វ៉ាក់សាំង មិនថា បន្ដក់ ឬចាក់ទេ ប្រើសម្រាប់បង្ការជំងឺធ្ងន់ធ្ងរនានា តែពេលខ្លះ វាក៏មានផលប៉ះពាល់ដែរ ក្រោយទទួលវ៉ាក់សាំង។ បញ្ហានេះ ក្រុមប៉ាម៉ាក់មួយចំនួននៅថៃ បាននាំគ្នាដាក់ញត្តិតវ៉ា ដោយចោទថា វ៉ាក់សាំងរបស់រដ្ឋ ជាដើមហេតុធ្វើឲ្យកូនរបស់គេឈឺថ្កាត់។
លោក Supakit Sirilak រដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ បញ្ជាក់ថា វ៉ាក់សាំងដែលរដ្ឋាភិបាលផ្ដល់ដល់ទារកដោយមិនយកប្រាក់ ទំនងមិនធ្វើឲ្យពួកគេឈឺទេ តែវាអាចមានផលប៉ះពាលខ្លះដែរ។ ការបញ្ជាក់ដូច្នេះ ក្រោយក្រុមអាណាព្យាបាល ក្នុងខេត្ត Nonthaburi បានរិះគន់ក្រសួងសុខាភិបាលថៃ លើការឈឺរបស់កូនពួកគេ ក្រោយការទទួលវ៉ាក់សាំង។
ក្រុមអាណាព្យាបាលថា កូនរបស់ពួកគេ មានអាការៈខ្សោយសាច់ដុំជើងឆ្វេង ក្រោយទទួលការបន្តក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង និងការចាក់វ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ ក្អកមាន់ និងតេតាណុស នៅមន្ទីរពេទ្យខេត្ត។ ជាមួយគ្នានេះ ក៏មានករណី ទារក ៤នាក់ ស្លាប់នៅក្នុងស្រុក Lob Buri ក្រោយទទួលវ៉ាក់សាំង កាលពីខែមិថុនា កន្លងទៅ។
ពាក់ព័ន្ធករណីនេះ មន្រ្តីជាន់ខ្ពស់ថៃ បញ្ជាក់ថា ក្រសួងមិនបានបំភ្លេចទេ ប៉ុន្ដែលោកនឹងបញ្ជូនករណីនេះ ទៅគណៈកម្មាធិការពិសេស ដើម្បីពិនិត្យមើលលើបញ្ហាសាច់ដុំ និងផលប៉ះពាល់ទូទៅនៃវ៉ាក់សាំង។ លោកបន្ដថា វាតែងតែមាន ករណី១ ក្នុងចំណោម ៥លានករណី ដែលទារក អាចឈឺដោយសារការបន្ដក់វ៉ាក់សាំង ប៉ុន្ដែអត្ថប្រយោជន៍ មានទម្ងន់ជាងហានិភ័យ។
អត្ថបទពាក់ព័ន្ធ៖
- កូនក្មេងចាក់វ៉ាក់សាំងច្រើនមុខក្នុងពេលតែមួយ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទេ?
- ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?
លោកបន្ថែមថា ក្រសួងអាចពិចារណាឈប់ផ្ដល់វ៉ាក់សាំងគ្រុនស្វិតដៃជើង តាមរយៈការបន្ដក់ ដោយជំនួសវិញ តាមរយៈការចាក់ ព្រោះវាមានផលប៉ះពាលតិច តែមានតម្លៃថ្លៃ។ យោងតាមក្រសួង ទារក ៧០ម៉ឺននាក់/ឆ្នាំ ទទួលការបន្ដក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-vaccination-tool]