រាល់ថ្ងៃ យើងសង្កេតឃើញថា ក្មេងៗមួយចំនួនធំចូលចិត្តស្ពាយកាតាបធំ ហើយធ្ងន់ៗជាងខ្លួនទៅសាលារៀន។ ដោយឃើញបែបនេះ មានម៉ាក់ប៉ាខ្លះបានលើកឡើងថា បើម្ងៃៗកូនស្ពាយកាតាបធ្ងន់ៗចឹង មិនស្រុញកម្ពស់កូនអស់ហើយទេអ៊ី? ចុះការបណ្ដោយឲ្យក្មេងស្ពាយកាតាបធ្ងន់ៗ ពិតជាអាចប៉ះពាល់ដល់ការលូតលាស់កម្ពស់មែនឬយ៉ាងណា?
ឆ្លើយតបនឹងចម្ងល់ខាងលើនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ការស្ពាយកាតាបធ្ងន់ៗ ពិតជាអាចប៉ះពាល់ទៅដល់ការលូតកម្ពស់របស់កូនបានមែន។ ក្មេងគួរតែស្ពាយកាតាបដែលមានទម្ងន់មិនលើសពី ១០-១៥% នៃទម្ងន់របស់កូន ដោយសារការស្ពាយកាតាបធ្ងន់ៗពេក បណ្ដាលឲ្យទាញទម្ងន់កូនទៅក្រោយ ជាហេតុធ្វើឲ្យឆ្អឹងខ្នងសង្កត់ចូលគ្នាខុសពីធម្មតា អាចបង្កទៅជាបញ្ហាឈឺឆ្អឹងខ្នង ស្មា ឬឈឺកជាដើម។
លោកបន្តទៀតថា ចំពោះក្មេងដែលប្រើស្មាតែម្ខាងស្ពាយកាតាប អាចដើរផ្អៀងខ្លួនទៅតាមទម្ងន់កាតាប បណ្ដាលឲ្យឈឺចង្កេះ ឈឺខ្នងផ្នែកខាងលើ ជាប់ស្មា ឬក។ល។ ម៉្យាងវិញទៀត ការស្ពាយកាតាបមិនត្រឹមត្រូវក៏អាចបណ្ដាលឲ្យយើងកោងខ្នងបានដែរ។
កូនក្មេង និងមនុស្សស្រីងាយប្រឈមនឹងបញ្ហាបង្កឡើងដោយការស្ពាយកាតាបធំធ្ងន់ៗ ជាងទម្ងន់ និងរាងកាយរបស់ខ្លួន។ ហេតុនេះហើយ ទើបម៉ាក់ប៉ាត្រូវចេះមើលលើកាតាបកូន និងពីរបៀបដែលកូនស្ពាយ ដើម្បីចៀសវាងបញ្ហាផ្សេងៗកើតឡើង ជាមួយនឹងប៉ុន្មានចំណុចនេះដូចជា៖
– ត្រូវប្រាកដថា អាអូនស្ពាយខ្សែកាតាបទាំងសងខាង
– ត្រូវប្រាកដថា ខ្សែកាតាបកូនរឹតបានតឹងល្អ ពេលស្ពាយទៅកាតាបជាប់នឹងខ្នង
– ត្រូវប្រាកដថា ក្នុងកាតាបកូន មានតែសៀវភៅត្រូវរៀនប្រចាំថ្ងៃចាំបាច់ប៉ុណ្ណោះ ។ល។
[embed-health-tool-vaccination-tool]