ក្មេងៗវ៉ាកងមិនទាន់ចូលរៀន ធ្វើឲ្យប៉ាម៉ាក់ជាច្រើនគិតរកវិធី ធ្វើយ៉ាងម៉េចរករបស់លេងឲ្យកូនៗបានលេង។ ប៉ុន្តែមុនពេលទិញរបស់លេងអ្វីមួយឲ្យកូន ប៉ាម៉ាក់ត្រូវគិតជាមុនសិនថា កូនមានរបស់លេងច្រើនហើយឬនៅ? ប៉ាម៉ាក់ត្រូវដឹងថា ពេលក្មេងៗមានរបស់លេងច្រើន គឺមិនមានជួយអ្វីដល់ការវិវិត្តរបស់កូនឡើយ។
បើតាមអ្នកជំនាញផ្នែកអាកប្បកិរិយារបស់ក្មេង បានអះអាងថា ពេលក្មេងមានរបស់លេងច្រើនពេកនឹងធ្វើឲ្យរំខាន និងធ្វើឲ្យការផ្ចង់អារម្មណ៍របស់ក្មេងថយចុះ។ ការសិក្សាជាច្រើនបានលើកឡើងថា ក្មេងមានប្រដាប់ប្រដាក្មេងលេងច្រើនពេកអាចប៉ះពាល់ដល់ការផ្តោតអារម្មណ៍ ការច្នៃប្រឌិត ជំនាញក្នុងជីវិត ការទំនាក់ទំនងសង្គម ភាពស្រមើលស្រមៃ សុខភាពផ្លូវចិត្ត និងស្មារតីក្រុមរបស់ក្មេង។ ដូចនេះប៉ាម៉ាក់ត្រូវគិតឲ្យច្បាស់ថា តើចាំបាច់ត្រូវទិញរបស់លេងឲ្យកូនថែមទៀតឬអត់? ហើយបើចាំបាច់ត្រូវទិញ តើត្រូវទិញប៉ុន្មាន?
១- តើប្រដាប់លេងក្មេងលេងប៉ុន្មានទើបហៅថា “ច្រើនពេក”?
នៅសម័យនេះ ក្មេងៗមិនមែនមានប្រដាប់លេងមួយ ឬពីរទេ គឺមានប្រដាប់លេងយ៉ាងច្រើន ហើយដោយសារច្រើនពេកហ្នឹងហើយ ទើបក្លាយជាបញ្ហា។ ពេលខ្លះប៉ាម៉ាក់ជាអ្នកទទួលខុសត្រូវ ចំពោះបញ្ហាកូនៗមានប្រដាប់លេងច្រើនពេក។ ពេលយើងទិញប្រដាប់លេងឲ្យកូនច្រើនពេក គឺមិនបានជួយអ្វីដល់គាត់ឡើយ មានតែធ្វើឲ្យកូនកាន់តែទារទិញថែមទៀត។
តាំងពីដើមមក មិនមានការណែនាំឲ្យប៉ាម៉ាក់ ទិញប្រដាប់លេងឲ្យកូនច្រើនពេកឡើយ។ ដោយសារតែមានការគិតបែបនេះហើយ បានជាតាមកន្លែងមើលថែក្មេងជាច្រើន នៅជុំវិញពិភពលោក ចេញច្បាប់មិនឲ្យមានប្រដាប់លេង នៅតាមកន្លែងរបស់ពួកគេ ចាប់ពីឆ្នាំ ១៩៩២ មក។ មានការសិក្សាមួយ នៅ University of Toledo ក្នុងសហរដ្ឋអាមេរិក បានលើកឡើងថា ពេលក្មេងៗលេងជាមួយប្រដាប់ប្រដាលេងច្រើនពេក ធ្វើឲ្យគំនិតច្នៃប្រឌិតរបស់ក្មេងថយចុះ ហើយផ្ទុយមកវិញ បើពួកគេមានរបស់លេងតិច ធ្វើឲ្យការលូតលាស់របស់ក្មេងកាន់តែមានប្រសិទ្ធភាព។
តាមក្បួនមេដៃ យើងអាចឱ្យកូនជ្រើសរើសប្រដាប់ប្រដាលេងពីរបី ដែលយើងគិតថាជួយដល់ការអភិវឌ្ឍផ្សេងៗរបស់កូន។ ប្រដាប់លេងទាំងនោះ អាចជារបស់ដែលលើកទឹកចិត្តដល់បង្កើនទម្លាប់ការអាន (ផ្គុំរូប) ជំនាញតន្រ្តី (ឧបករណ៍ក្នុងថ្នាក់) បង្កើនការស្រមើលស្រមៃ និងការច្នៃប្រឌិតរបស់ពួកគេ (សិល្បៈ) ជំនាញដោះស្រាយបញ្ហា (ផ្គុំអក្សរ) ជំរុញសកម្មភាពរាងកាយ ( សាងសង់អគារ) ។ ល។
២- ហេតុអ្វីបានជាប៉ាម៉ាក់ចេះតែចង់ទិញប្រដាប់លេង ឲ្យកូនៗរបស់គាត់?
ក្មេងៗមិនអាចទិញប្រដាប់លេងដោយខ្លួនឯងបានទេ។ ដូច្នេះប៉ាម៉ាក់ គឺជាអ្នកទម្លាប់ទិញរបស់លេងតាមតែចិត្ដដែលកូនៗចង់បាន។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ធ្វើឲ្យប៉ាម៉ាក់ចេះតែចង់ទិញរបស់លេងឲ្យកូនៗ៖
- ប៉ាម៉ាក់ខ្លះ គិតថាកូនខ្លួននឹងមិនឆ្លាត ចាញ់គេ បើមិនមានប្រដាប់លេងចេញថ្មីៗទេនោះ។ ដោយសារប៉ាម៉ាក់ចង់ផ្ដល់អ្វីគ្រប់យ៉ាងឲ្យកូនបែបនេះ ទើបបានជាទិញរបស់ថ្មីៗឲ្យកូនជានិច្ច។
- មានប៉ាម៉ាក់ខ្លះទៀត ដោយសារតែឃើញគេផ្សាយពាណិជ្ជកម្ម មើលទៅទំនង ចេះតែចង់បានរបស់នោះមកឲ្យកូនខ្លួនឯងមួយដែរ។
- ប៉ាម៉ាក់ខ្លះរវល់ខ្លាំងពេក ទើបទិញរបស់លេងមកលួងកូន
- ប៉ាម៉ាក់ខ្លះធ្វើតាមចិត្ដរបស់កូន កូនចង់បានអ្វីទិញហ្នឹងឲ្យ ហើយកាន់តែអាក្រក់ទៀតនោះគឺ យករបស់លេងមកធ្វើជារង្វាន់លើកទឹកចិត្ដ ពេលកូនធ្វើអ្វីសម្រេចបានមួយ។
- មានប៉ាម៉ាកខ្លះទៀត ជាមនុស្សសម្ភារៈនិយម ទិញរបស់លេងគ្រប់បែបយ៉ាងឲ្យកូន។
៣- ហេតុអ្វីបានជាយើងមិនគួរទិញរបស់លេងឲ្យក្មេងច្រើនពេក?
ធ្វើជាប៉ាម៉ាក់គេ ត្រូវដឹងថា ទិញរបស់លេងឲ្យកូនច្រើនពេក គឺមិនល្អសម្រាប់កូនទេ។ ពេលក្មេងមានរបស់លេងច្រើនពេក វាធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូន ហើយបើកូនមានរបស់លេងតិចតួច គឺជួយកូនបានច្រើនជាង។ ខាងក្រោមនេះគឺជាមូលេហតុ ដែលយើងមិនត្រូវទិញរបស់លេងឲ្យកូនច្រើនពេក៖
- របស់លេងដូចជាគ្រឿងញៀនអ៊ីចឹង បើកូនលេងវាច្រើនពេក មិនធ្វើឲ្យកូនលូតលាស់ល្អឡើយ
- បើយើងនៅតែទិញរបស់គ្រប់យ៉ាង តាមតែចិត្ដកូនចង់បាន ថ្ងៃក្រោយកូននៅតែដដែល គឺទាររបស់គ្រប់យ៉ាង
- បើយើងនៅតែទិញរបស់គ្រប់យ៉ាង តាមតែចិត្ដកូនចង់បាន នោះកូនមិនឲ្យតម្លៃលើរបស់លេងមួយនោះឡើយ។ ក្មេងៗមិនឲ្យតម្លៃលើរបស់ដែលបានមកដោយងាយៗបែបនេះទេ។
- បើកូនមានរបស់លេងច្រើនរួចហើយ ចាំបាច់ចំណាយលុយទិញថែមទៀតធ្វើអី ព្រោះកូនក៏មិនសូវឲ្យតម្លៃលើរបស់នោះដែរ
- បើកូនមានរបស់លេងច្រើនពេក កូនច្បាស់ជាប្ដូរអារម្មណ៍ពីមួយទៅមួយទៀតមិនអាចផ្ដោតអារម្មណ៍លើរបស់អ្វីមួយឲ្យល្អឡើយ។ ការមានប្រដាប់លេងច្រើនពេក ធ្វើឲ្យក្មេងងាយបាត់ការផ្ដោតអារម្មណ៍ពេលធំឡើង។
- ក្មេងមានរបស់លេងតិច ញ៉ាំបាយបានច្រើននៅផ្ទះ។ បើចង់ឲ្យកូនញ៉ាំអាហារ ដោយយករបស់លេង មកធ្វើជារង្វាន់ នោះកូនកាន់តែលែងចង់ញ៉ាំ។
- ទិញរបស់លេងឲ្យក្មេងច្រើនពេក ធ្វើឲ្យគំនិតច្នៃប្រឌិត និងការស្រមើរស្រម៉ៃរបស់កូនធ្លាក់ចុះ ដោយសារមិនសូវបានគិត រកអ្វីថ្មីមកលេងដោយខ្លួនឯងបានឡើយ។
- ក្មេងមានរបស់លេងតិច មានទំនាក់ទំនងជាមួយសង្គមខាងក្រៅបានល្អពេលធំឡើង ដោយសារតែក្មេងមានពេលទំនេរច្រើន អាចសង្កេតមើលសង្គមខាងក្រៅ និងមានទំនាក់ទំនងជាមួយក្រុមគ្រួសារបានច្រើនជាង។
- ក្មេងមានរបស់លេងតិច ចេះថែរក្សារបស់កម្មសិទ្ធខ្លួនបានល្អជាងក្មេងមានរបស់លេងច្រើន ដោយសារតែមិនសូវមានរបស់លេងច្រើន ទើបកូនឲ្យតម្លៃរបស់លេងខ្ពស់ និងមិនចង់បាត់បង់។
- ក្មេងមិនសូវមានរបស់លេង ចូលចិត្ដអានអក្សរ សរសេរអក្សរ ចូលចិត្ដសិល្បៈ និងសកម្មភាពផ្សេងៗទៀត ដែលសកម្មភាពទាំងអស់នេះ ជួយឲ្យក្មេងចេះឲ្យតម្លៃលើរបស់ជុំវិញខ្លួន មានមនោសញ្ចេតនា ប្រាស្រ័យទាក់ទង ការសន្ទនា និងមានភាពជិតស្និទ្ធជាមួយអ្វីមានជុំវិញខ្លួន។
- ក្មេងមានរបស់លេងតិច មានគំនិតច្នៃប្រឌិតច្រើនពេលចង់ធ្វើអ្វីមួយ។
- បើយើងគិតថា មានរបស់លេងច្រើន ធ្វើឲ្យកូនៗមិនឈ្លោះគ្នា នោះយើងគិតខុសហើយ។ កាលណាមានរបស់លេងកាន់តែច្រើន ក្មេងៗមានគំនិតកាងរបស់ខ្លួន អ្វីៗជារបស់គេ មានគំនិតអត្មានិយម និងចរិកមិនល្អ ដែលអាកប្បកិរិយាទាំងនេះ គឺមិនល្អសម្រាប់ការងារជាក្រុម ជាពិសេសពេលកូនធំ។
- ក្មេងមានរបស់លេងតិច រៀបចំបន្ទប់បានស្អាតជាង ហើយការរស់នៅមានសណ្ដាប់ធ្នាប់បែបនេះ គឺជារឿងសំខាន់សម្រាប់ក្មេង ពេលធំ។
- ក្មេងមានរបស់លេងតិច ចំណាយពេលលេងខាងក្រៅផ្ទះច្រើន និងធ្វើសកម្មភាពដងខ្លួនគាត់ច្រើន ដែលនឹងជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ដរបស់ក្មេងទៅថ្ងៃខាងមុខ។
[embed-health-tool-vaccination-tool]