ឪពុកម្ដាយជាច្រើនតែងតែចង់ការពារកូនៗពីបទពិសោធន៍មិនល្អក្នុងជីវិតទាំងប៉ុន្មាន មិនចង់ឲ្យកូនជួបរឿងមិនសប្បាយចិត្ត ឬការបរាជ័យក្នុងជីវិតឡើយ។ ការបរាជ័យ ជារឿងមួយយើងមិនអាចចៀសបានក្នុងជីវិត ហើយទាំងក្មេងៗ និងចាស់ៗ បើជួបការបរាជ័យ អាចធ្វើឲ្យមានអារម្មណ៍ឈឺចាប់ដូចជា ខឹង ពិបាកចិត្ត ធុញទ្រាន់ ឬបាត់បង់ទំនុកចិត្តលើខ្លួនឯង។ល។ ផ្ទុយទៅវិញ យើងអាចប្រែឲ្យការបរាជ័យក្លាយជាមេរៀនមួយជួយពង្រឹងសមត្ថភាពកូនយើងដើម្បីជោគជ័យទៅថ្ងៃខាងមុខបាន។
១. ឆ្លើយតបវិជ្ជមានទៅកាន់ការបរាជ័យ
កូនៗឃើញរាល់សកម្មភាពដែលម៉ាក់ប៉ាធ្វើដើម្បីដោះស្រាយជាមួយការបរាជ័យ ហើយសកម្មភាពទាំងនោះក៏ជះឥទ្ធិពលទៅដល់ការតបនឹងការបរាជ័យរបស់កូនដែរ។ (ឧ. បើម៉ាក់ប៉ាបញ្ចេញកំហឹង ឬមានអាកប្បកិរិយាមិនល្អពេលបរាជ័យ វាអាចជាគំរូដល់កូន។ ពេលកូនជួបបញ្ហាបរាជ័យ វិធីដែលគេយកមកដោះស្រាយគឺការបញ្ចេញកំហឹងដូចម៉ាក់ប៉ាអញ្ចឹងដែរ។) នៅពេលដែលក្មេងជួបប្រទះនឹងការបរាជ័យ ម៉ាក់ប៉ាគួរជួយកូនថ្លឹងថ្លែងមើលថាអ្វីទៅដែលធ្វើខុសបណ្ដាលឲ្យបរាជ័យកើតឡើង និងបង្រៀនកូនពីមិនឲ្យវាកើតឡើងម្ដងទៀតបាន។
២. និយាយពីអ្វីដែលបានកើតឡើង
ផ្ដល់ឱកាសឲ្យកូនគិត និងនិយាយថាហេតុអ្វីរឿងរាវមិនទៅរលូនតាមចិត្ត ឬការរំពឹងទុក។ សូម្បីតែក្មេងៗក៏អាចបង្ហាញអារម្មណ៍ចេញមកក្រៅឲ្យយើងដឹងថាគេមិនពេញចិត្ត ហើយវិធីមួយដែលយើងជាម៉ាក់ប៉ាអាចជួយកូនបាននោះគឺការស្ដាប់ពីអារម្មណ៍កូន។
៣. ក្លាយជាគំរូដោះស្រាយបញ្ហាល្អ
ត្រូវចាំថា កូនៗរបស់យើងយកម៉ាក់ប៉ាជាគំរូ ហើយពួកគេក៏ចាំមើលពីរបៀបដោះស្រាយការបរាជ័យនៅក្នុងជីវិតរបស់យើងដែរ។ ដូចនេះ វាមិនអីទេដែលយើងបង្ហាញពីភាពអន់ចិត្ត ឬមិនសប្បាយចិត្តឲ្យកូនឃើញ អ្វីដែលសំខាន់គឺយើងត្រូវបង្ហាញថាយើងបានរៀនអ្វីខ្លះពីការបរាជ័យនោះ។
៤. ផ្ដោតលើការខិតខំប្រឹងប្រែងធ្វើជាជាងការសម្រេចបាន
ឲ្យកូនដឹងថា ភាពជោគជ័យមិនមែនជាអ្វីសំខាន់បំផុតទេ។ ទោះកូនបរាជ័យ ម៉ាក់ប៉ាគួរសរសើរកូនឲ្យបានច្រើនពីការខិតខំប្រឹងប្រែងរបស់កូន។ ម៉ាក់ប៉ាគួរបន្តលើកទឹកចិត្តកូន ដើម្បីជំរុញឲ្យកូនមានទឹកចិត្តប្រឈមមុខនឹងបញ្ហា និងងើបឡើងដើរទៅមុខទៀត។
៥. កាត់បន្ថយសម្ពាធ
ផ្ដល់នូវសកម្មភាព និងគោលដៅសមស្របតាមអាយុដែលត្រូវនឹងចំណាប់អារម្មណ៍ និងជំនាញរបស់កូន។ ជារឿយៗ ឪពុកម្ដាយ មានការរំពឹងទុកលើកូនទាំងនៅក្មេងខ្លាំងពេក (ឧ. រំពឹងថាកូនរៀនបានលេខល្អរាល់ខែ ត្រូវរៀនពូកែលើសគេ។ល។) ជាហេតុធ្វើឲ្យកូនខិតខំធ្វើអ្វីម៉្យាងដាច់ខាតត្រូវតែជោគជ័យ ដល់ពេលបរាជ័យកូនទទួលយកមិនបានក៏កើតអារម្មណ៍អន់ចិត្ត ស្ត្រេសជាដើម។ ហេតុនេះ ម៉ាក់ប៉ាមិនគួររំពឹងពីកូនច្រើនលើសសមត្ថភាពកូនទេ ព្រោះការដាក់រំពឹងច្រើនពេកដូចដាក់សម្ពាធលើកូនអញ្ចឹងដែរ។
[embed-health-tool-vaccination-tool]