backup og meta

៦ ទម្លាប់​សាមញ្ញៗប្រចាំថ្ងៃ អាចធ្វើឲ្យភ្នែកខូចដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 16, 2020

    ៦ ទម្លាប់​សាមញ្ញៗប្រចាំថ្ងៃ អាចធ្វើឲ្យភ្នែកខូចដោយមិនដឹងខ្លួន

    ភ្នែក ជា​ផ្នែក​នៅ​លើ​រាង​កាយ​ដែល​យើង​អត់​មិន​បាន វាជួយ​ឲ្យ​យើង​មើល​ឃើញ​ពី​អ្វី​គ្រប់​យ៉ាង​ដែល​កើត​ឡើង​ជុំ​វិញ​ខ្លួន​យើង។ ធម្មតា ភ្នែក​កម្រ​នឹង​មាន​បញ្ហា​ធំដុំ​នាំ​ទុក្ខ​ឲ្យ​យើង​ណាស់ ទើប​មាន​គ្នា​យើង​មួយ​ចំនួន​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ភ្នែក​ឲ្យ​បាន​ល្អ។

    មាន​ដឹង​ទេ​ថា នៅ​ពេល​ដែល​ភ្នែក​កើត​ជំងឺ​វា​អាច​ផ្ដល់​ផល​ពិបាក​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​យើង ឬ​បើ​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យ​យើង​មើល​លែង​ឃើញ ហើយ​សកម្មភាព​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ ក៏​ជា​ចំណែក​មួយ​ចូលរួម​ធ្វើ​ឲ្យ​សមត្ថភាព​ភ្នែក​ចុះ​ខ្សោយ​ដែរ។ បើ​ចង់​ឲ្យ​ភ្នែក​ល្អ មើល​ឃើញ​វត្ថុ​ច្បាស់​ទោះ​វ័យ​វិវត្ត​ក្ដី យើង​គួរ​កែប្រែ​ទម្លាប់​ប៉ុន្មាន​ខាង​ក្រោម​នេះ​ចេញ៖

    ១. មិន​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ៖ ពេល​យើង​មិន​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ ដូច​យើង​បើក​ចំហ​ភ្នែក​ឲ្យ​ត្រូវ​ឥទ្ធិពល​ UV ​មិន​ល្អ​ដែល​អាច​ប៉ះពាល់​ដល់​កែវ​ភ្នែក និង​ត្របក​ភ្នែក​។ បើ​យើង​ឲ្យ​ភ្នែក​ត្រូវ​កម្ដៅ​ថ្ងៃ​ក្នុង​រយៈ​ពេល​យូរ វា​អាច​បណ្ដាល​ឲ្យ​រលាក​ផ្ទៃ​ខាង​លើ​នៃ​ភ្នែក ឬ​ក្នុង​ករណី​កម្រ​ខ្លះ អាច​កើត​ជា​មហារីក​ត្របក​ភ្នែក​ទៀត​ផង។

    ២. ជក់​បារី៖ គ្រប់​គ្នា​ដឹង​ហើយ​ថា ការ​ជក់​បារី​ប៉ះពាល់​ស្ទើរ​តែ​គ្រប់​ផ្នែក​ដល់​រាង​កាយ បូក​រួម​ទាំង​ភ្នែក​ដែរ។ អ្នក​ជក់​បារី​ងាយ​បាត់​បង់​គំហើញ ​៤ដង បើ​ធៀប​នឹង​មនុស្ស​ធម្មតា​មិន​ជក់​បារី ប៉ុន្តែ​បើ​យើង​ផ្ដាច់​បារី​បាន ទោះ​វ័យ​ណា​ក៏​ដោយ អាច​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ។

    ៣. ញី​ភ្នែក៖ ស្បែក​ដែល​នៅ​ជុំ​ភ្នែក​មាន​សភាព​ទន់ ស្ដើង ហើយ​វា​ធ្វើ​ឲ្យ​ការ​ញី​ភ្នែក​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​តូច​ៗ​នៅ​ក្រោម​ស្បែក និង​បណ្ដាល​ឲ្យ​ភ្នែក​ខ្មៅ ឬ​មើល​ទៅ​ហើម។ បើ​យើង​ញី​ភ្នែក​ញឹក​ញាប់​ក្នុង​រយៈ​ពេល​យូរ វា​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ប៉ោងកញ្ចក់ភ្នែក (​cornea) ជា​ជំងឺ​ភ្នែក​ម៉្យាង​ធ្វើ​ឲ្យ​បាត់​បង់​គំហើញ​បាន។

    ៤. គេង​មិន​គ្រប់​គ្រាន់៖ ការ​គេង​មិន​គ្រប់​គ្រាន់​អាច​បណ្ដាល​ឲ្យ​ភ្នែក​ឡើង​ក្រហម ភ្នែក​ខ្មៅ ភ្នែក​ស្ងួត ញាក់​ភ្នែក និង​ស្រវាំង​ភ្នែក។ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ភ្នែក​ប៉ុណ្ណោះ​ទេ ការ​គេង​មិន​គ្រប់​គ្រាន់​ក៏​អាច​ប៉ះពាល់​ដល់​ផ្នែក​សុខភាព​ទូទៅ​របស់​យើង​បាន​ដែរ។

    ៥. មាន​របប​អាហារ​មិន​ល្អ៖ បើ​យើង​មិន​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​គ្រប់​គ្រាន់​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ មាន​ន័យ​ថា យើង​ទទួល​បាន​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​មិន​គ្រប់​គ្រាន់​សម្រាប់​សុខភាព​ភ្នែក។ យក​ល្អ គួរ​តែ​ញ៉ាំ​អាហារ​ដែល​មាន​វីតាមីន​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​គំហើញ​ភ្នែក ដើម្បី​ការពារ​ភ្នែក​ពី​ជំងឺ​ផ្សេងៗ។

    ដូច​គ្នា​នេះ​ដែរ ការ​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ឬ​ញ៉ាំ​អាហារ​មាន​ជាតិ​សូដ្យូម​ខ្ពស់ អាច​ធ្វើ​ឲ្យ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក ជាហេតុ​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត ផលិត​ទឹក​ភ្នែក​មិន​គ្រប់​គ្រាន់ ដើម្បី​ផ្ដល់​សំណើម​ដល់​ភ្នែក។

    ៦. មិន​ពិនិត្យ​ភ្នែក​៖ ការ​ពិនិត្យ​ភ្នែក​ជា​ប្រចាំ​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​បញ្ហា​ភ្នែក​មុន​ពេល​វា​កើត​ឡើង ជា​ពិសេស​ដូច​ជា​ជំងឺ​ទឹក​ដក់​ក្នុង​បាត​ភ្នែក ដែល​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ឲ្យ​យើង​ដឹង​មុន។ ​

    ភ្នែក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម