
៣– ជ្រើសរើសអាហារសម្រន់ដោយប្រុងប្រយ័ត្ន
ពពួកនំឃុកឃី (Cookies) និងនំCrackers មិនមែនជាជំរើសអាហារសម្រន់ល្អនោះទេ។ គប្បីព្យាយាមឲ្យពួកគេញ៉ាំពពួកបន្លែផ្លែឈើជំនួសវិញ។ ប៉ាម៉ាក់អាចសាកល្បងធ្វើអាហារសម្រន់ឲ្យកូនដោយខ្លួនឯង ហើយបើចង់បានរសជាតិឆ្ងាញ់នោះ អាចសាកល្បងចិតផ្លែប៉ោមជាចំណិតៗ រួចដាក់បឺរសណ្តែកដីលាយជាមួយនឹងទឹកដោះគោជូរដែលមានខ្លាញ់តិច។ ទឹកផ្លែឈើស្រស់ និងពពួកបន្លែឆៅ ដូចជា ការ៉ុតតូចៗ ឬក៏ពោតលីងសាបក៏ជាជម្រើសល្អមួយផងដែរ។
៤– ឲ្យកូនញ៉ាំអាហារថ្ងៃត្រង់មានតុល្យភាព
ប៉ាម៉ាក់គប្បីឲ្យកូនញ៉ាំអាហារថ្ងៃត្រង់ដែលសម្បូរអាហារូបត្ថម្ភ ក៏ប៉ុន្តែមានជាតិខ្លាញ់ទាប ហើយគួរតែព្យាយាមឲ្យកូនញ៉ាំបន្លែសម្បូរជាតិសរសៃ វីតាមីន និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ។ មួយវិញទៀត ព្យាយាមពន្យល់កូនឲ្យកាត់បន្ថយ ឬបើអាច ឈប់ញ៉ាំអាហារដែលលក់នៅសាលា ដូចជា ពពួកនំកញ្ចប់សម្បូរជាតិខ្លាញ់ គ្រឿងកំប៉ុង និងទឹកក្រូចជាដើម។
៥– កុំតឹងរឹងពេក
ក្មេងត្រូវការពេលលេង និងសម្រាក។ ទោះបីជាកូនមានបញ្ហាលើសកូលេស្តេរ៉ូល មិនមែនមានន័យថាមិនអាចទៅចូលរួមលេងសប្បាយកម្មវិធីខួបកំណើត ឬជប់លៀងជាមួយមិត្តភក្តិទាំងអស់នោះទេ។ គប្បីទុកថ្ងៃឲ្យកូនញ៉ាំការ៉េម ភីហ្សា និងអាហារដែលគេចង់ញ៉ាំខ្លះ តែមិនមែនរាល់ថ្ងៃនោះទេ ក្រៅពីថ្ងៃសម្រាកនេះត្រូវប្រាកដថាកូនញ៉ាំអាហារដែលមានតុល្យភាពជារៀងរាល់ថ្ងៃ។