កាលណាយើងវ៉ាស់កម្តៅក្នុងខ្លួនក្មេង ដោយទែរម៉ូម៉ែតឃើញលើសពី ៣៨ អង្សារសេ នោះចាត់ទុកថា ក្មេងក្តៅខ្លួនហើយ។ ក្មេងក្តៅខ្លួនអាចគ្រោះថ្នាក់ទេ? ហើយករណីណាខ្លះត្រូវនាំកូនទៅជួបគ្រូពេទ្យ?
តាមរយៈការជួបសម្ភាសន៍ជាមួយអនុប្រធានមន្ទីរពេទ្យ គន្ធបុប្ផា វេជ្ជបណ្ឌិត ហេង សុទ្ធី លោកបានពន្យល់ថា អាការៈក្តៅខ្លួនជាការឆ្លើយតបរបស់សរីរាង្គយើងទល់នឹងមេរោគ។ ក្នុងនោះក្តៅខ្លួន ជាសញ្ញាសំខាន់នៃជំងឺស្រាលៗមួយចំនួន ដែលច្រើនកើតលើក្មេងតូចៗ ដូចជាវីរុស ជាដើម ហើយមិនបង្កឲ្យកុមារឈឺធ្ងន់ឡើយ បើទោះវាបណ្តាលឲ្យកុមារក្តៅខ្លួនខ្លាំងក៏ដោយ។
ផ្ទុយទៅវិញ មានករណីខ្លះអការៈក្តៅខ្លួនបណ្តាលមកពីបាក់តេរី ដែលឲ្យក្លាយរោគទៅជាធ្ងន់បាន ដូចជារលាកស្រោមខួរ រលាកផ្លូវតម្រងនោម មានបាក់តេរីក្នុងឈាមជាដើម តែករណីបែបនេះ កុមារច្រើនតែក្តៅខ្លួនយូរ និងរួមផ្សំនឹងសញ្ញានៃជំងឺផ្សេងៗទៀត។
មិនថា អាការៈធ្ងន់ ឬស្រាលនោះទេ ឲ្យតែកូនក្តៅខ្លួនម៉ាក់ប៉ាតែងតែបារម្ភ តែលោកវេជ្ជបណ្ឌិតថា ក្មេងក្តៅខ្លួនក្នុងកម្រិតស្រាល ជាទូទៅកម្តៅនឹងថយចុះ និងបាត់ទៅវិញមិនយូរឡើយ។ ចុះពេលណាឪពុកម្តាយត្រូវនាំកូនទៅជួបពេទ្យពេលកូនក្តៅខ្លួន? លោកវេជ្ជបណ្ឌិតឆ្លើយតបថា៖
-ទារកអាយុតិចជាង ៣ខែ ដែលត្រូវតែស្វែងរកជំងឺផ្សេងៗរបស់វា ជាពិសេសជំងឺមកពីបាក់តេរី ដែលត្រូវព្យាបាលច្បាស់លាស់។
-កុមារមានកម្តៅលើសពី៤០អង្សារសេ និងក្នុងករណីកុមារមិនធន់បាននឹងកម្តៅខ្លាំង ដូចជាអស់កម្លាំងខ្លាំង សន្លឹម មិនញ៉ាំអាហារ ឬប្រកាច់។ល។ តែកុមារភាគច្រើនអាចទ្រាំទ្រនឹងកម្តៅខ្លាំងបាន
-ពេលកុមារក្តៅខ្លួនលើសពី៣ថ្ងៃ។
ក្នុងនោះលោកវេជ្ជបណ្ឌិតបានណែនាំនូវសកម្មភាពមួយចំនួនដែលម៉ាក់ប៉ាត្រូវធ្វើពេលកូនក្តៅខ្លួន ដើម្បីឲ្យកម្តៅឆាប់ថយចុះមកធម្មតាវិញ។
-ស្រឡាបទឹក ឬជូតនឹងកន្សែងសើម និងដោះសម្លៀកបំពាក់កុមារ ដើម្បីឲ្យត្រូវខ្យល់ក្នុងបរិយាកាស។
-កម្ដៅលើសពី៣៨កន្លះ ទើបឲ្យថ្នាំបញ្ចុះកម្តៅ រាល់ ៦ម៉ោងម្តង។
-មិនត្រូវរុំ ឬដណ្តប់ភួយពេលកុមារក្តៅខ្លួនឡើយ។
-ព្យាយាមឲ្យកុមារញ៉ាំទឹកឲ្យច្រើន ឬក៏ញ៉ាំចំណីធម្មតា
-ការដាក់សេរ៉ូម មិនមែនសម្រាប់បន្ថយកម្តៅឡើយ គឺពេទ្យអាចប្រើលុះណាតែក្មេងញ៉ាំពុំបាន។
-កុំប្រើថ្នាំផ្សះដោយខ្លួនឯង។
[embed-health-tool-vaccination-tool]