ឆ្កែឆ្មាឥឡូវពិបាកទុកចិត្តណាស់ ប្រលែងលេងមិនស្រួល ខ្វាចខាំយើងភ្លាម ពិសេសក្មេងៗគួរឲ្យបារម្ភជាងគេ ណាមួយជំងឺឆ្កែឆ្កួត ឆ្មាឆ្កួតកំពុងរាលដាលខ្លាំងផង នៅអាមេរិក ករណីសត្វចិញ្ចឹមខាំក្មេង និងបញ្ជូនទៅសង្គ្រោះបន្ទាន់ គឺមានដល់ទៅ ៨០០.០០០ ករណីឯណោះ ហេតុនេះត្រូវប្រយ័ត្នផង។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីវិធីសង្គ្រោះបឋម ករណីក្មេង ឬមនុស្សចាស់ត្រូវឆ្កែឆ្មាខាំ ព្រោះបើទុកយូរ អាចគ្រោះថ្នាក់ដល់ជីវិត។
១- រឿងយើងត្រូវដឹងពីសត្វចិញ្ចឹមខាំ
ក្មេងតូច ពិសេសក្មេងអាយុតិចជាង ៥ ឆ្នាំ ជាទូទៅ នៅមិនទាន់ដឹងពីរបៀបនៅជិតសត្វចិញ្ចឹមទាំងនោះទេ។ បើក្មេងតូចទៅជិតសត្វចិញ្ចឹម ហើយធ្វើឲ្យវាផ្អើល នោះវាអាចនឹងខាំក្មេងមិនខាន។ សត្វចិញ្ចឹម អាចខាំដោយសារមូលហេតុទូទៅមួយចំនួន ដូចជា ពេលវាឈឺ ឬពេលវាមានរបួស។ ឧទាហរណ៍ បើសត្វឆ្កែ ឃើញក្មេង ដូចជាសត្វគួរឲ្យប្រមាញ់ ពេលក្មេងនោះរត់ វានឹងភ្ញោចឲ្យសត្វឆ្កែខាំ។ សត្វខាំ ឬខ្វាច អាចនឹងមានរបួសតូច ប៉ុន្តែពេលខ្លះ អាចនាំឲ្យមានផលវិបាកជាច្រើននៅពេលខាងមុខ។
២- សញ្ញា និងរោគសញ្ញាសត្វចិញ្ចឹមខាំ
សត្វចិញ្ចឹមខាំ អាចនាំឲ្យមានការបង្ករោគ ហើយរោគសញ្ញាទូទៅនៃការបង្ករោគដោយសារសត្វខាំ រួមមាន ឡើងក្រហម ឈឺ ហើម និងរលាក នៅកន្លែងសត្វខាំ។ រោគសញ្ញាអាចប្រាប់ថា ដំបៅកំពុងតែករោគ រួមមាន ដំបៅចេញខ្ទុះ ចេញទឹករងៃ ឬឈាម សាច់នៅជុំវិញដំបៅទន់ ឬស្ពឹក។ បើសត្វខាំនៅនឹងដៃ ម្រាមដៃ ឬដៃ អាចប្រើការមានកម្រិត ស្នាមក្រហមនៅជុំវិញកន្លែងខាំ គ្រុនក្ដៅចាប់ពី ៣៨ អង្សារសេឡើងទៅ បែកញើស និងគ្រុនរងា។
៣- វិធីសង្គ្រោះបឋម ពេលក្មេងត្រូវសត្វចិញ្ចឹមខាំ
ការព្យាបាល អាស្រ័យលើទំហំរបួសកម្រិតប៉ុនណា បើត្រឹមជារបួសតូចទេ ត្រូវលាងកន្លែងនោះជាមួយសាប៊ូ និងទឹកដោយប្រុងប្រយ័ត្ន។ រុំរបួសកូនជាមួយបង់រុំរបួស បើកន្លែងរបួសនោះ ងាយនឹងប៉ះពាល់ជាតិកខ្វក់។ តែបើនៅកន្លែងខុសពីនេះ គួរតែចំហបួសនោះឲ្យប៉ះនឹងខ្យល់។
បើរលាត់ស្បែក និងចេញឈាម របួសនោះអាចនឹងធ្ងន់ធ្ងរ សូមបិទបង់រុំ ឬកំណាត់ស្អាតលើរបួស និងសង្កត់វាដោយប្រើម្រាមដៃ។ បើសង្កត់ហើយ នៅតែមិនឈប់ហូរឈាមក្នុងរយៈពេលប៉ុន្មាននាទីនោះ សូមប្រញាប់ទៅពេទ្យបន្ទាន់ ដើម្បីព្យាបាល ទទួលវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និងតេតាណុស។
ទោះបីជារបួសឈប់ហូរឈាមក៏ដោយ គួរយកកូនទៅពេទ្យ ដើម្បីអាចឲ្យដឹងថាតើកូន ត្រូវដេររបួស ឬត្រូវព្យាបាលអ្វីបន្ថែមអត់ ពិសេសត្រូវពិភាក្សាជាមួយពេទ្យ ពាក់ព័ន្ធសត្វដែលខាំ ឬខ្វាចក្មេង អាចនាំឲ្យក្មេងកើតជំងឺឆ្កែឆ្កួតដែរអត់។ របួសដោយសត្វខាំ អាចនឹងបង្ករោគ ច្រើនជាងរបួសផ្សេងទៀត ដូចនេះ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាប្រើថ្នាំផ្សះដើម្បីព្យាបាល។
ត្រូវយកកូនទៅពេទ្យភ្លាម បើគិតថាសត្វដែលខាំនោះមានជំងឺឆ្កែឆ្កួត ឬក៏សត្វចិញ្ចឹមខាំនៅត្រង់ក្បាល និងក ឬស្បែកក្មេងរហែកធំ របួសជ្រៅ ឡើងក្រហមខ្លាំង ឬហើម និងឈឺខ្លាំង។
អត្ថបទពាក់ព័ន្ធ៖
- វិធីបង្ការជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងត្រឹមត្រូវ មិនគ្រោះថ្នាក់ដល់ជីវិត
- ត្រូវដឹង! មិនមែនតែសត្វឆ្កែមួយទេ អាចចម្លងជំងឺឆ្កែឆ្កួត
៤- វិធីបង្ការកុំឲ្យសត្វចិញ្ចឹមខាំក្មេង
បង្រៀនកូនពីវិធីការពារពីសត្វចិញ្ចឹមខាំ ប្រាប់កូនកុំឲ្យលេងជាមួយឆ្កែ ឬឆ្មា ដោយយករបស់លេង ចំណី ឬវត្ថុផ្សេងៗទៀតរបស់ពួកវាជាដើម។ បង្រៀនកូនវិធីគេចចេញពីស្ថានភាពគ្រោះថ្នាក់ ដូចជា ស្រែក រត់ វាយ ឬធ្វើសកម្មភាពផ្សេងៗ ដើម្បីប្រឈមមុខនឹងសត្វឆ្កែ។ ប្រាប់កូនឲ្យនៅឆ្ងាយពីឆ្កែ ពេលវាកំពុងដេក ឬកំពុងស៊ីបាយ។ មិនត្រូវឲ្យកូនធ្វើការងារថែរក្សាសត្វចិញ្ចឹមលឿនពេកទេ ព្រោះក្មេងមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយ។
ពេលយើងបង្រៀនកូនពីវិធីត្រូវនៅជិតសត្វចិញ្ចឹមក្នុងផ្ទះឲ្យមានសុវត្ថិភាព សូមបង្រៀនឲ្យសាមញ្ញងាយយល់។ មិនត្រឹមតែពន្យល់ពីរបៀបចៀសវាងកុំឲ្យសត្វខាំប៉ុណ្ណោះទេ ត្រូវពន្យល់ពីសត្វចិញ្ចឹម របៀបប៉ះពាល់ជាមួយវា និងតួនាទីរបស់សត្វនោះផង។ បើមានកូនតូច ត្រូវតែប្រយ័ត្ន នៅពេលដែលនៅជិតឆ្កែ ឆ្មា ឬសត្វចិញ្ចឹមផ្សេងទៀត ត្រូវយកចិត្តទុកដាក់ពេលកូនប៉ះពាល់ជាមួយសត្វទាំងនោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]