ជារឿយៗ បញ្ហាហើមពោះកើតឡើងលើទារកដោយសារប្រព័ន្ធរំលាយអាហាររបស់អាអូននៅខ្ចី និងលេបខ្យល់ចូលទៅក្នុងពោះបៅដោះម្ដាយ ឬទឹកដោះគោ។ ចំណែកឯក្មេងខ្លះ អាចហើមពោះដោយសារផលរំខានពីអាហារដែលម៉ាក់ៗញ៉ាំ ឬគ្រឿងផ្សំក្នុងម្សៅទឹកដោះគោមួយចំនួន។
និយាយដល់បញ្ហាហើមពោះលើទារកនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានពន្យល់ឲ្យដឹងថា ម៉ាក់ប៉ាភាគច្រើន តែងតែមានការព្រួយបារម្ភពេលឃើញកូនតូចរបស់ខ្លួនមានបញ្ហាហើមពោះ។ ប៉ុន្តែ ការហើមពោះទាំងអស់មិនមែនសុទ្ធតែបង្កគ្រោះថ្នាក់ដល់សុខភាពកូនទេ។
ហេតុនេះទើបវេជ្ជបណ្ឌិតមានសញ្ញាប័ត្រពីបារាំងរូបនេះ បានណែនាំពីសញ្ញាមិនគ្រោះថ្នាក់ និងសញ្ញាអាសន្នទាក់ទងនឹងបញ្ហាហើមពោះលើទារកខ្លះៗ ដើម្បីជួយសម្រួលដល់ការបារម្ភរបស់ម៉ាក់ប៉ាគ្រប់រូបដែលមានកូនតូចដូចជា៖
១.សញ្ញានៃការហើមពោះមិនបង្កបញ្ហា
- តាមពិតទៅ ទារកពេលបៅឆ្អែតតែងតែឃើញពោះធំ ដូចហើមពោះដែរ
- ទារកយំច្រើនដែលជាហេតុធ្វើឲ្យមានខ្យល់ចូលក្នុងពោះវៀនច្រើនដែលធ្វើឲ្យហើមពោះ
- ទារកបៅជាមួយដបទឹកដោះគោមួយចំនួនដែលក្បាលដបនោះមិនជួយរាំងទប់ខ្យល់ក្នុងដបដែលជាហេតុធ្វើឲ្យខ្យល់ក្នុងដបចូលក្នុងពោះវៀនច្រើន ធ្វើឲ្យកូនហើមពោះដូចគ្នា។
២.សញ្ញានៃការហើមពោះបង្កបញ្ហាដល់កូន
- ពោះទារកហើមប៉ោងខ្លាំង
- ក្ដៅខ្លួន
- ក្អួតញឹកញាប់
- លាមករាកខុសធម្មតា ឬមានឈាម ឬទល់លាមក
- ហើមជើង
- ការបៅថយចុះ
- សន្លឹម ដេកមិនបើកភ្នែក ឬ
- មិនរស់រវើកដូចធម្មតា។ល។
ក្នុងករណីដែលអាអូនចេញសញ្ញាអាសន្នដូចដែលបានរៀបរាប់ខាងលើ លោកស្រីវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ប៉ា យកកូនទៅពិនិត្យជាមួយពេទ្យជំនាញជំងឺកុមារ។ ទោះយ៉ាងណា ម៉ាក់ប៉ាអាចសម្រួលបញ្ហាហើមពោះលើកូនតូចបានដោយតិចនិកសាមញ្ញៗនេះ៖
ទី១.ដាក់កូនដេក រួចលើកជើងកូនដូចពេលធាក់កង់
ទី២.ដាក់ក្បាលកូនឲ្យខ្ពស់ រួចឲ្យកូនត្អើកចេញមក
ទី៣.ម៉ាស្សាពោះកូន តាមទ្រនិចនាឡិកា ហើយបន្ថែមសម្ពាធទៅតាមប្រតិកម្មកូន
ទី៤.អាចផ្ដល់ថ្នាំបន្តក់ឲ្យកូន (គួរពិគ្រោះជាមួយគ្រូពេទ្យជាមុន)។ល។
[embed-health-tool-vaccination-tool]