មហារីកឈាមជាប្រភេទជំងឺធ្វើឲ្យក្មេងស្លេកស្លាំង ដោយសារចំនួនកោសិកាគ្រាប់ឈាមសផលិតនៅក្នុងខួរឆ្អឹងមានភាពមិនប្រក្រតី ហើយអាចកើតឡើងលើក្មេងគ្រប់វ័យ ដោយមិនប្រកាន់អាយុ ឬភេទនោះទេ។ ចំពោះមូលហេតុពិតប្រាកដនាំឲ្យក្មេងកើតជំងឺនេះមិនទាន់ច្បាស់នៅឡើយទេ នេះជាការលើកឡើងរបស់ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល។
លោកវេជ្ជបណ្ឌិតបានបន្តថា ថ្វីបើមកដល់បច្ចុប្បន្ននេះយើងមិនទាន់ដឹងពីមូលហេតុនាំឲ្យក្មេងជំងឺមហារីកឈាមក៏ពិតមែន តែមានកត្តាប្រឈមមួយចំនួន ដូចជា បម្រែបម្រួលហ្សែន បរិស្ថានរស់នៅដែលមានជាតិពុលច្រើន ការប្រើថ្នាំមួយចំនួន និងការប្រឈមជាមួយសារធាតុគីមីជាដើម។
“នេះគ្រាន់តែជាកត្តាប្រឈមវាអាចភ្ញោច ឬជំរុញឲ្យក្មេងកើតជំងឺមហារីកឈាម តែមិនមែនមានន័យថា ឲ្យតែក្មេងប្រឈមបញ្ហាទាំងអស់ហ្នឹង កើតមហារីកឈាមទាំងអស់នោះទេ ព្រោះទាំងនោះគ្រាន់តែជាកត្តាប្រឈម មិនមែនមូលហេតុនាំឲ្យកើតមហារីកឈាមទេ”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
លោកវេជ្ជបណ្ឌិតថា ជំងឺមហារីកឈាមលើក្មេងមានច្រើនប្រភេទ ដែលប្រភេទខ្លះងាយស្រួលក្នុងការព្យាបាល ខណៈការព្យាបាលទៀតសោតទៅតាមកម្រិត ដូចជា ស្រាល មធ្យម និងធ្ងន់។ ក្នុងករណីក្មេងកើតជំងឺមហារីកឈាមក្នុងកម្រិតធ្ងន់ធ្ងរមិនអាចព្យាបាលជានោះទេ ឯកម្រិតខ្លះអាចព្យាបាលបាន តែក្មេងប្រឈមនឹងការលាប់ឡើងវិញក្រោយពីព្យាបាលជា។
[embed-health-tool-vaccination-tool]