កូនទល់លាមកអាចជារឿងគួរឲ្យបារម្ភមួយសម្រាប់ម៉ាក់ប៉ា ជាពិសេសក្មេងតូចៗ បើក្មេងធំៗអាចប្រាប់ម៉ាក់ប៉ាពីអាការៈឈឺពោះរបស់ពួកគេបាន។ បញ្ហាទល់លាមកម្ដងម្កាលគឺជារឿងធម្មតា ប៉ុន្តែការទល់លាមករ៉ាំរ៉ៃមិនមែនជារឿងធម្មតាទេ តែច្រើនមានលើកុមារ។ នេះបើតាមការពន្យល់ឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំង។
ចង់ដឹងពី BMI របស់ខ្លួនអត់? គណនា BMI នៅទីនេះ
បញ្ហាទល់លាមកភាគច្រើនកើតលើកុមារដែលចាប់ផ្ដើមញ៉ាំអាហាររឹងបាន (ទារកចាប់ពី៦ខែឡើង) ពីព្រោះពោះវៀនរបស់កុមារមានការប្រែប្រួលចលនា ដោយសារតែយើងបន្ថែមអាហារផ្សេងៗពីលើទឹកដោះម្ដាយ ឬម្សៅទឹកដោះគោជាដើម។ លោកស្រីបន្តថា ប្រសិនបើកូនទល់លាមក ឬទោះជាកូនមិនទាន់ទល់លាមកក្ដី ម៉ាក់ប៉ាអាចអនុវត្តតិចនិកប៉ុន្មានខាងក្រោមនេះ។
ទី១. បង្រៀនកូនបន្ទោបង់ឲ្យបានទៀងទាត់ពេលវេលា។ ពេលវេលាល្អបំផុតនោះគឺពេលព្រឹក បន្ទាប់ពីអាអូនញ៉ាំអាហាររួច ឬក្រោយអាអូនភ្ញាក់ពីគេង ព្រោះវាជាពេលដែលសាច់ដុំពោះវៀនកន្ត្រាក់ខ្លាំង ជាហេតុជួយឲ្យបត់ជើងបានស្រួល។
ទី២. ដាក់កូនឲ្យអង្គុយលើកន្ថោរសមស្របនឹងគូទរបស់អាអូន ដាក់ជើងស្មើលើឥដ្ឋ និងក្បាលជង្គង់ឲ្យខ្ពស់ជាងត្រគាករបស់កូន។
ទី៣. ជួយធ្វើចលនាជើងរបស់កូន (ចំពោះទារកតូច) ម៉ាក់ប៉ាអាចដាក់កូនគេងឲ្យរាបស្មើលើពូក រួចយើងធ្វើចលនាជើងអាអូនដូចពេលយើងធាក់កង់។
ទី៤. ព្យាយាមម៉ាស្សាលើពោះកូនដោយសង្កត់តិចៗ ជារង្វង់តាមទ្រនិចនាឡិកា
ទី៥. ត្រូវមានរបបអាហារត្រឹមត្រូវឲ្យកូន ពិសេសឲ្យកូនញ៉ាំទឹកបានច្រើន ផ្ដល់ផ្លែឈើសម្បូរជាតិកាកសរសៃ និងផ្ដល់បន្លែឲ្យកូនញ៉ាំទើបល្អ។
ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកកូន ចុចទីនេះ
វេជ្ជបណ្ឌិតរូបនេះឲ្យដឹងទៀតថា ចំពោះផ្លែចេក ប្រសិនបើចេកមិនសូវទុំអាចធ្វើឲ្យក្ដៀន តែបើចេកទុំល្អគឺជួយបន្ទន់លាមក។ ទម្លាប់ក្នុងការបន្ទោបង់សំខាន់ណាស់សម្រាប់ការពារ និងព្យាបាលបញ្ហាទល់លាមក ហេតុនេះគួរចាប់បង្រៀនកូនឲ្យមានទម្លាប់អង្គុយកន្ថោរបត់ជើងឲ្យបានលឿននៅពេលកូនចេះអង្គុយ។ កុំអនុញ្ញាតឲ្យកុមារមានទម្លាប់ឈរបន្ទោបង់ព្រោះធ្វើឲ្យទល់លាមកកាន់តែខ្លាំង។
[embed-health-tool-vaccination-tool]