backup og meta

ដឹង​អត់​ថា​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ប្រឈម​នឹង​បញ្ហាគាំង​បេះដូង?​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 17, 2020

    ដឹង​អត់​ថា​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ប្រឈម​នឹង​បញ្ហាគាំង​បេះដូង?​​​​

    ​​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ដូចជា​ការ​​ដាក់​សម្ពាធ​ដល់​បេះដូង​របស់​យើង​ដូច្នោះ​ដែរ​ ជា​ពិសេស​​​អាហារ​ពេល​ល្ងាច​ វា​នឹង​បង្កើន​ឱកាស​គ្រោះ​ថ្នាក់​នៃ​​​អាការៈ​គាំង​បេះដូង​កាន់​តែ​ច្រើន​ឡើង​។

    ការ​ស្រាវជ្រាវ​មួយ​ បាន​បង្ហាញ​ថា​ ​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ប្រៀប​ដូចជា​ធ្នាក់​ដែល​ភ្ជាប់​យើង​ទៅ​រក​បញ្ហា​គាំង​បេះដូង​បាន​យ៉ាង​ងាយ​ ​ហើយ​​កត្តា​​នេះ​ ច្រើន​តែ​កើត​លើ​មនុស្ស​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន​ ឬ​អ្នក​ដែល​ធាត់​ជ្រុល​ មាន​កូលេស្តេរ៉ូល​ខ្ពស់​ ​មាន​សម្ពាធ​ឈាម​ខ្ពស់​ ឬ​អ្នក​ដែល​មាន​អាយុ​ច្រើន​។

    ​​ប្រសិន​បើ​យើង​ញ៉ាំ​ច្រើន ​ឱកាស​​​គាំង​បេះដូង​ នឹង​កើន​ឡើង​ដល់​ទៅ​៤ដង​ ក្នុង​រយៈពេល​ពីរ​ម៉ោង​ បន្ទាប់​ពី​ញ៉ាំ​រួច​។​ សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​​គាំងបេះដូង​ខ្ពស់​ជាងគេ​​ មាន​ដូចជា​អ្នក​ដែល​​បញ្ចេញ​កម្លាំង​ច្រើន ឆាប់​ខឹង​​ ធ្លាប់​មាន​ជំងឺ​បេះដូង​ ដូចជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ ឬ​ធ្លាប់​គាំង​បេះដូង​ពី​មុន​មក​។

    .​ហេតុអ្វី​ការ​ញ៉ាំ​ច្រើន​ ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​អាការៈ​គាំង​បេះដូង?

    ការ​ញ៉ាំ​ និង​ការ​រំលាយ​អាហារ​ គឺ​ទាមទារ​ថាមពល​ ដែល​​ធ្វើ​ឲ្យ​កើន​ឡើង​សម្ពាធ​ឈាម​ ដោយសារ​តែ​មាន​ការ​កើន​ឡើង​តម្រូវ​ការ​អុកស៊ីសែន​​ ហេតុនេះ​ហើយ​ទើប​បេះដូងច្របាច់​ឈាម​កាន់​តែ​ច្រើន​ ព្រម​ទាំង​បង្កើត​សម្ពាធ​បន្ថែម​ទៅ​លើ​សរីរាង្គ​។

    ម្យ៉ាង​វិញ​ទៀត​ សម្ពាធ​ឈាម​ខ្ពស់​ក៏​អាច​បំបែក​បន្ទះ​​កូលេស្តេរ៉ូល​នៅ​ជញ្ជាំង​សរសៃ​ឈាម​ ដែល​​នាំ​​ឲ្យ​កកើត​ជា​កំណក​ឈាម​​ចូល​ទៅ​​រាំងស្ទះ​ដល់​សរសៃ​ឈាម​ ​ជា​ហេតុ​បណ្ដាល​ឲ្យ​គាំង​បេះដូង​ ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

    ញ៉ាំច្រើន

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​កើន​ឡើង​នៃ​អាំងស៊ុយលីន​ក៏​អាច​ប៉ះពាល់​ដល់​​ទ្រនាប់​ខាងក្នុង​នៃ​សរសៃ​ឈាម​ផង​ដែរ​ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ​ដែល​នាំ​ឲ្យ​យើង​​​គាំង​បេះដូង​តែ​មួយ​ពព្រិច​ភ្នែក​។ លើស​ពី​នេះ​ ​ការ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ច្រើន​ ​ក៏​ធ្វើឲ្យ​កម្រិត​នៃ​អ័រម៉ូន​ស្រ្តេស​ ណូ​អេពីនេ​ព្រីននៅ​ក្នុង​រាងកាយ​ឡើង​ខ្ពស់​ ​ព្រម​ទាំង​​នាំ​ឲ្យ​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង​ឡើង​ខ្ពស់​ ​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​កើត​​មាន​​​បញ្ហា​គាំង​បេះដូង​នេះ​ផង​ដែរ។

    .​អាហារ​អ្វីខ្លះ​ ដែល​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​បេះដូង?

    ជាទូទៅ​ រាល់​អាហារ​ដែល​បំផ្លាញ​ដល់​បេះដូង​របស់​យើង​ ភាគ​ច្រើន​ជា​អាហារ​ចម្រាញ់​ និង​​អាហារ​កែ​ច្នៃ​ រួម​មាន​​ម្សៅ​ ​សាច់​ខ្ចប់​ ផ្លែឈើ​កំប៉ុង​ និង​ភេសជ្ជៈ​ជាដើម​។ អាហារ​ទាំង​នេះ​ មាន​​បន្ថែម​ជាតិ​ស្ករ​ អំបិល​ និង​ជាតិ​ខ្លាញ់​មិន​ល្អ​​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ​។

    យ៉ាងណា​មិញ​ អាហារ​ដែល​ជំនួយ​ដល់​បេះដូង​ រួម​មាន​ស្រូវ​សាលី​ ឬ​ធញ្ញជាតិ​ សណ្ដែក​បារាំង ផ្លែឈើ​ និង​បន្លែ​។ល។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ គួរ​ជ្រើសរើស​អាហារ​ដែល​ស័ក្ដិសម​ ដូចជា​ផ្លែប៊ឺរី​ ក្រូច ប៉ោម​ ផ្លែ​សារី​។ល។​ ដែល​មិន​សូវ​មាន​ជាតិ​ស្ករ​ និង​មាន​ជាតិ​សរសៃ​ខ្ពស់។

    បន្ថែម​ពី​នេះ​​​ ដើម្បី​​ចៀស​ផុត​ពី​បញ្ហា​គាំង​បេះដូង​ យើង​​ត្រូវ​កំណត់​ការ​ញ៉ាំ​អាហារ​ប្រចាំថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជាមួយ​នឹង​បរិមាណ​សមរម្យ។​ ​ដោយ​ឡែក​ ការ​ញ៉ាំ​អាហារ​បី​ពេល​ក្នុង​បរិមាណ​ច្រើនៗ​ក្នុង​មួយ​ថ្ងៃៗ​​ អាច​បន្ថែម​នូវ​សម្ពាធ​ដល់​ក្រពះ​ និង​បេះដូង​។ ដូចនេះ​ បើ​អាច​យើង​គួរ​ញ៉ាំ​អាហារ​តិចតួច​​ជាប្រាំមួយ​ពេល​ក្នុង​មួយ​ថ្ងៃ​​ជំនួស​ឲ្យ​ញ៉ាំ​តែ​បី​ពេល​ហើយ​ក្នុង​បរិមាណ​ច្រើន​​ រីឯ​អាហារ​ពេល​ល្ងាច​ គួរ​ញ៉ាំ​តិចតួច​បាន​ហើយ​ និង​គួរ​​ចៀស​វាង​អាហារ​ដែល​បង្កើត​ជា​ហ្គាស​ ដូចជា​សណ្ដែក និង​ផ្កា​ខាត់ណា​ជាដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម