backup og meta

អត់ទឹកដោះឲ្យកូនបៅ ម៉ាក់ៗអាចសាកល្បងបង្កើនទឹកដោះដោយវិធីបូមនេះបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 02, 2021

    អត់ទឹកដោះឲ្យកូនបៅ ម៉ាក់ៗអាចសាកល្បងបង្កើនទឹកដោះដោយវិធីបូមនេះបាន

    ក្រោយ​សម្រាល​កូន​រួច​ហើយ មាន​ម៉ាក់​ថ្មី​ថ្មោង​មួយ​ចំនួន​ពិបាក​ចិត្ត ដោយសារ​មិន​អាច​ផលិត​ទឹក​ដោះ​គ្រប់​គ្រាន់​ឲ្យ​កូន​បៅ​ ពោល​គឺ​ម៉ាក់​ៗ​មាន​ទឹក​ដោះ​តិច​ ​អា​អូន​បៅ​មិន​ឆ្អែត។ ទារក​ដែល​បៅ​ដោះ​ម្ដាយ​មិន​គ្រប់​គ្រាន់ អាច​មិន​ឡើង​គីឡូ​គ្រប់​ស្តង់​ដា មើល​ទៅ​តូច​ជាង​ក្មេង​ដទៃ​ជាដើម។ តែ​ម៉ាក់​ៗ​មិន​បាច់​បារម្ភ​ពេក​ទេ បើ​ខ្វះ​ទឹក​ដោះ​ឲ្យ​កូន​បៅ អាច​សាក​ល្បង​ប្រើ​តិចនិក​បូម​ទឹក​ដោះ ដើម្បី​ជួយ​បង្កើន​បរិមាណ​ទឹក​ដោះ​បាន។

    ១.ប្រើ​ប្រដាប់​បូម​មាន​គុណ​ភាព​ខ្ពស់

    ម៉ាក់​ៗ​គួរ​ប្រើ​ប្រដាប់​បូម​ទឹក​ដោះ​ដែល​មាន​គុណ​ភាព​ខ្ពស់។ ប្រដាប់​បូម​ទឹក​ដោះ​ដោយ​ដៃ ឬ​ប្រដាប់​បូម​ទឹក​ដោះ​អគ្គិសនី​តូច​ៗ​នោះ គ្រាន់​តែ​ជួយ​បាន​មួយ​ពេល​ៗ​ប៉ុណ្ណោះ តែ​ប្រដាប់​បូម​ប្រភេទ​អស់​នេះ មិន​សូវ​ខ្លាំង​រហូត​អាច​ជួយ​បង្កើន​បរិមាណ​ទឹក​ដោះ​ម៉ាក់​ៗ​បាន​ទេ។

    ២. ប្រើ​ប្រដាប់​បូម​ទឹក​ដោះ​បាន​ត្រឹម​ត្រូវ

    ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ម៉ាក់​ៗ​គួរ​ធ្វើ​តាម​ការ​ណែនាំ​ពី​របៀប​ប្រើ​ម៉ាស៊ីន​ឲ្យ​បាន​ត្រឹម​ត្រូវ និង​តាម​លំដាប់​លំដោយ​ល្អ។ ត្រូវ​ប្រាកដ​ថា ប្រដាប់​បូម​ដាក់​ស៊ុប​ជាប់​នឹង​សុដន់​ម៉ាក់​ៗ មិន​ត្រូវ​ធំ​ពេក ឬ​តូច​ពេក​ទេ។ បើ​មាន​ចម្ងល់ ម៉ាក់​ៗ​គួរ​តែ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ពី​ការ​ប្រើ​ប្រដាប់​បូម​ទឹក​ដោះ​ឲ្យ​បាន​ត្រឹម​ត្រូវ។

    ៣.រៀប​ចំ​មុន​ពេល​បូម

    មុន​ពេល​ម៉ាក់​ៗ​ចាប់​ផ្ដើម​បូម ត្រូវ​លាង​ដៃ និង​ជ្រើស​រើស​កំប៉ុង​ដាក់​ទឹក​ដោះ​ណា​ដែល​គិត​ថា​ជា​ជម្រើស​ល្អ​សម្រាប់​ខ្លួន។ មួយ​ទៀត គឺ​ត្រូវ​រក​កន្លែង​សម្រាក ឬ​អង្គុយ​ឲ្យ​សមរម្យ ព្រោះ​ម៉ាក់​ៗ​ត្រូវ​ប្រើ​ពេល​យ៉ាង​តិច​២០-៣០នាទី​សម្រាប់​ការ​បូម។

    ៤.បូម​ឲ្យ​ញឹក​ញាប់

    ចំពោះ​ម៉ាក់​ៗ​ដែល​ឲ្យ​កូន​បៅ​ដោះ គួរ​តែ​បូម​ទឹក​ដោះ​រាល់​ពេល​អា​អូន​បៅ​រួច។ កាល​ណា​ដែល​ម៉ាក់​ៗ​ឧស្សាហ៍​បូម វា​ជួយ​រំញោច​ដល់​រាងកាយ​ម៉ាក់​ៗ​ឲ្យ​ផលិត​ទឹក​ដោះ​បន្ថែម។

    ៥.ស្អំ​កំណាត់ជ្រលក់ទឹក​ក្ដៅ​ឧណ្ហៗ​លើ​សុដន់

    មុន​ពេល​បូម​ទឹក​ដោះ ម៉ាក់​ៗ​គួរ​ស្អំ​កំណាត់ជ្រលក់ទឹក​ក្ដៅ​ឧណ្ហ​ៗ​លើ​សុដន់ ដើម្បី​សម្រួល​ដល់​លំហូរ​ទឹក​ដោះ​ម្ដាយ ឲ្យ​ការ​បូម​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។

    ៦.បូម​សុដន់​១០-១៥នាទី​/ម្ខាង

    ប្រសិន​បើ​ម៉ាក់​ៗ​បូម​ទឹក​ដោះ​ម្ដង​ម្ខាង គួរ​តែ​ផ្លាស់​ប្ដូរ​ទៅ​ម្ខាង​ទៀត​ពេល​ដែល​ទឹក​ដោះ​ឈប់​ហូរ ឬ​ហូរ​ត្រឹម​២ ៣​តំណក់។ អំឡុង​ពេល​បូម​នោះ ម៉ាក់​ៗ​គួរ​តែ​ម៉ាស្សា​សុដន់ ដើម្បី​ជួយ​ដល់​ចលនា​នៃ​លំហូរ​ទឹក​ដោះ​ចេញ​មក។​

    បន្ថែម​ពី​លើ​តិចនិក​ខាង​លើ​នេះ ម៉ាក់ៗ​ត្រូវ​តែ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​សម្បូរ​ជីវជាតិ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ និង​ផ្លែឈើ នោះទើប​សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម។

    បំបៅដោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម