backup og meta

ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2020

    ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន

    ស្ត្រី​ដែល​បំបៅ​ដោះ​កូន ភាគ​ច្រើន​ដឹង​ពី​សុដន់​របស់​ខ្លួន​ច្បាស់ ប្រសិន​បើ​មាន​ការ​ប្រែ​ប្រួល​អ្វី​កើត​ឡើង​លើ​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន ម៉ាក់​ៗ​អាច​ទទួល​បាន​អារម្មណ៍​ភ្លាម។ ពេល​ខ្លះ អំឡុង​ពេល​បំបៅ​ដោះ ម៉ាក់ៗ​អាច​រក​ឃើញ​ថា​នៅ​ក្នុង​សុដន់​មាន​ដុំ​រឹង ជា​ហេតុ​ធ្វើ​ម៉ាក់ៗ​ឲ្យ​បារម្ភ​ពី​បញ្ហា​មហារីក​សុដន់។

    ចំណែក​ស្ត្រី​ដែល​មាន​ជំងឺ​មហារីក​សុដន់ តែង​បារម្ភ​ពី​សុវត្ថិភាព​បំបៅ​ដោះ​កូន និង​អាច​ឆ្ងល់​ថា ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​អាច​ប៉ះពាល់​ទៅ​ដល់​កូន​ដែរ ឬ​យ៉ាង​ណា។

    ស្ត្រី​អាច​កើត​ជំងឺ​មហារីក​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន​ទេ?

    ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​អាច​ប្រឈម​នឹង​កើត​ជំងឺ​មហារីក​សុដន់​ តែ​ករណី​នេះ​ជា​ករណី​កម្រ​នឹង​មាន។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជំងឺ​មហារីក​ជាតិ​សហរដ្ឋអាមេរិក (NCI) ឲ្យ​ដឹង​ថា ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​កើន​ឡើង​ជា​បណ្ដោះ​អាសន្ន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ពពោះ និង​សម្រាល​កូន​រួច។ ហានិភ័យ​នេះ​អាច​ជា​លទ្ធផល​នៃ​បម្រែបម្រួល​អ័រម៉ូន​អំឡុង​ពេល​មាន​ផ្ទៃពោះ។

    ផ្ទុយ​ទៅ​វិញ ការ​បំបៅ​ដោះ​កូន កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់ ជា​ពិសេស ចំពោះ​ស្ត្រី​ដែល​ជិត​អស់​រដូវ។ អំឡុង​ពេល​ពពោះ និង​បំបៅ​ដោះ​កូន កាត់​បន្ថយ​ចំនួន​វដ្ដ​រដូវ​ដែល​ស្ត្រី​មាន ដែល​អាច​កាត់​បន្ថយ​អ័រម៉ូន​ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក​ផ្សេងៗ។

    កត្តា​អ្វី​ខ្លះ​ដែល​អាច​បង្ក​ឲ្យ​មាន​ដុំ​រឹង​ក្នុង​សុដន់ ពេល​កំពុង​បំបៅ​ដោះ​កូន?

    មិន​មែន​មាន​តែ​ជំងឺ​មហារីក​ទេ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ដុំ​ក្នុង​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន បញ្ហា​មួយ​ចំនួន​ទៀត ក៏​អាច​បង្ក​ឲ្យ​មាន​ដុំ​ក្នុង​សុដន់​បាន​ដែរ​ដូច​ជា ឡើង​ប៉ោង បូស គីស ស្ទះ​ថង់​ទឹក​ដោះ និង​លាស​ដោះ ជាដើម។

    ចុះ​បើ​ស្ត្រី​មាន​ជំងឺ​មហារីក​សុដន់ អាច​បំបៅ​ដោះ​កូន​បាន​ទេ?

    ខាង​ក្រុម​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ស្ត្រី​បញ្ឈប់​ការ​បំបៅ​ដោះ​កូន ក្នុង​ករណី​ដែល​រក​ឃើញ​ថា​ស្ត្រី​កើត​ជំងឺ​មហារីក​សុដន់។ មធ្យោបាយ​ព្យាបាល​ជំងឺ​មហារីក​សុដន់​ជា​ច្រើន​អាច​ប៉ះពាល់​ទៅ​ដល់​ការ​ផលិត​ទឹក​ដោះ ឬ​អាច​ប៉ះពាល់​ទៅ​ដល់​កូន បើ​កូន​បៅ​ដោះ​ម្ដាយ។ ខាង​ក្រុម​គ្រូពេទ្យ​នឹង​ជួយ​ស្វែង​រក​មធ្យោបាយ​ព្យាបាល​ដែល​ស័ក្តិសម​សម្រាប់​យើង ព្រោះ​ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​អាច​ខុស​គ្នា​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់។

    បើ​ឃើញ​មាន​ដុំ​ក្នុង​សុដន់ ពេល​ណា​ស្ត្រី​គួរ​ជួប​ពេទ្យ?

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់​ថា ជា​ធម្មតា កើត​ដុំ​នៅ​ក្នុង​សុដន់​មិន​មែន​ជា​ដុំ​មហារីក ឬ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ ភ័យ​ខ្លាច​ទេ តែ​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ប្រសិន​បើ​៖

    • ដុំ​មិន​រលាយ​ទៅ​វិញ
    • ដុំ​រីក​ធំ​ឡើងៗ
    • ពេល​ស្ទាប​ទៅ ដុំ​មិន​កម្រើក​ចុះ​ឡើង
    • ធ្វើ​ឲ្យ​ស្បែក​ឡើង​មាន​សភាព​ដូច​សំបក​ក្រូច។ល។

    និយាយ​ជា​រួម ស្ត្រី​គួរ​តែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ រាល់​ពេល​ដែល​មាន​ចម្ងល់​នានា​ទាក់​ទង​នឹង​បញ្ហា​សុខភាព​សុដន់ ឬ​បញ្ហា​សុខភាព​ទូទៅ​តែ​ម្ដង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម