backup og meta

ចំណីអាហារក្មេងមានបញ្ហាលើសកូលេស្តេរ៉ូល មិនគួរញ៉ាំ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Sao Solynet · កែ Jan 29, 2021

    ចំណីអាហារក្មេងមានបញ្ហាលើសកូលេស្តេរ៉ូល មិនគួរញ៉ាំ

    ពីមុន​មក បញ្ហា​លើស​កូលេស្តេរ៉ូល​នេះ​ត្រូវ​បាន​គេ​គិត​ថា​អាច​​​កើត​ឡើង​តែ​លើ​មនុស្ស​ចាស់ ក៏​ប៉ុន្តែ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​កំណក​ដុំ​ខ្លាញ់​ទាំង​នោះ​អាច​​ចាប់​ផ្តើម​​កកើត​ឡើង​តាំង​ពី​កុមារភាព​មក​ម្ល៉េះ។

    រាងកាយ​របស់​ក្មេងៗ​​ត្រូវការ​កូលេស្តេរ៉ូល​ដើម្បី​ការពារ​សរសៃ​ប្រសាទ ក៏​ដូចជា​ផលិត​ជាលិកា​ថ្មី​ៗ និង​ពពួក​អ័រម៉ូន​មួយ​ចំនួន ក៏​ប៉ុន្តែ ប្រសិន​បើ​បរិមាណ​របស់​វា​មាន​ច្រើន​លើបលុប​​ពេក ​វា​អាច​ធ្វើ​ឲ្យ​ខូច​រចនាសម្ព័ន្ធ​របស់​សរសៃ​ឈាម។ ប្រសិន​បើ​ក្មេង​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល​នេះ គប្បី​តាមដាន​ការញ៉ាំ​​អាហារ​​​ឲ្យ​បាន​ដិតដល់​ដើម្បី​ប្រាកដ​ថាកូន​​​ញ៉ាំ​​អាហារ​​មាន​តុល្យភាព។ វិធី​មួយ​ចំនួន​ខាង​ក្រោម​នេះ​អាច​ជួយ​ឲ្យម៉ាក់​​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូ​លដល់​កូន​។​

    អានព័ត៌មាននៅលើស្លាកសញ្ញាចំណីអាហារដោយប្រុងប្រយ័ត្ន

    ជាទូទៅ ស្លាក​សញ្ញា​របស់​ម្ហូប​អាហារ​ផ្តល់​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​គ្រឿង​ផ្សំ​របស់​វា ដូចជា ចំនួន​កាល់ឡូរី អាហារូបត្ថម្ភ និង​ប្រភព​ខ្លាញ់​របស់​វា។ គប្បី​ជៀសវាង​រាល់​ពពួក​អាហារ​ដែល​មាន​តែ​កាល់ឡូរី​សុទ្ធ សម្បូរ​កូលេស្តេរ៉ូល ខ្លាញ់​ឆ្អែត និង​គ្រឿង​ផ្សំ​មិន​ល្អ​ផ្សេង​ៗ​ទៀត។

    កាត់​បន្ថយ​ការ​ញ៉ាំ​​សារធាតុ​ខ្លាញ់

    ប៉ាម៉ាក់​​គប្បីឲ្យ​កូន​ញ៉ាំ​​ពពួក​ក្រុម​អាហារ យ៉ាង​នេះ​ជំនួស​វិញមាន​ ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ សណ្តែក និង​ត្រី។ ប្រភេទ​អាហារ​ទាំង​នេះ​មាន​កូលេស្តេរ៉ូល​តិច ហើយ​​ក៏​អាច​ជួយ​កាត់​បន្ថយ​បរិមាណ​កូលេស្តេរ៉ូល​ក្នុង​ខ្លួន​បាន​មួយ​កម្រិត​ផង​ដែរ។

    ប្រសិន​បើ​កូន​ចង់​ញ៉ាំ​សាច់ ប៉ាម៉ាក់​​អាចឲ្យ​កូន​​ព្យាយាម​ញ៉ាំ​ពពួក​សាច់​សុទ្ធ ឬ​ក៏​ឆ្កឹះ​ខ្លាញ់​ចេញ (ប្រសិន​បើ​សាច់​ដែល​ញ៉ាំ​សម្បូរ​​ខ្លាញ់)។ ចំពោះ​ទឹកដោះគោ​វិញ គប្បី​ឲ្យ​គេ​ទទួលទាន​ពពួក​ទឹកដោះគោ​ដែល​មាន​ខ្លាញ់​ទាប​ផង​ដែរ។ មួយ​វិញ​ទៀត គប្បី​ឲ្យ​កូន​ញ៉ាំ​​ពពួក​បឺរ ឬ​ប្រេង Magarine ជាជាង​បឺរ​ធម្មតា ​ព្រោះ​មាន​សារធាតុ​ខ្លាញ់​ឆ្អែត​តិច​ជាង។ គប្បី​ឲ្យ​កូន​ជៀសវាង​រាល់​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​​ទៅ​ដោយ​​ពពួក​ខ្លាញ់​មិន​ឆ្អែត Trans fats ឬ ប្រេង hydrogenated ផង​ដែរ។

    ជំងឺធាត់លើក្មេងៗ

    ជ្រើសរើសអាហារសម្រន់​ដោយប្រុងប្រយ័ត្ន

    ពពួក​នំ​ឃុកឃី (Cookies) និង​នំ​Crackers មិន​មែន​ជា​ជំរើស​អាហារ​សម្រន់​ល្អ​នោះ​ទេ។ គប្បី​ព្យាយាម​ឲ្យ​ពួក​គេ​ញ៉ាំ​ពពួក​បន្លែ​ផ្លែឈើ​ជំនួស​វិញ។ ប៉ាម៉ាក់​​អាច​សាកល្បង​ធ្វើ​អាហារ​សម្រន់​​ឲ្យ​កូន​​ដោយ​ខ្លួន​ឯង ហើយ​បើ​ចង់​បាន​រសជាតិ​ឆ្ងាញ់​នោះ អាច​សាកល្បង​ចិត​ផ្លែប៉ោម​ជា​ចំណិត​ៗ រួច​ដាក់​​បឺរ​សណ្តែក​ដី​លាយ​ជាមួយ​នឹង​​ទឹកដោះគោ​ជូរ​​​ដែល​មាន​ខ្លាញ់​តិច។ ទឹក​ផ្លែឈើ​ស្រស់ និង​ពពួក​បន្លែ​ឆៅ ដូចជា ការ៉ុត​តូច​ៗ ឬ​ក៏​ពោត​លីង​សាប​​ក៏​ជា​ជម្រើស​​ល្អ​មួយ​ផង​ដែរ។

    ឲ្យកូន​ញ៉ាំអាហារថ្ងៃត្រង់មានតុល្យភាព

    ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​​ញ៉ាំ​​អាហារ​ថ្ងៃត្រង់​ដែល​សម្បូរ​អាហារូបត្ថម្ភ ក៏​ប៉ុន្តែ​មាន​ជាតិ​ខ្លាញ់​ទាប ហើយ​គួរ​តែ​ព្យាយាម​ឲ្យ​កូន​​ញ៉ាំ​បន្លែ​​សម្បូរ​​​ជាតិ​សរសៃ វីតាមីន និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ផង​ដែរ។ មួយវិញទៀត ព្យាយាម​ពន្យល់​កូន​​ឲ្យ​កាត់​បន្ថយ ឬ​បើ​អាច​ ឈប់​​ញ៉ាំ​អាហារ​ដែល​លក់​នៅ​សាលា ដូចជា ពពួក​នំ​កញ្ចប់​សម្បូរ​​ជាតិ​ខ្លាញ់ គ្រឿង​កំប៉ុង និង​ទឹក​ក្រូច​ជាដើម។

    កុំតឹងរឹងពេក

    ក្មេង​ត្រូវ​ការ​ពេល​លេង និង​សម្រាក​។ ទោះ​បី​ជា​កូន​​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល មិន​មែន​មាន​ន័យ​ថា​​មិន​អាច​ទៅ​ចូលរួម​លេង​សប្បាយ​កម្មវិធី​ខួប​កំណើត ឬ​ជប់លៀង​ជាមួយ​មិត្តភក្តិ​​​ទាំង​អស់​នោះ​ទេ។ គប្បី​ទុក​ថ្ងៃ​ឲ្យ​កូន​​ញ៉ាំ​ការ៉េម ភីហ្សា​ និង​អាហារ​ដែល​គេ​ចង់​ញ៉ាំ​ខ្លះ តែ​មិន​មែន​​រាល់​ថ្ងៃ​នោះ​ទេ ក្រៅ​ពី​ថ្ងៃ​សម្រាក​នេះ​ត្រូវ​ប្រាកដ​ថា​កូន​ញ៉ាំ​​អាហារ​ដែល​មាន​តុល្យភាព​ជា​រៀងរាល់​ថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Sao Solynet · កែ Jan 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម