កង្វះជាតិដែក ជាបញ្ហាមួយដែលម៉ាក់ប៉ាគ្រប់រូបប្រាថ្នាចង់ឲ្យកូនចៀសឲ្យផុត ព្រោះបញ្ហានេះអាចធ្វើឲ្យកូនជួបបញ្ហាស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមទៀត។ មួយវិញទៀត ជំងឺស្លេកស្លាំងលើកុមារ ជាជំងឺធ្ងន់ធ្ងរដែលអាចប៉ះពាល់ទៅដល់ការលូតលាស់ និងការអភិវឌ្ឍន៍របស់កូនបានដែរ។
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីបារាំងបានបកស្រាយឲ្យដឹងថា ម៉ាក់ប៉ាគួរតែតាមដានដិតដល់លើការទទួលបានជាតិដែកជាប្រចាំរបស់កូនៗ។ កាលណាអាអូនខ្វះជាតិដែក កូនច្បាស់ជាងាយកើតជំងឺស្លេកស្លាំង ប៉ះពាល់ដល់សុខភាពអាអូន និងពិបាកដល់យើងជាម៉ាក់ប៉ាទៀត។ វេជ្ជបណ្ឌិតឯកទេសជំងឺកុមាររូបនេះ បន្តថា កុមារដែលងាយប្រឈមនឹងបញ្ហាខ្វះជាតិដែកជាងគេមាន៖
- ទារកកើតមិនគ្រប់ខែ
- ក្មេងផឹកទឹកដោះគោស្រស់មុនអាយុ១ឆ្នាំ
- ទារកបៅទឹកដោះម្ដាយ ដែលមិនមានជាតិដែកគ្រប់គ្រាន់
- ទារកផឹកទឹកដោះគោម្សៅ មិនមានជាតិដែកគ្រប់គ្រាន់
- កុមារអាយុ១-៥ឆ្នាំ ដែលផឹកទឹកដោះគោស្រស់ ទឹកដោះពពែ ឬទឹកសណ្ដែក លើសពី៧០០មល/ថ្ងៃ
- ក្មេងដែលមានជំងឺរ៉ាំរ៉ៃ
- ក្មេងប៉ះពាល់ផ្ទាល់ជាមួយសំណ
- ក្មេងមិនទទួលបានអាហារសម្បូរជាតិដែកគ្រប់គ្រាន់
- ក្មេងស្រីជំទង់អាចបាត់បង់ជាតិដែកតាមរយៈឈាមរដូវ
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ក្មេងខ្វះជាតិដែកធ្ងន់ធ្ងរអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតបាន ប្រសិនបើមិនបានយកចិត្តទុកដាក់ក្នុងការតាមដានខ្ពស់ ពីអាការៈស្លេកស្លាំងទៅលើកូន។ កាលណាមានចំនួនគ្រាប់ឈាមក្រហមមិនគ្រប់គ្រាន់សម្រាប់ដឹកអុកស៊ីសែន និងសារធាតុចិញ្ចឹមនោះ ធ្វើឲ្យកុមារប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់។
បើបារម្ភខ្លាចកូនៗ ខ្វះជាតិដែក ម៉ាក់ប៉ាអាចឲ្យកូនញ៉ាំឲ្យបានគ្រប់គ្រាន់កុំឲ្យខ្វះអាហារូបត្ថម្ភ កុំឲ្យមានការបាត់បង់ឈាមច្រើន ហើយប្រសិនធ្ងន់ធ្ងរខ្លាំងគ្រូពេទ្យនឹងព្យាបាលទៅតាមបច្ចេកទេសរបស់គ្រូពេទ្យ ឬពេលខ្លះត្រូវបញ្ចូលឈាម។ អាហារដែលសម្បូរជាតិដែកដែលអាអូនលើអាយុ៦ខែអាចញ៉ាំបានមានដូចជា ផ្កាខាត់ណាខៀវ សណ្ដែកសៀង តៅហ៊ូ ត្រកួន ឬពពួកគ្រាប់ធញ្ញជាតិ។ល។
[embed-health-tool-vaccination-tool]