កូនប្រកាច់ដោយសារក្ដៅខ្លួន ជាស្ថានភាពដែលកើតឡើងនៅពេលកូនចាប់ក្តៅខ្លួនខ្លាំងភ្លាមៗ ពេលខ្លះប៉ាម៉ាក់មិនអាចដឹងថាកូនក្តៅខ្លួនទៀតផងដោយសារសីតុណ្ហភាពក្នុងខ្លួនកូនកើនឡើងរហ័សពេក។ បន្ទាប់ពីក្តៅខ្លួនដល់កម្រិតមួយហើយ កូនយើងក៏ឈប់ប្រកាច់ភ្លាមដែរ។ ភាគច្រើនក្មេងដែលប្រកាច់តែងក្តៅខ្លួនដល់ទៅ ៣៩ អង្សាសេ ។
ការប្រកាច់ដែលមានមូលហេតុទាក់ទងនឹងការក្តៅខ្លួនមាន៖
- ប្រកាច់ក្នុងកំឡុងពេល ២៤ម៉ោង
- រយៈពេលប្រកាច់តិចជាង ១៥នាទី
- ប្រកាច់ទូទាំងដងខ្លួន មិនមែនតែមួយចំហៀង
- ក្មេងអាយុចន្លោះពី ៦ខែ ទៅ ៥ឆ្នាំ
- ក្មេងមិនមានបញ្ហាប្រព័ន្ធប្រសាទ
- ក្មេងធ្លាប់ប្រកាច់ដោយសារក្តៅខ្លួនពីមុនមក។
យើងជាប៉ាម៉ាក់ប្រាកដជាភ័យខ្លាចពេលឃើញកូនមានស្ថានភាពនេះ តែថាអាការៈនេះមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន និងមិនធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល បញ្ញារបស់កូននោះទេ។
យើងទំនងជាអាចនិយាយបានថាក្មេង ២ភាគរយ ទៅ៥ភាគរយ នៃក្មេងទាំងអស់ អាចមានបញ្ហាក្តៅខ្លួនប្រកាច់បែបនេះ ក្រៅពីនោះក្មេងអាចប្រកាច់ដោយសារបញ្ហាផ្សេងៗទៀត។ អាការៈក្ដៅខ្លួននេះ ក៏អាចរើឡើងម្តងទៀតអាស្រ័យលើអាយុរបស់ក្មេងដែរ តែប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ ក្មេងអាចជួបបញ្ហាក្តៅខ្លួនប្រកាច់បែបនេះម្តងទៀតបាន។ ជាការល្អប៉ាម៉ាក់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យបើកូនមានបញ្ហាបែបនេះ។
១. តើមានរោគសញ្ញាអ្វីខ្លះ?
ចំពោះការក្តៅខ្លួនប្រកាច់ធម្មតាមានរយៈពេលតែ ២ទៅ៣នាទី ទេតែក្នុងករណីកម្រខ្លះអាចឈានដល់ទៅ ១៥នាទី ។ ពេលប្រកាច់ក្មេងនឹងប្រកាច់មួយតួរខ្លួនតែម្តង ញាក់កន្ត្រាក់ រមួលខ្លួន ក្រឡាប់ភ្នែក ហើយអាចឈានដល់សន្លប់ជាដើម។ ក្មេងខ្លះក្អួតបណ្តើរ នោមបណ្តើរពេលប្រកាច់ទៀតផង។
ឯការប្រកាច់ធ្ងន់ធ្ងរជាងនេះវិញមានរយៈពេលដល់ទៅ ១៥នាទី និងអាចកើតឡើងលើសពីម្តងក្នុងមួយថ្ងៃ។ ក្មេងអាចប្រកាច់ដៃប្រកាច់ជើង ឬកន្ទ្រាក់តែមួយចំហៀងខ្លួន។ ក្មេងនឹងឈប់ប្រកាច់ដោយខ្លួនឯងតែនៅតែក្តៅខ្លួនតទៀត។ ក្មេងខ្លះវិញងងុយដេកបន្ទាប់ពីនោះ តែខ្លះវិញមិនមានផលរំខានអ្វីទេ។ ក៏នៅមានសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់នៅខាងលើ វិធីដែលល្អគឺត្រូវជួបពិភាក្សារជាមួយគ្រូពេទ្យចំពោះបញ្ហានេះ។
២. តើគួរទៅជួបពេទ្យនៅពេលណា?
យើងត្រូវបញ្ជូនកូនទៅពេទ្យជាបន្ទាន់បើសិនជា៖
- កូនឈប់ដកដង្ហើមវែងជាង ១៥ទៅ២០វិនាទី ឬក៏ពិបាកដកដង្ហើម
- បើកូនប្រកាច់លើសពី ៣នាទី ឬក៏រើប្រកាច់ជាលើកទី២
- ប្រកាច់រួមជាមួយ ក្តៅខ្លួន ក្អួត ឈឺក្បាលខ្លាំង ងងុយដេក មិនមានស្មារតី រួយ ក ឬលេចឡើងកន្លែងពយទន់មួយចំលើក្បាល។
យើងក៏គួរពិគ្រោះជាមួយគ្រូពេទ្យបើ៖
- កូនប្រកាច់ជាលើកទីមួយ ឬយើងពុំទាន់បានសួរពេទ្យថាគួរធ្វើដូចម្តេចបើវាកើតឡើងម្តងទៀត។
- ក្មេងមានអាយុតិចជាង ៦ខែឬអាយុ ៥ឆ្នាំឬលើសពីនេះ។
- ប្រកាច់តែមួយចំហៀងខ្លួន
- ប្រកាច់តែមិនក្តៅខ្លួន។
៣. តើមានវិធីសង្គ្រោះបឋមទេ?
យើងអាចអនុវត្តវិធីខាងក្រោមនេះដើម្បីការពារកូនពីគ្រោះថ្នាក់ពេលប្រកាច់៖
- ដាក់កូនដេកលើឥដ្ឋ ហើយបើកូនតូចសូមបីកូនផ្កាប់លើភ្លៅ។ សូមកុំរឹតកូនឲ្យសោះ។
- បែរកូនទៅម្ខាងដើម្បីឲ្យហៀរកម្អែរនិងទឹកមាត់ចេញ និងកុំឲ្យអណ្តាតបាំងផ្លូវដង្ហើម។ ដាក់ក្បាលនិងចង្កាទៅមុខ (កាយវិការដូចកំពុងឳនហិតផ្កា) បែបនេះទើបក្មេងមានផ្លូវដកដង្ហើម។
- ដោះសំលៀកបំពាក់ក្មេងចេញ។
- សូមកុំដាក់អ្វីចូលក្នុងមាត់ដើម្បីកុំឲ្យខាំអណ្តាតឲ្យសោះព្រោះវាអាចបង្កគ្រោះថ្នាក់បាន។
- សូមព្យាយាមសម្រួលអារម្មណ៍ខ្លួនឯងដើម្បីឲ្យក្មេងងាយស្រួលអារម្មណ៍ដែរ។ លួងកូនដោយស្ងប់ស្ងាត់ និយាយមួយៗ។
- ផ្ទៀងមើលរយៈពេលនៃការប្រកាច់និងតាមដានអាកប្បកិរិយាក្មេងពេលកំពុងប្រកាច់នោះដើម្បីងាយស្រួលប្រាប់គ្រូពេទ្យ។
បន្ទាប់ពីប្រកាច់រួច សូមពិនិត្យមើលកូន៖
- បើកូនពិបាកដកដង្ហើម សូមបែរក្បាលកូនទៅម្ខាង ប្រើម្រាមដៃខ្វិះមាត់កូនថ្នមៗខ្លាចមានកម្អែរឬទឹកមាត់បាំងផ្លូវដង្ហើម។
- បើមើលទៅកូនមិនចាំបាច់នាំទៅពេទ្យទេ ត្រូវដាក់ឲ្យកូនគេងក្នុងបន្ទប់ត្រជាក់ភ្លាម។ សញ្ញាងុយគេងគឺជារឿងធម្មតាដែលកើតឡើងក្រោយពេលប្រកាច់ តែកុំភ្លេចចំណាំមើលកូនផង កូនគួរតែមានសកម្មភាពសកម្មធម្មតាវិញ ១ម៉ោង ក្រោយពេលប្រកាច់។
- បើកូនយើងធ្លាប់កើតវាពីមុនមកហើយៗ យើងក៏បានទៅពិគ្រោះជាមួយគ្រូពេទ្យទៀត សូមធ្វើតាមការណែនាំរបស់គ្រួពេទ្យឲ្យបានត្រឹមត្រូវ។
[embed-health-tool-vaccination-tool]