ក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក បណ្តាលឲ្យហូរទឹកភ្នែករហូត ដោយក្មេងខ្លះស្ទះបំពង់បង្ហូរទឹកភ្នែកតែមួយចំហៀង ឯខ្លះទៀតស្ទះទាំងសងខាង។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ។ ជាធម្មតានៅផ្នែកខាងលើភ្នែកមានក្រពេញមួយសម្រាប់ផលិតទឹកភ្នែក ហើយពីភ្នែកមកច្រមុះមានប្រព័ន្ធបង្ហូរទឹកភ្នែកមួយ កាលណាបំពង់ទឹកភ្នែកស្ទះ ធ្វើឲ្យមានទឹកភ្នែកដក់នៅនឹងភ្នែក។
លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ ដែលធ្លាប់បម្រើការងារនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបនេះបន្តថា ការស្ទះបំពង់បង្ហូរទឹកភ្នែករបស់ក្មេងតូចៗ ជាជំងឺមកពីកំណើត វាមិនមែនជាជំងឺអីធ្ងន់ធ្ងរនោះទេ ក្នុងនោះជំងឺនេះនឹងជាទៅវិញសឹងតែ ៩០% ពេលក្មេងមានអាយុ១ឆ្នាំ។ គេសង្កតឃើញថា ក្នុងចំណោមក្មេង ១០០ នាក់ មាន ៥ នាក់ កើតជំងឺស្ទះបំពង់បង្ហូរទឹកភ្នែក។
១. រោគសញ្ញាក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក
ក្មេងមានជំងឺស្ទះបំពង់បង្ហូរទឹកភ្នែក មិនហើមភ្នែក មិនក្រហមភ្នែក ឬមានអាចម៍ភ្នែកជាប់រហូតនោះទេ តែមានសញ្ញាសម្គាល់ខាងក្រោមនេះ។
– ហៀរទឹកភ្នែកជាប់រហូត
– មានទឹកភ្លែកថ្លា ឬស្អិតជាប់ភ្នែក។
– ត្របកភ្នែកស្អិតជាប់គ្នា (ពិបាកបើកភ្នែក)។
២. ត្រូវធ្វើម៉េច បើក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក?
វិធីសាស្ត្រសម្រាប់ព្យាបាលជំងឺស្ទះបំពង់បង្ហូរទឹកភ្នែកចំពោះកូនក្មេង មាន២សំខាន់ គឺ១ ម៉ាស្សាលើត្របកភ្នែក និងទី២ ត្រូវរង់ចាំដល់ថ្ងៃក្មេងធំបន្តិច វានឹងជាដោយឯកឯងនៅពេលអូនតូចអាយុបាន ១ឆ្នាំ។
៣. របៀបម៉ាស្សាភ្នែកក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក
មុននឹងម៉ាស្សាភ្នែកកូន ម៉ាក់ប៉ាត្រូវកាត់ក្រចកដៃឲ្យខ្លី លាងដៃឲ្យស្អាត ដោយចាប់ផ្តើមម៉ាស្សាពីគល់ភ្នែកមកចុងច្រមុះ ដោយធ្វើបែបនេះចំនួន ១៥ដង/ម្តង និងត្រូវម៉ាស្សា ២ដង/ថ្ងៃ ក្រោយពីងូតទឹកហើយ គឺនៅពេលព្រឹក និងពេលល្ងាច។ បើកូនមានបញ្ហាភ្នែកខាងណាត្រូវម៉ាស្សាខាងនោះ បើស្ទះបង្ហូរទឹកភ្នែកទាំង២ ត្រូវតែម៉ាស្សាទាំង២ ការម៉ាស្សានេះសំខាន់ណាស់ ជួយពន្លឿនឲ្យភ្នែកឆាប់ជាសះស្បើយពីបញ្ហាស្ទះបំពង់បង្ហូរទឹកភ្នែក។
៤. ពេលណាត្រូវទៅជួបពេទ្យ
ក្នុងករណីកូនអាយុបាន១ឆ្នាំ តែនៅមានបញ្ហាដដែល ទោះបីជាម៉ាក់ៗព្យាយាមម៉ាស្សារាល់ថ្ងៃក៏ដោយ បែបនេះលោកស្រីវេជ្ជបណ្ឌិតណែនាំឲ្យប្រញាប់នាំកូនទៅជួយគ្រូពេទ្យ។ ម្យ៉ាងវិញទៀតបើភ្នែកកូនមានសញ្ញាមិនប្រក្រតី ដូចជាភ្នែកឡើងក្រហម ហើម ឈាម ខ្ទុះ ក៏ត្រូវនាំកូនទៅពេទ្យបន្ទាន់ដែរ។
[embed-health-tool-vaccination-tool]