ម៉ាក់ប៉ាមានការព្រួយបារម្ភខ្លាំង ព្រោះក្មេងៗងាយនឹងកើតជំងឺរលាកបំពង់កនេះណាស់ ហើយពេលឈឺក្មេងតូចៗមិនអាចនិយាយលម្អិតប្រាប់ពីស្ថានភាពជំងឺថា ខ្លួនកំពង់ឈឺបំពង់ក ពិបាកលេបទឹកមាត់ ឬរមាស់បំពង់ក។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ ធ្លាប់បានចែករំលែកពីរោគសញ្ញាខ្លះៗ ហើយពេលនេះលោកនឹងបង្ហាញពីមូលហេតុនាំឲ្យកូនកើតជំងឺនេះ។
លោកបានបន្តថា ក្មេងឧស្សាហ៍រលាកបំពង់កមកពីបញ្ហា ២ គឺទី១ ដោយសារការបង្ករោគដោយវីរុសដូចជំងឺផ្ដាសាយដែរ ហើយទី២ គឺដោយសារបាក់តេរី Streptococcal Infection។ ក្រៅពីនោះការស្រូបធូលីកខ្វក់ចូលទៅក្នុងច្រមុះ បំពង់ក ញ៉ាំអាហារគ្មានអនាម័យ ឬមៀមរបស់មិនល្អ ក៏ជាចំណែកខ្លះដែរ។
ចំពោះការធ្វើរោគវិនិច្ឆ័យរបស់គ្រូពេទ្យ គឺគ្រាន់តែឲ្យកូនហាមាត់ ហើយបើឃើញថាបំពង់កឡើងក្រហម ឡើងហើមក្រពេញក មានពង់បែកសៗ ក្ដៅខ្លួន ឬពេលខ្លះទាល់យកកំហាកទៅពិនិត្យ។ វេជ្ជបណ្ឌិតរូបនេះបានបន្ថែមទៀតថា ក្មេងឧស្សាហ៍កើតជំងឺនេះព្រោះ បំពង់កមានតួនាទីច្រើនទាំងលេបអាហារ លេបទឹកមាត់ ដកដង្ហើម បញ្ចេញសំនៀង ហើយវាជាផ្លូវបំបែក ៤ រវាងផ្លូវអាហារ និងផ្លូវដង្ហើម ជាសន្ទះបិទបើកអាហារ និងទឹក ទើបជាកន្លែងងាយស្រួលសម្រាប់វីរុស បាក់តេរីប្រមូលផ្ដុំ។
ចំពោះការប្រើប្រាស់ថ្នាំ គឺស្ថិតទៅលើគ្រូពេទ្យ បើរកឃើញថាកូនរលាកបំពង់កដោយអ្វីមួយ និងចេញថ្នាំតាមកម្រិត ហើយយើងអាចជួយកាត់បន្ថយតាមរយៈឲ្យកូនផឹកទឹកក្ដៅឧណ្ហៗ ញ៉ាំអាហារទន់ៗ ចៀសវាងទឹកត្រជាក់។ ដើម្បីការពារកូនត្រូវធ្វើអនាម័យមាត់ធ្មេញជាប្រចាំ ខ្ពុរមាត់ជាមួយទឹកអំបិល ត្រូវព្យាបាលជំងឺនេះឲ្យសះស្បើយ ចៀសវាងមេរោគរស់នៅទីនោះ លាងសម្អាតដៃជាមួយសាប៊ូ កុំប៉ះពាល់ជាមួយអ្នកជំងឺ។
រឿងសំខាន់ដែលម៉ាក់ប៉ាតែងតែធ្វេសប្រហែស គឺពេលកូនឈឺភ្លាមមិនបាននាំកូនទៅជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ ហើយប្រើប្រាស់ថ្នាំតាមចិត្ត។ ក្រៅពីនោះមិនបានឲ្យថ្នាំកូនតាមវេជ្ជបញ្ជា ពោលពេលឃើញកូនធូរ មិនបន្តប្រើថ្នាំឲ្យអស់ ហើយការព្យាបាលមិនត្រឹមត្រូវបែបនេះនឹងបង្កឲ្យស៊ាំថ្នាំ ហើយពេលព្យាបាលលើកក្រោយមានការលំបាក ដោយសារមេរោគស៊ាំថ្នាំ ហើយបើព្យាបាលមិនបានត្រឹមត្រូវ នឹងវិវត្តទៅជាជំងឺខូចប្រឹសបេះដូង ប្រសិនបើវាបង្កដោយមេរោគស្រឹបតូកូក។
អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា រវាងគ្រុនឈាម និងរលាកបំពង់ក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]