ស្រីៗគ្នាយើងធ្លាប់បានឮពីកៅអៀកបិតពន្យារកំណើតដែរអត់? នៅខ្មែរយើង មិនសូវនិយមប្រើកៅអៀកពន្យារកំណើតទេ តើមធ្យោបាយពន្យារកំណើតមួយនេះមានប្រសិទ្ធភាពយ៉ាងម៉េច ហើយមានផលរំខានអីខ្លះពេលប្រើវា?
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានពន្យល់ថា កៅអៀកពន្យារកំណើត មានរាងជ្រុងៗ មានពណ៌ថ្លា មើលមួយភ្លែតស្រដៀងនឹងបង់ យើងយកមកបិតដំបៅដែរ ហើយវាជាមធ្យោបាយពន្យារកំណើតមួយមិនបង្កការឈឺចាប់ដល់ស្ត្រីឡើយ។ លោកបន្តថា កៅអៀកពន្យារកំណើតផ្សំឡើងដោយសារធាតុដូចគ្នានឹងថ្នាំពន្យារកំណើតដែររួមមាន ទី១. អីស្ត្រូហ្សែន និងទី២. ប្រូហ្សែស្ទីន។
អត្ថប្រយោជន៍ទទួលបានពីការប្រើកៅអៀកពន្យារកំណើត
– ការពារមិនឲ្យមានផ្ទៃពោះយ៉ាងមានប្រសិទ្ធភាព
– បន្ថយបរិមាណវដ្ដរដូវស្ត្រី
– មិនសូវឈឺចាប់ពេលមករដូវ
– ងាយស្រួលសម្រាប់ស្ត្រីពិបាកលេបថ្នាំគ្រាប់
– ត្រូវការបិតតែម្ដង/សប្ដាហ៍ប៉ុណ្ណោះ
– បន្ថយសញ្ញារលាកនៅសរីរាង្គអាងត្រគាកតូច
– អត្រាឆាប់មានកូនត្រឡប់មកដូចដើមលឿន ក្រោយបកបន្ទះកៅអៀកចេញ។ល។
វេជ្ជបណ្ឌិតរូបនេះ បានឲ្យដឹងទៀតថា បូកបន្ថែមពីលើប្រយោជន៍ដែលទទួលបានពីកៅអៀកបិទពន្យារកំណើតនេះ វាក៏ផ្ដល់ផលរំខានខ្លះៗដល់ស្ត្រីដែរដូចជា៖
- ប៉ះពាល់ដល់ស្បែក
- ក្អួត ចង្អោរ
- ឈឺក្បាល វិលមុខ
- ឡើងទម្ងន់
- ហត់ អស់កម្លាំង
- ឡើងមុន
- អាចឆ្លងមេរោគនៅទ្វារមាស និងធ្លាក់ស
- ផ្លាស់ប្ដូរអារម្មណ៍លឿន
- ហានិភ័យជួបនឹងបញ្ហាកកឈាម គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម។ល។
លោកបន្ថែមឲ្យដឹងថា នៅពេលដែលយើងកៅអៀកពន្យារកំណើតបានត្រឹមត្រូវ នោះការទប់ស្កាត់ការមានផ្ទៃពោះក៏មានប្រសិទ្ធភាពខ្ពស់ដែរ ហើយចំពោះស្ត្រីដែលប្រើកៅអៀកនេះថា វាងាយស្រួលជាងការលេបថ្នាំពន្យារកំណើតទៅទៀត។
ទោះយ៉ាងណាក៏ដោយ កៅអៀកពន្យារកំណើតផ្ដល់ឲ្យអ្នកប្រើប្រាស់ទាំងប្រយោជន៍ និងផលរំខាន ដូចនេះ មុននឹងសម្រេចប្រើវា ស្ត្រីគ្រប់រូបគួរតែទៅពិភាក្សាជាមួយអ្នកជំនាញឲ្យបានច្បាស់សិនថា តើយើងស័ក្តិសមនឹងការប្រើកៅអៀកពន្យារកំណើត ឬមធ្យោបាយពន្យារកំណើតផ្សេងៗទៀត។
[embed-health-tool-ovulation]