ឫសដូងបាតគឺជាបណ្តុំសរសៃឈាមធម្មតា។ ប៉ុន្តែកាលណាសរសៃឈាមទាំងនេះរីកធំ វាអាចបណ្តាលឲ្យមានជំងឺឫសដូងបាតខាងក្នុង (ទីតាំងនៅខាងក្នុង) ឬជំងឺឫសដូងបាតខាងក្រៅ (នៅជុំវិញទ្វារធំ)។ ដោយសារភាពជាសរសៃឈាម និងទីតាំងរបស់ឫសដូងបាត កត្តាហានិភ័យមួយចំនួន ដូចជាការទល់លាមក ការអង្គុយយូរនៅលើចានបង្គន់ ការមានផ្ទៃពោះញឹកញាប់ពេក អាចបង្កើនសម្ពាធរបស់សរសៃឈាមវ៉ែន និងធ្វើឲ្យសរសៃឈាមរីកប៉ោងខុសធម្មតា ដែលនាំឲ្យមានរោគសញ្ញានៃជំងឺឫសដូងបាតដូចជា ការហូរឈាម ហើម និងឈឺចាប់។
វេជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំ មកពីប្រទេស សិង្ហបុរី បានឲ្យដឹងថា គេបែងចែកជំងឺឫសដូងបាត ជា ៤ ដំណាក់កាល។
ដំណាក់កាលទី១៖ ជាដំណាក់កាលដំបូង ដែលកញ្ចុំសរសៃឈាមនៅទ្វារធំមានការហើម និងរីកធំ ស្ថិតនៅផ្នែកខាងក្នុង មិនធ្លាក់ ឬលយចេញមកក្រៅ។
ដំណាក់កាលទី២៖ កញ្ចុំសរសៃឈាមនៅទ្វារធំ (សាច់ឫសដូង) ចាប់ផ្តើមលយចេញមកក្រៅ តិចៗ និងអាចបាត់ទៅវិញដោយខ្លួនឯង។
ដំណាក់កាលទី៣៖ ជាដំណាក់កាលដែលសាច់ឫសដូងនៅទ្វារធំ លយចេញមកខាងក្រៅ ប៉ុន្តែអាចរុញចូលទៅក្នុងទ្វារធំវិញបាន។
ដំណាក់កាលទី៤៖ ជាដំណាក់កាលធ្ងន់ធ្ងរ ដែលសាច់ឫសដូងលយចេញមកក្រៅកាន់តែខ្លាំង ហើយមិនអាចរុញចូលទៅក្នុងវិញបានទេ។
អ្នកជំងឺឫសដូងបាតជាច្រើនមានការយឺតយ៉ាវក្នុងការទៅជួបគ្រូពេទ្យ ដោយសារតែការភ័យខ្លាច ពិសេសគឺខ្មាសអៀនតែម្តង។ ទាល់តែដល់ដំណាក់ធ្ងន់ធ្ងរឈឺទ្រាំលែងបាន ទើបអ្នកជំងឺរត់ទៅរកពេទ្យ។
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ការព្យាបាលជំងឺឫសដូងបាតធ្វើឡើងទៅតាមដំណាក់កាលនីមួយៗ។ បើអ្នកជំងឺកើតឫសដូងបាតនៅដំណាក់កាលដំបូងៗ ត្រឹមតែលាប ឬលេបថ្នាំប៉ុណ្ណោះ។ ឯដំណាក់កាលទី៣ និងទី៤ តម្រូវឲ្យចាក់ថ្នាំ ចងសរសៃ ឬវះកាត់។
ថ្នាំលេបដែលមានសកម្មភាពលើសរសៃឈាមវ៉ែន (ថ្នាំពង្រឹងសរសៃឈាម) មានប្រសិទ្ធភាពក្នុងការបន្ថយរោគសញ្ញានៃជំងឺឫសដូងបាត។ វាអាចកាត់បន្ថយនូវភាពមិនស្រណុក ការហូរឈាម និងការធ្លាក់ចេញមកក្រៅ។ អ្នកអាចប្រើតែថ្នាំនេះមួយមុខ ឬផ្សំជាមួយក្រែមលាប ឬថ្នាំសុល ជាដើម។
ការព្យាបាលផ្សេងទៀតដូចជាថ្នាំបន្ទន់លាមកមានសកម្មភាពជួយសម្រួលចលនាពោះវៀន ដែលមានសារៈសំខាន់ក្នុងការកុំឲ្យមានការប៉ះទង្គិចនៅកញ្ចុំសរសៃឫសដូងបាត។គ្រូពេទ្យនឹងណែនាំពីការព្យាបាលដែលសមស្របបំផុត ដោយផ្អែកលើស្ថានភាពរបស់អ្នកជំងឺ។
[embed-health-tool-bmr]