ការដឹងថាកើតជំងឺមហារីកជារឿងមួយធ្វើឲ្យស្រងាកចិត្ត សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសនៅពេលដែលដឹងកូនតូចៗរបស់យើងកើតជំងឺកាចសាហាវនេះ។ មូលហេតុនៃការកើតជំងឺមហារីកលើកូនក្មេង នៅមិនទាន់ដឹងពីច្បាស់លាស់នៅឡើយទេ តែវាអាចកើតឡើងដោយសារកត្តាហ្សែន និងការលូតលាស់កោសិកាមិនអាចគ្រប់គ្រងបាន។
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ជាទូទៅជំងឺមហារីកលើកុមារ មានការលូតលាស់លឿនជាងជំងឺមហារីកដែលកើតលើមនុស្សចាស់ ប៉ុន្តែការសិក្សាវិទ្យាសាស្ត្រ បានបង្ហាញថា ជំងឺមហារីកនៅលើក្មេង ឆ្លើយតបនឹងការព្យាបាលបានល្អជាង និងមានអត្រាជាសះស្បើយច្រើនជាង។ ចំពោះជំងឺមហារីកដែលកើតញឹកញាប់លើក្មេងមាន ជំងឺមហារីកឈាមស្រួចស្រាវ មហារីកកូនកណ្ដុរ មហារីកខួរក្បាល ។ល។
ប៉ុន្តែ ក្រោយពេលព្យាបាលជំងឺមហារីកលើកូនក្មេងជាសះស្បើយហើយ អាអូនត្រូវប្រឈមនឹងផលប៉ះពាល់មួយចំនួនផ្សេងទៀតក្រោយព្យាបាល (ភាសាបច្ចេកទេស Late Effects)។ សម្រាប់អ្នកជំងឺដែលបានជាសះស្បើយពីជំងឺមហារីក មិនថាចាស់មិនថា ក្មេងត្រូវប្រឈមនឹងផលវិបាកសុខភាពដទៃទៀត ក្រោយព្យាបាលរួចប៉ុន្មានខែ ឬប៉ុន្មានឆ្នាំក្រោយមក។ ក្រោយព្យាបាលជំងឺមហារីកជាសះស្បើយហើយ ក្មេងអាចទទួលផលប៉ះពាល់សុខភាពដូចជា៖
– សរីរាង្គ ជាលិកា និងមុខងាររាងកាយ
– ការលូតលាស់ និងការអភិវឌ្ឍ
– អារម្មណ៍ និងសកម្មភាព
– ការគិត ការរៀនសូត្រ និងការចងចាំ
– ប្រឈមនឹងការកើតជំងឺមហារីកម្ដងទៀត។ល។
ហានិភ័យនៃផលប៉ះពាល់យឺតនៃជំងឺមហារីក អាស្រ័យលើកត្តាដែលទាក់ទងនឹងដុំសាច់ ការព្យាបាល និងកត្តាអ្នកជំងឺ។ ទាំងនេះរួមបញ្ចូលដូចខាងក្រោម៖
កត្តាដុំសាច់៖
- ប្រភេទនៃជំងឺមហារីក
- ទីតាំងដុំសាច់ក្នុងរាងកាយ
- ផលប៉ះពាល់ដុំសាច់ទៅលើដំណើរការរាងកាយ
កត្តាព្យាបាល៖
- ប្រភេទនៃការវះកាត់
- ប្រភេទនៃការព្យាបាលដោយកាំរស្មី
- ការប្ដូរកោសិកាដើម
- ការបញ្ចូលឈាម ។ល។
កត្តាអ្នកជំងឺ៖
- ភេទក្មេង
- បញ្ហាសុខភាពក្មេងមានមុនពេលកើតជំងឺមហារីក
- ផ្លាស់ប្ដូរកម្រិតអ័រម៉ូន របៀបរស់នៅ
- ប្រវត្តិគ្រួសារធ្លាប់កើតមហារីក ឬអត់។ល។
ដូច្នេះហើយ វាជាការចាំបាច់មួយសម្រាប់ក្មេងៗ ឬអ្នកជំងឺដែលបានជាសះស្បើយពីជំងឺមហារីក ត្រូវទៅពិគ្រោះ និងតាមដានសុខភាពរបស់ខ្លួនជាមួយគ្រូពេទ្យជំនាញឲ្យបានទៀងទាត់ ទោះជាបានសះស្បើយពីជំងឺនេះក៏ដោយ។
[embed-health-tool-vaccination-tool]