ចង់ឲ្យកូនមានភាពជឿជាក់លើខ្លួនឯង ប៉ាម៉ាក់ត្រូវធ្វើម៉េច? គ្នាយើងមានកូន ពិតជាដឹងហើយថា ការធ្វើជាប៉ាម៉ាក់គេមិនងាយស្រួលនោះទេ ទោះបីជាមានការណែនាំ ឬមេរៀនជាច្រើនបាននិយាយពីរបៀបថែទាំ ចិញ្ចឹមកូនក៏ដោយ។ យ៉ាងណា ប៉ាម៉ាក់នៅតែត្រូវស្វែងរកវិធី ឬតិចនិកបន្ថែមទៀតដែរ ដើម្បីឲ្យត្រូវនឹងកូនយើង។ ខាងក្រោមនេះ គឺជាវិធីមួយចំនួនទៀត ដែលប៉ាម៉ាក់គួរដឹងបន្ថែម ដើម្បីជួយឲ្យកូនមានភាពជឿជាក់លើខ្លួនឯង។
សញ្ញាបង្ហាញថាកូនមិនសូវមានទំនុកចិត្តលើខ្លួនឯង
មនុស្សយើងតែងតែធ្លាប់ឆ្លងកាត់ពេលណាមួយ ដែលមិនសូវមានទំនុកចិត្តលើខ្លួនឯង តែបើក្មេងៗមិនមានទំនុកចិត្តលើខ្លួនតាំងពីតូច វានឹងធ្វើឲ្យប៉ះពាល់សមត្ថភាពរបស់ពួកគេនៅពេលធំឡើងលើការ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាមិនខាន។
សញ្ញាខាងក្រោមនេះ ប៉ាម៉ាក់ត្រូវចេះសង្កេត ថាកូនកំពុងតែជួបបញ្ហាមិនមានជំនឿចិត្តលើខ្លួនឯង៖
- មិនហ៊ានមើលមុខអ្នកដែលខ្លួនកំពុងនិយាយជាមួយ
- ស្ទាក់ស្ទើរ ឬមិនហ៊ានលេងជាមួយក្មេងផ្សេងទៀត
- ពិបាកក្នុងការរាប់អានមិត្ត
- មិនទុកចិត្តខ្លួនឯង និង
- គ្មានជំនឿចិត្ត ជាដើម។
ខាងក្រោមនេះ ជាតិចនិកចំនួន ៥ ប៉ាម៉ាក់គួរដឹង ដើម្បីជួយឲ្យកូនយើងមានទំនុកចិត្តលើខ្លួនឯង៖
១. កុំបង្អាប់កូន
បើប៉ាម៉ាក់ចេះតែនិយាយថាកូនជាមនុស្ស «ល្ងង់ ធ្វើអ្វីមិនកើត» នោះយូរៗទៅកូននឹងគិតថាខ្លួនគេពិតអន់មែន មិនអាចធ្វើអ្វីបាន។ ការនិយាយបង្អាប់កូនមិនត្រឹមតែមិនបានជួយអ្វីដល់កូនទេ តែថែមទាំងធ្វើឲ្យកូនបាត់បង់ទំនុកចិត្តលើខ្លូនឯងទៀតផង។
២. សរសើរកូន
ការលើកសរសេរកូន មិនមែនមានន័យថាយើងត្រូវបញ្ជោរកូននោះទេ តែវាជាការលើកទឹកចិត្តដល់កូន ទោះបីជាកូនបានធ្វើរឿងតូចតាចណាមួយបានសម្រេចក៏ដោយ។ ក្មេងៗចូលចិត្តសាកល្បង និងរៀនអ្វីថ្មី ដែលអាចនាំឲ្យពួកគេមានរបួសតិចតួច ឬខូចខាតរបស់របខ្លះៗមិនខាន។ ពេលប៉ាម៉ាក់ខឹង ឬមិនសប្បាយចិត្តនឹងអ្វីដែលគេបានធ្វើ នោះក្មេងនឹងលែងហ៊ានធ្វើទៀត ឬអាក់អន់ចិត្តមិនខាន ហើយថែមទាំងអាចបោះបង់អ្វីដែលគេធ្លាប់ព្យាយាមធ្វើកន្លងមកទៀតផង។
៣. ចំណាយពេលនៅជាមួយកូន
ដឹងថាប៉ាម៉ាក់រវល់ច្រើន តែប៉ាម៉ាក់ក៏ត្រូវរកពេលនៅជាមួយកូនឲ្យបានច្រើនតាមតែអាចធ្វើបានដូចគ្នា។ ការផ្ដល់ភាពកក់ក្ដៅឲ្យកូនជារឿងសំខាន់ បើពេលយើងនៅជាមួយកូន យើងគួរលេងជាមួយកូន ជាជាងមើលទូរសព្ទ។
៤. បង្ហាញក្ដីស្រឡាញ់
ការឱប ឬថើប ដែលប៉ាម៉ាក់ធ្វើ នឹងបង្ហាញឲ្យកូនដឹងថាយើងស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះគេខ្លាំង។ ដូចគ្នាដែរ ប៉ាម៉ាក់ត្រូវចេះរកពេលសមរម្យណាមួយ និយាយឲ្យកូនដឹងថា កូនជាអ្វីៗរបស់ប៉ាម៉ាក់ ហើយប៉ាម៉ាក់មានមោទកភាពចំពោះកូន។ មួយវិញទៀត ប៉ាម៉ាក់ត្រូវចេះនិយាយអរគុណកូន នៅពេលកូនធ្វើអ្វីមួយសម្រាប់យើង ទោះជាសកម្មភាពនោះតូចតាចក៏ដោយ។
៥. ផ្ដល់សិទ្ធិឲ្យកូនខ្លះ
ប៉ាម៉ាក់មួយចំនួនទំនងជាតឹងរឹងបន្តិចចំពោះកូន ប៉ុន្តែយើងក៏គួរទុកចន្លោះខ្លះដើម្បីឲ្យកូនមានសិទ្ធិសម្រេចចិត្ត ឬបង្ហាញពីគំនិតផ្ទាល់របស់ពួកគេដែរ។ ការជជែកគ្នា នឹងជួយឲ្យកូនបង្ហាញពីអារម្មណ៍ពិតចេញមកក្រៅ ហើយការវាយតម្លៃលើគំនិតរបស់កូនថាអ៊ីចេះ អ៊ីចុះ គឺបានត្រឹមតែធ្វើឲ្យកូនបាត់បង់ទំនុកចិត្តប៉ុណ្ណោះ។
[embed-health-tool-vaccination-tool]