ជំងឺមួយ កាលណាប៉ះពាល់ដល់ខួរក្បាលហើយ វាអាចបង្កផលពិបាកសុខភាពច្រើន ឬអាចប៉ះពាល់ដល់ជីវិតរបស់អ្នកជំងឺតែម្ដង។ ជំងឺខួរក្បាលមួយប្រភេទកើតឡើងលើអាអូនតូចៗ ហើយអាចបង្កគ្រោះថ្នាក់ដល់ជីវិតក្មេង នោះគឺជំងឺរលាកខួរក្បាល ជេអ៊ី។
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ ឲ្យដឹងថា ជំងឺរលាកខួរក្បាល ជេអ៊ី ជាការប៉ះពាល់ដល់ខួរក្បាលដែលអាចឲ្យកុមារពិការអវៈយវៈ បញ្ញា ស្មារតី ឬស្លាប់បាន។ ស្របគ្នានេះដែរ លោកស្រីបានស្រាយចម្ងល់មួយចំនួនអំពីជំងឺរលាកខួរក្បាលជេអ៊ី នៅលើក្មេងៗ។
១. តើជំងឺរលាកខួរក្បាលជេអ៊ីឆ្លងតាមរបៀបណា? ជំងឺរលាកខួរក្បាលជេអ៊ី ចម្លងដោយមូសគុយឡិច ពីសត្វស្លាបទឹក ឬសត្វជ្រូកមកមនុស្ស។
២. តើជំងឺរលាកខួរក្បាលជេអ៊ីមានអាការៈយ៉ាងម៉េចខ្លះ? អ្នកកើតជំងឺរលាកខួរក្បាលជេអ៊ី មានអាការៈដូចជា៖
- គ្រុនក្ដៅខ្លាំង
- ឈឺក្បាល
- ក្អួត
- រឹងក
- ប្រកាច់
- សន្លឹម វង្វេងស្មារតី
- សន្លប់។ល។
៣. តើជំងឺរលាកខួរក្បាលជេអ៊ី ផ្ដល់ផលវិបាកអ្វីខ្លះ? បើឈឺជំងឺនេះ វាផ្ដល់ផលវិបាកច្រើន រហូតធ្ងន់ធ្ងរដល់សុខភាពអ្នកជំងឺដូចជា៖
- ពិការភាព (ទន់ដៃ-ជើង គរ ថ្លង់)
- ជំងឺអេពីឡិបសុី ឬឆ្កួតជ្រូក
- បញ្ញាស្មារតីយឺត
- ស្លាប់ (១០-២៥%)
៤.ក្រោយកើតជំងឺរលាកខួរក្បាលជេអ៊ី អាចព្យាបាលវាបានដោយវិធីណា? ចំពោះជំងឺនេះ នៅមិនទាន់មានថ្នាំព្យាបាលឲ្យជាសះស្បើយនៅឡើយទេ។
វេជ្ជបណ្ឌិតឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំងរូបនេះបញ្ជាក់ថា ទោះជំងឺរលាកខួរក្បាលជេអ៊ីនេះ មិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែជំងឺអាចការពារបានដោយការពារខ្លួនមិនឲ្យមូសខាំ បូករួមនឹងការចាក់វ៉ាក់សាំងជេអ៊ី។ សម្រាប់វ៉ាក់សាំងការពារជំងឺរលាកខួរក្បាលជេអ៊ីនេះ អាអូនមានអាយុចាប់៩ខែឡើង អាចចាក់ការពារខ្លួនបានហើយ។
[embed-health-tool-vaccination-tool]