ពពួកបាក់តេរីល្អ Probiotics (ប៉្រូបាយអូទិក) ដែលមាននៅក្នុងពោះវៀនកូនយើង មានតួនាទីសំខាន់ក្នុងការជួយប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ កាត់បន្ថយអាការៈផ្សេងៗទាក់ទងនឹងក្រពះពោះវៀន ដូចជា ទល់លាមក ចុកពោះ និងរាក ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ការរក្សាបរិមាណបាក់តេរីល្អក្នុងពោះវៀនកូន ក៏បង្កើនមុខងារប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់អាអូនផងដែរ ហេតុនេះហើយ ម៉ាក់ប៉ាគួរតែបន្ថែមពពួកបាក់តេរីល្អក្នុងពោះវៀនកូន ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនដល់សុខភាពជាមួយវិធីដូចជា៖
១. បំបៅដោះកូន
តាមពិតទៅ ពោះវៀនទារកទើបនឹងកើតសម្បូរបាក់តេរីល្អស្រាប់ ជាពិសេសតាមរយៈការសម្រាលតាមធម្មជាតិ។ ដូចនេះ អ្វីដែលកូនត្រូវការដើម្បីថែទាំវាឲ្យបានកាន់តែល្អនោះ គឺការបៅដោះម្ដាយ។ ទឹកដោះម្តាយល្អឥតខ្ចោះសម្រាប់ទារក វាជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹម ក្នុងនោះដែរក៏មាន ប្រ៉ូបាយអូទិក (បាក់តេរីល្អ) និងប្រ៊ីបាយអូទិក (ចំណីរបស់បាក់តេរីល្អ) ត្រូវបានបញ្ចូនតាមរយៈការបំបៅទឹកដោះម្តាយនេះទៅកាន់កូនតូច។ នេះហើយធ្វើឲ្យបាក់តេរីល្អៗក្នុងក្រពះពោះវៀនរបស់ក្មេងកាន់តែរីកលូតលាស់ច្រើនឡើងបន្ថែម។
២. ញ៉ាំរបបអាហារ ឬម្សៅទឹកដោះគោមាន Probiotics និង Prebiotics
វិធីមួយទៀត ដើម្បីបង្កើនបាក់តេរីល្អ នៅពេលអូនតូចមានអាយុ ចាប់ពី៦ខែឡើង គឺត្រូវប្រាកដថារបបអាហាររបស់កូនមានផ្ទុក Probiotics និង Prebiotics។ អាហារមានប្រ៉ូបាយអូទិក Probiotics ម៉ាក់ប៉ា អាចរកបាននៅក្នុងយ៉ាអួរ គីមឈី ឈីស (Mozarella, Cheddar…) ឬត្រសក់ជ្រក់ (pickle) ជាដើម។ អាហារមានប្រ៊ីបាយអូទិក (Prebiotics) មាននៅក្នុងអាហារដែលផ្ទុកជាតិសរសៃច្រើនដូចជា ដំឡូងជ្វា ចេក ប្រូខូលី ផ្លែសារី ខ្ទឹម។ល។
ករណី ម៉ាក់ៗមិនអាចបំបៅកូនដោយទឹកដោះម្តាយ ម៉ាក់ៗ គួរជ្រើសរើសម្សៅទឹកដោះគោសម្រាប់កូនតូច ដែលមានទាំង Prebiotics និង Probiotics បូកបញ្ចូលគ្នា។ រូបមន្តថ្មីចុងក្រោយនៃម្សៅទឹកដោះគោ ដោយមានការសំយោគចូលគ្នារវាងប្រ៉ូបាយអូទិក និង ប្រ៊ីបាយអូទិក ហៅថា ស៊ីនបាយអូទិក (SYNBIOTICS) ជួយកសាងប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ និងអភិវឌ្ឍប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ។ ម៉ាក់ៗនឹងសង្កេតឃើញថា បញ្ហាក្រពះពោះវៀនរបស់កូនតូច ដូចជា ការទល់លាមក ចុកពោះ និងអាការៈរាកដោយសារបាក់តេរីអាក្រក់ នឹងត្រូវបានកាត់បន្ថយច្រើន ហើយ មិនងាយឈឺទៀត។
[embed-health-tool-vaccination-tool]