អាការៈឈឺជើងកើតឡើងជាញឹកញាប់ចំពោះក្មេងតូចៗដែលមានអាយុចាប់ពី៣ទៅ៥ឆ្នាំ និងក្មេងជិតចូលជំទង់ ហើយជាទូទៅ វានឹងបាត់ទៅវិញនៅពេលពួកគេឈានចូលដល់វ័យជំទង់។ ការឈឺចាប់នេះគឺពុំបង្កគ្រោះថ្នាក់ឡើយ ហើយក៏គ្មានសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយផងដែរ។
ជាធម្មតា ការឈឺជើងកើតមាននៅសាច់ដុំភ្លៅ និងកំភួនជើង ឬខាងក្រោយជង្គង់។ ចំពោះកុមារដែលកើតមានអាការៈឈឺចាប់នេះ អាចប្រឈមនឹងការរមួលក្រពើ ឬការឈឺចាប់ពីស្រាលទៅធ្ងន់ធ្ងរ។
អាការៈឈឺជើងទាំងនេះរួមមាន៖
- កើតឡើងនៅពេលល្ងាច ឬយប់ និងអាចបាត់ទៅវិញនៅពេលព្រឹក
- មានសភាពធ្ងន់ធ្ងរដែលអាចធ្វើឲ្យក្មេងភ្ញាក់ពីគេង
- ជាទូទៅ កើតមានចំពោះជើងទាំងសងខាង
- កើតឡើងម្ដងម្កាល ឬជាច្រើនយប់ជាប់គ្នា
- អមមកជាមួយនឹងអាការៈឈឺក្បាល ឬឈឺពោះ
អាការៈឈឺជើងនេះអាចបណ្ដាលមកពីការរត់ លោត និងតោងឡើងនៅពេលដែលក្មេងលេង នៅអំឡុងពេលថ្ងៃ។
ការឈឺជើងនេះក៏អាចពាក់ព័ន្ធទៅនឹងកត្តាដទៃទៀតដូចជាហត់នឿយ រួយជើង ឬកង្វះវីតាមីនD ជាដើម។
វិធីដោះស្រាយបញ្ហាឈឺជើង
ជាក់ស្ដែង ពុំមានការព្យាបាលច្បាស់លាស់ចំពោះអាការៈឈឺជើងដែលកើតឡើងចំពោះកុមារឡើយ។ ប៉ុន្តែ ប៉ាម៉ាក់អាចអនុវត្តវិធីសាស្ត្រងាយៗខាងក្រោមនេះ ដើម្បីកាត់បន្ថយការឈឺចាប់របស់កូន៖
- ងូតទឹកក្តៅឧណ្ហៗ៖ ឲ្យកូនងូតទឹកក្តៅឧណ្ហៗ ជាពិសេសនៅមុនពេលចូលគេង ដើម្បីជួយកាត់បន្ថយការឈឺចាប់ ក៏ដូចជាជួយជំរុញការគេងរបស់ក្មេង។
- ម៉ាស្សា៖ ធ្វើការម៉ាស្សា ឬច្របាច់បរិវេណដែលឈឺចាប់ ដើម្បីឲ្យកូនមានអារម្មណ៍ប្រសើរឡើង។
- ការពត់ពែនខ្លួន៖ ការពត់ពែនកំភួនជើង និងភ្លៅថ្នមៗនៅពេលថ្ងៃ អាចជួយបំបាត់ ឬការពារអាការៈឈឺជើងនេះបាន។
- ស្អំទឹកក្ដៅ៖ ចូរស្អំកំណាត់ក្ដៅឧណ្ហៗនៅបរិវេណឈឺចាប់ និងជៀសវាងប្រើប្រាស់ទឹកក្ដៅខ្លាំង ដើម្បីការពារស្បែកក្មេងពីការរលាក។ យ៉ាងណាមិញ ប៉ាម៉ាក់មិនគួរស្អំទឹកក្ដៅនៅអំឡុងពេលគេងឡើយ។
- ថ្នាំបំបាត់ការឈឺចាប់៖ ថ្នាំបំបាត់ការឈឺចាប់មួយចំនួនក៏អាចជួយបំបាត់អាការៈឈឺចាប់ជើងនេះម្ដងម្កាលផងដែរ។
ពេលណាយើងគួរនាំកូនទៅជួបគ្រូពេទ្យ?
នៅក្នុងករណីដែលកូនមានរោគសញ្ញាខាងក្រោមនេះ ប៉ាម៉ាក់គប្បីនាំកូនទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ៖
- កើតមានជាប់ជាប្រចាំ
- នៅតែឈឺចាប់អំឡុងពេលព្រឹក
- មានសភាពធ្ងន់ធ្ងរដែលអាចរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់ក្មេង
- ឈឺចាប់នៅត្រង់សន្លាក់
- ពាក់ព័ន្ធទៅនឹងការរងរបួស
- មានអាការៈផ្សេងទៀត ដូចជាហើម ស្នាមក្រហម គ្រុនក្ដៅ កន្ទួលរមាស់ បាត់បង់ចំណង់អាហារ ខ្សោយ ឬអស់កម្លាំងជាដើម។
[embed-health-tool-vaccination-tool]