មានកូនតូច ម៉ាក់ប៉ាត្រូវប្រយ័ត្ន និងយកចិត្តទុកដាក់រឿងគ្រប់យ៉ាង សូម្បីតែការថែទាំស្បែក មិនអ៊ីចឹងទេ ងាយនឹងមានបញ្ហាកន្ទួលរមាស់ ឬក៏រលាកស្បែក។ ក្នុងនោះម៉ាក់ប៉ា ត្រូវប្រយ័ត្នរឿង ៣យ៉ាងខាងក្រោមនេះ ដើម្បីកុំឲ្យកូនតូចដែលកំពុងស្រលាញ់មានបញ្ហាស្បែកណាមួយ។
១. ប្រយ័ត្នប្រតិកម្មនឹងទឹកដោះ
ស្បែកមុខក្មេងទៅជារោល ហើយមានរលាកតាមគន្លាក់កនោះ គឺបណ្ដាលមកពីពេលបៅដោះម្ដាយ ឬទឹកដោះគោ មានហៀរទៅគន្លាក់ក សម្អាតមិនបានល្អ បែកញើសសើម ងូតទឹករួចជូតអត់ស្ងួត ទើបធ្វើឲ្យកកិតផ្អាប់ជាប់ក យូរៗក៏រលាកស្បែកកូនទៅ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ។
ក្នុងនោះយើងត្រូវសម្អាតទឹកដោះគោ ឬទឹកដោះដែលកំពប់សើមកដោយទឹកស្អាត (ចៀសវាងប្រើកន្សែងសើម ព្រោះវាសម្អាតមិនស្អាតល្អ និងនាំឲ្យកកិត)។ បើកូនបែកញើសច្រើន ត្រូវងូតទឹកពេលថ្ងៃឲ្យកូនម្ដងទៀត និងផ្ដល់បរិយាកាសត្រជាក់ឲ្យកូន កុំឲ្យកូនបែកញើសខ្លាំងពេក។ ពេលងូតទឹកហើយត្រូវជូតឲ្យស្ងួត ដើម្បីជូតសម្អាតកូនឲ្យបានល្អ គឺត្រូវប្រើកន្សែងដែលជក់ទឹកល្អ និងជូតរបៀបផ្ដិតៗបានថែទាំស្បែកកូនបានល្អទន់ល្មើយ (ពេលជូតគួរដាក់កង្ហារបានឆាប់ស្ងួត)។
២. ប្រយ័ត្នប្រតិកម្មខោទឹកនោម
ខោទឹកនោម យើងគួរតែជ្រើសប្រភេទដែលផ្តល់ផាសុកភាពដល់ស្បែកកូន ស្លៀកទៅមិនស្កៀប រមាស់ ហើយកាលណាកូននោមដាក់សើម ឬជុះរួចនោះ មិនត្រូវផ្អាប់ទុកយូរឡើយ ព្រោះមេរោគចូលក្នុងផ្លូវទឹកនោមរបស់កូនតូច ដែលបណ្ដាលមកពីមានការរលោកនៅតាមផ្លូវបង្ហួរនោមចូលដល់បង្ហូរនោម ផ្លោកនោម និងដល់តម្រងនោម។ ជម្រើសល្អគួរស្លៀកឲ្យកូនត្រឹម ៣-៤ ម៉ោង បានហើយ កុំឲ្យលើសរហូតដល់ ៦-១០ ម៉ោង ព្រោះជាហេតុបង្ករោគឆ្លង។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា បើនិយាយពីទារកទើបតែកើត និងក្មេងអាយុក្រោម ១ឆ្នាំ វិញជួបបញ្ហាសើស្បែកដូចជា រលាកស្បែកគូទទារកដោយសារខោទឹកនោម ជួបច្រើនជាងគេក្នុងចំណោមរោគសើស្បែកដទៃ។ ខោទឹកនោមអាចបណ្ដាលឲ្យស្បែកឡើងក្រហម កន្ទួល សង្កៀរស្បែក ។
៣. ប្រយ័ត្នប្រើម្សៅ ឬឡេខុស
ក្មេងតូច ម៉ាក់ៗតែងតែទិញម្សៅហុយ ឬឡេលាប ដើម្បីផ្តល់សំណើមដល់ស្បែកកូន ការពារកន្ទួលរមាស់ តែផ្ទុយទៅវិញ ការលាបម្សៅ ឬឡេមិនបានត្រឹមត្រូវ ហើយទិញផលិតផលមិនសូវមានគុណភាព មិនសមស្របនឹងស្បែកកូន ធ្វើឲ្យស្បែកជួបបញ្ហាលើសដើម។ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ បានបញ្ជាក់ថា ទាំងម្សៅ និងឡេជាផលិតផលធ្វើឡើងបន្ទាប់បន្សំប៉ុណ្ណោះ វាមិនចាំបាច់ខ្លាំងចំពោះកូនឡើយ ពោលលាបក៏បាន មិនលាបក៏គ្មានបញ្ហា។
ចំពោះម្សៅហុយ គ្រូពេទ្យមិនតម្រូវឲ្យប្រើចំពោះកូនតូចទេ ព្រោះរបស់ហុយចូលទៅប្រព័ន្ធផ្លូវដង្ហើមក្មេងអាចបង្កើតទៅជាស្លេស្ម ស្លេស្មបង្កើតទៅជាសម្បោរ ធ្វើឲ្យកណ្ដាស់ ក្អក រហូតបណ្ដាលឲ្យមានបញ្ហារលាកផ្លូវដង្ហើមជាដើម។
[embed-health-tool-vaccination-tool]