ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
បើយើងនិយាយពីរឿងក្អកវិញ ឃើញថាកូនតូចៗតូចរបស់យើងកើតអាការៈក្អកនេះច្រើន ហើយខ្លះមានក្អកស្ងួត និងក្អកមកមានស្លេស្ម។ បើកូនយើងក្អកស្លេស្ម មានវិធីណាដែលអាចឲ្យម៉ាក់ប៉ាជួយសម្រួលដល់អាការៈកូនទេ?
ហេតុអ្វីបានកូនក្អកមានស្លេស្ម?
ឆ្លើយតបនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត សូរ ប៉េង ឯកទេសរោគកុមារ នៃគ្លីនិកកុមារ មុនីឃីត បកស្រាយឲ្យដឹងថា មូលហេតុដែលធ្វើឲ្យមនុស្សយើងក្អកមានច្រើនដូចបញ្ហានៅក្នុងច្រមុះ បំពង់ក ឬប្រតិកម្មនឹងអាកាសធាតុជាដើម។ គ្នាយើងមួយចំនួនយល់ខុសថា ក្អកបណ្ដាលឲ្យមានស្លេស្ម ប៉ុន្តែមិនមែនទេ ស្លេស្មឯណោះទេដែលបណ្ដាលឲ្យយើងក្អកមិនថាលើមនុស្សចាស់ ឬក្មេងទេ។
“ឧទាហរណ៍ថា អាអូនផ្ដាសាយហៀរសំបោរ អ៊ីចឹងនៅក្នុងច្រមុះកូនមានសំបោរ ហើយវាអាចហូរទៅដក់នៅក្នុងបំពង់ខ្យល់បង្កជាស្លេស្មបាន ចំពោះក្មេងតូចៗ ជាពិសេសនៅពេលដែលគាត់គេង”។
លោកបន្តថា នៅពេលដែលកូនក្អកម្ដងៗ ម៉ាក់ប៉ាភាគច្រើនតែងទិញថ្នាំបំបាត់ក្អកឲ្យកូនញ៉ាំ ដែលជាហេតុអាចបង្កទៅជាបញ្ហាផ្សេងទៀត។ កាលណាបើកូនក្អកមានស្លេស្ម ហើយយើងមិនបំបាត់ស្លេស្មបែរជាបំបាត់ក្អក ដូចយើងទុកឱកាសឲ្យស្លេស្មចូលទៅក្នុងសួតកូនអ៊ីចឹងដែរ។
ចុះយើងអាចជួយបំបាត់ស្លេស្មបានអត់? ដោយរបៀបណា?
វេជ្ជបណ្ឌិតឯកទេសជំងឺក្មេងរូបនេះបន្តថា បើយើងចង់បំបាត់ស្លេស្មអាអូន យើងត្រូវរកមូលហេតុបង្កឲ្យច្បាស់ជាមុនសិនថាតើ វាបង្កឡើងដោយការរលាក អាលែកហ្សី ឬមកពីអ្វីមួយផ្សេង។ បន្ទាប់មក គ្រូពេទ្យនឹងព្យាបាលទៅតាមមូលហេតុនីមួយៗ។
ចំណែកឯវិធីដែលល្អបំផុតក្នុងការបំបាត់ស្លេស្ម ឬសម្បោរ គឺការលាងច្រមុះ។ ម៉ាក់ប៉ាទាំងអស់គួរតែចេះវិធីលាងសម្អាតច្រមុះកូនដោយទឹកសេរ៉ូមប្រៃ ដើម្បីជួយកម្ចាត់សម្បោរដែលមានក្នុងច្រមុះកូន ឬបើពិបាក មិនចេះលាងសម្អាតអាចយកកូនទៅជួបជាមួយគ្រូពេទ្យដើម្បីលាងឲ្យ។
[embed-health-tool-vaccination-tool]