ចំពោះទារក (អាយុពី៦-១២ខែ) ការខាំ ក្រញៅ ឬបោចសក់គឺជាមធ្យោបាយមួយដែលអាអូនកំពុងស្វែងយល់ពីអ្វីៗជុំវិញខ្លួន។ ទារកក៏ចូលចិត្តខាំរបស់ផ្សេងៗទៀត នៅពេលដែលកូនចាប់ផ្ដើមដុះធ្មេញមក។ ចុះបើអាអូនចេះខាំ ឬបោចសក់បែបនេះ មានតិចនិកអ្វីអាចដោះស្រាយបានអត់?
ទារក ឬអាអូនតូចៗវ័យចេះដើរ អាចខាំ ក្រញៅ ឬបោចសក់អ្នកដែលនៅក្បែរដៃ នៅពេលដែលហត់ ឃ្លាន ឬនៅពេលដែលចង់ប្រលែងលេងជាមួយម៉ាក់ប៉ាថែមទៀត។ ជួនកាល អាអូនអាចបោចសក់ម៉ាក់ប៉ាពេលដែលមានអារម្មណ៍ធុញថប់ ឬមួម៉ៅនឹងអ្វីម៉្យាង។
មធ្យោបាយល្អបំផុតដោះស្រាយពេលកូនខាំ ឬទាញសក់យើងនោះ គឺការប្រើពាក្យថា “ទេ” និយាយប្រាប់កូនច្បាស់ៗ។ បន្ទាប់មក ដកដៃ ឬមាត់អាអូនចេញពីយើង ឬងាកចេញ ហើយដាក់អាអូនចុះ ។ នៅពេលដែលយើងធ្វើបែបនេះ យើងក៏ដកការយកចិត្តទុកដាក់នឹងអាកប្បកិរិយាបែបនេះដូចគ្នា។ ប្រសិនបើអាអូនខាំ ទាញសក់ ឬបង្ហាញអាកប្បកិរិយាមិនល្អ ម៉ាក់ប៉ាអាចធ្វើតាមវិធីនេះទៀតបាន។
បើអាអូនកំពុងដុះធ្មេញ ម៉ាក់ប៉ាគួរឲ្យរបស់អ្វីមួយដែលអាអូនអាចខាំលេងបាន ព្រោះពេលក្មេងចាប់ផ្ដើមដុះធ្មេញ អាអូនច្បាស់ជារមាស់អញ្ចាញធ្មេញ បណ្ដាលឲ្យអាអូនចូលចិត្តខាំ។ កូនតូចៗនិយមធ្វើអាកប្បកិរិយាណាដែលទទួលបានការចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ពីយើងច្រើន ដូចនេះពេលអាអូនបង្ហាញចរិតមិនល្អ យើងគួរធ្វើប្រងើយ និងសរសើរកូនពេលអាអូនធ្វើអ្វីមួយល្អ។
បន្ថែមពីលើនេះ ពេលដែលកូនយើងខាំ ឬបោចសក់ក្មេងដទៃ យើងគួរចូលទៅនិយាយសុំទោសក្មេង និងម៉ាក់ប៉ារបស់គេ។ ប្រសិនបើយើងបង្ហាញការយកចិត្តទុកដាក់ និងក្ដីបារម្ភទៅកាន់អ្នកដទៃ វាក៏អាចបង្រៀនឲ្យកូនយើងពីការយល់ចិត្តអ្នកដទៃបានដែរ។
[embed-health-tool-vaccination-tool]