងការឆ្លង ការព្យាបាលខុសគ្នាអាស្រ័យទៅតាមអាយុរបស់ពួកគេ។ ខណៈ ពេលដែលក្មេងវ័យជំទង់ឆ្លើយនឹងការវ៉ាក់សាំងស្រដៀងគ្នានឹងមនុស្សពេញវ័យ ក៏ប៉ុន្តែ ក្មេងៗទើបចេះដើរ ឬទារកអាចមានប្រតិកម្មផ្សេងនឹងវ៉ាក់សាំងពីក្មេងវ័យជំទង់ និងមនុស្សពេញវ័យ។ ហេតុនេះហើយ ទើបវាសំខាន់ក្នុងការធ្វើតេស្ដសាកល្បងវ៉ាក់សាំងសម្រាប់កូនក្មេងផ្សេងពីមនុស្សធំ។
ហេតុនេះហើយ ម៉ាក់ប៉ា ឬអ្នកថែទាំកូនក្មេង គួរតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដោយការលាងដៃសម្អាតជាមួយសាប៊ូ ជែល ឬអាល់កុលលាងដៃ ការរក្សាគម្លាតពីអ្នកដទៃ ការពាក់ម៉ាស ដើម្បីចៀសវាងឆ្លងជំងឺកូវីដ-១៩ រហូតវ៉ាក់សាំងការពារសុវត្ថិភាពកូនក្មេងពីជំងឺនេះ ត្រូវបានរកឃើញ។
[embed-health-tool-vaccination-tool]