backup og meta

កូនកើតមកមានជំងឺឈាមម្យ៉ាងនេះ ៧០% ដោយសារតំណពូជពីម្តាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 09, 2021

    កូនកើតមកមានជំងឺឈាមម្យ៉ាងនេះ ៧០% ដោយសារតំណពូជពីម្តាយ

    ទារក​ដែល​មាន​កើត​មក​មាន​ជំងឺ ហេម៉ូហ្វីលា (Hemophilia) ដោយសារ​តែ​កត្តា​តំណ​ពូជ​ពី​ម្តាយ​ទៅ​កូន មិន​មែន​ពី​ឪពុក​ទៅ​កូន​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ។

    លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ៧០% នៃ​កុមារ​មាន​ជំងឺ Hemophilia គឺ​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​ដែល​កើត​ជំងឺ​នេះ ខណៈ ៣០% ទៀត កើត​ឡើង​ដោយសារ​បម្រែបម្រួល​ទៅ​លើ​ក្រូម៉ូសូម​ដោយ​ខ្លួនឯង។

    Hemophilia ជា​ជំងឺ​វិបត្តិ​ហូរ​ឈាម​ពី​កំណើត​ដែល​កើត​ទៅ​មាន​ទៅ​លើ​ក្មេង​ប្រុស ឯ​ក្មេង​ស្រី​អាច​ជា​អ្នក​ផ្ទុក ដោយ​មិន​ចេញ​រោគ​សញ្ញា។ “Hemophilia ជា​ប្រភេទ​ជំងឺ​ហូរ​ឈាម ឬ​ក៏​យើង​ហៅ​ថា ឈាម​ក្រ​កក តែ​មិន​មែន​ជា​ជំងឺ​ឈាម​រាវ​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ណា​មាន​របួស​ដោយ​ការ​ប៉ះទង្គិច ការ​ហូរ​ឈាម​របស់​អ្នក​ជំងឺ Hemophilia ហូរ​ឈាម​យូរ​ជាង​គេ ឬ​ហូរ​ឈាម​អត់​ឈប់​តែ​ម្តង វា​អាច​នឹង​កក តែ​ប្រើ​ពេល​យូរ ហើយ​អាច​ហូរ​ឈាម​រហូត​ដល់​ស្លាប់​”។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។

    អត្រា​ចម្លង​ជំងឺ Hemophilia ពី​ម្តាយ​ទៅ​កូន​នៅ​លើ​ពិភព​លោក និង​នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត ជាន សុផល អះអាង​ថា មាន​តួលេខ​ប្រហាក់​ប្រហែល​គ្នា ក្នុង ៥ពាន់​នាក់​នៃ​ក្មេង​ប្រុស​ដែល​កើត​មក មាន​ម្នាក់​អាច​នឹង​កើត​ជំងឺ Hemophilia។ ក្មេង​បើ​កើត​ជំងឺ Hemophilia  នេះ​ហើយ មិន​អាច​ព្យាបាល​ជា​ដាច់​ឡើយ ត្រូវ​ការ​ព្យាបាល​អស់​មួយ​ជីវិត ហើយ​ចំណាយ​ថវិកា​ច្រើន​ទៀត

    គេ​បែង​ចែក​ជំងឺ Hemophilia ជា ២ ប្រភេទ គឺ Hemophilia A និង Hemophilia B តែ​រោគ​សញ្ញា​ជំងឺ​ទាំង​២ នេះ គឺ​ធ្វើ​ឲ្យ​ឈាម​ក្រ​កក​ដូច​គ្នា។ “រោគ​សញ្ញា​ដែល​យើង​អាច​ឃើញ​លើ​ក្មេង​តូចៗ ពិសេស​នៅ​ពេល​ក្មេង​ចេះ​តោង​ឈរ ចេះ​វារ ដែល​ឱកាស​នៃ​ការ​ប៉ះ​ទង្គិច​កើត​មាន ពេល​នោះ​យើង​នឹង​មាន​រោគ​សញ្ញា​ជាំ​នៅ​ពេល​ប៉ះ​អ្វី​មួយ (កម្រិត​ស្រាល និងធ្ងន់) ចំណែក​កម្រិត​ស្រាល​វិញ មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ ទាល់​តែ​ចៃដន្យ​មាន​ការ​វ៉ះកាត់​អ្វី​មួយ ស្រាប់​តែ​ហូរ​ឈាម​ខុស​ប្រក្រតី ជួន​កាល​មាន​គ្រោះថ្នាក់​អ្វី​មួយ មាន​ហូរ​ឈាម​ខុស​ប្រក្រតី”

    រោគសញ្ញាជំងឺ Hemophilia

    – ឧស្សាហ៍​ហើម​ជង្គង់ កែងដៃ

    – ឈាម​ក្រ​កក

    – ឈាម​ហូរ​ខុស​ប្រក្រតី​នៅ​តាម​មាត់ សន្លាក់ សាច់ដុំ

    – ហើម ឬ​ហូរ​ឈាម​ខុស​ប្រក្រតី​ពេល​ចាក់​វ៉ាក់សាំង

    – មាន​ឈាម​នៅ​ក្នុង​ទឹក​នោម ឬ​លាមក។

    នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត​ថា មាន​មន្ទីរពេទ្យ ៣ កន្លែង​ដែល​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​រក​មើល​ជំងឺ Hemophilia បាន​ត្រឹមត្រូវ ក្នុង​នោះមាន​មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​កុមារ​អង្គរ និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ។

    Hemophilia

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម