ការចាក់វ៉ាក់សាំងរបស់ទារកតាមគោលការណ៍ថ្នាក់ជាតិ គឺជារឿងសំខាន់បំផុតដែលម៉ាក់ប៉ាគួរតែយកចិត្តទុកដាក់។ មិនត្រឹមតែយកចិត្តទុកដាក់នាំទារកទៅចាក់វ៉ាក់សាំងនោះទេ ក្រោយចាក់រួចម៉ាក់ប៉ាក៏ត្រូវតែមើលថែកូនមួយកម្រិតទៀតដែរ ព្រោះពេលចាក់រួចប្រភេទវ៉ាក់សាំងខ្លះអាចធ្វើឲ្យកូនមានផលរំខានដូចជាក្ដៅខ្លួនជាដើម។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ៖
១- ទារកទើបកើត នឹងទទួលបានវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ និងវ៉ាក់សាំងការពារជំងឺរបេងភ្លាមៗ ហើយក្រោយពីចាក់រួចទារកអាចមានអាការក្ដៅខ្លួន ១-២ ថ្ងៃ។ ប៉ុន្មានថ្ងៃក្រោយមកទៀតកន្លែងចាក់វ៉ាក់សាំងនោះ អាចលេចចេញស្នាមក្រហម និងកន្ទួលផងដែរ។
២- ទារកអាយុ ១ ខែកន្លះ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង (បន្តក់) វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស រលាកថ្លើមប្រភេទបេ រលាកសួត-ស្រោមខួរ និងហ៊ីប និងវ៉ាក់សាំងការពារជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។ ក្រោយចាក់ ជាតិថ្នាំអាចធ្វើឲ្យទារកភាគច្រើនមានអាការៈក្ដៅខ្លួន ហើយគប្បីជូតខ្លួនកូននឹងទឹកក្ដៅឧណ្ហៗ និងឲ្យថ្នាំបញ្ចុះកម្ដៅតាមវេជ្ជបញ្ជា។
៣- ទារកអាយុ ២ ខែកន្លះ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺច្រើនមុខដូចកាល ១ ខែកន្លះដែរ ហើយផលរំខានរបស់ថ្នាំ គឺអាចបណ្ដាលឲ្យកូនក្ដៅខ្លួនយ៉ាងហោចណាស់ ១-៣ ថ្ងៃដែរ។
អត្ថបទពាក់ព័ន្ធ៖ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ?
៤- ទារកអាយុ ៣ ខែកន្លះ ក្រៅពីចាក់រម្លឹកនូវវ៉ាក់សាំងទាំងប៉ុន្មានមុខដូចកាល ២ ខែកន្លះហើយ ត្រូវបន្ថែមវ៉ាក់សាំងគ្រុនស្វិតដៃជើងប្រភេទចាក់ដល់កូនទៀតផង។ ចំពោះផលរំខានថ្នាំវិញ អាចនឹងក្ដៅខ្លួនដូចវ៉ាក់សាំងមុនៗដែរ។
៥- ទារកអាយុ ៩ ខែកន្លះ នឹងទទួលបានវ៉ាក់សាំងការពារជំងឺ ២ មុខ គឺវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលលើកទី១ និងជំងឺរលាកខួរក្បាលជេអ៊ី ហើយថ្នាំប្រភេទនេះភាគច្រើនមិនបណ្ដាលឲ្យកូនក្ដៅខ្លួនទេ។
៦- ទារកអាយុ ១៨ ខែ ជាការចាក់វ៉ាក់សាំងថ្នាក់ជាតិលើកចុងក្រោយ ហើយកូននឹងទទួលបានវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលលើកទី ២។ លើកនេះភាគច្រើនក្មេងគ្មានក្ដៅខ្លួនអ្វីនោះទេ។
សូមចំណាំថា ក្រោយវ៉ាក់សាំងទារកអាចមានលេចស្នាមដុំៗនៅត្រង់មុខរបួស ប៉ុន្តែម៉ាក់ៗគប្បីកុំយកដៃទៅស្ទាប ឬយកប្រេងកូឡាទៅលាបពីលើ ព្រោះនាំឲ្យមានបញ្ហាផ្សេងវិញទៀតដូចជា ប៉ោង ឬក្លាយមុខរបួសទៅជាខ្ទុះ។ ម៉្យាងទៀតប្រសិនបើកូនដល់ថ្ងៃណាត់ចាក់វ៉ាក់សាំង បែរជាគ្រុនក្ដៅ ត្រូវលើកពេលសិន រង់ចាំរហូតដល់ក្មេងបាត់គ្រុនក្ដៅសិន ទើបអាចចាក់ថ្នាំបង្ការបន្តទៀតបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]