backup og meta

ចង់បានសុខភាពល្អ ព្យាយាមរត់ហាត់ប្រាណពេលព្រលឹមឲ្យបានទៀងទាត់

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 31, 2020

    ចង់បានសុខភាពល្អ ព្យាយាមរត់ហាត់ប្រាណពេលព្រលឹមឲ្យបានទៀងទាត់

    ការហាត់​ប្រាណគឺ​មាន​ប្រសិទ្ធ​ភាព​មិន​ត្រឹម​តែ​ជួយ​ដុត​ខ្លាញ់​អាក្រក់​ចោល​នោះទេ វា​ក៏​ជួយ​ទ្រទ្រង់​សុខភាព​បេះ​ដូង និង​​ជួយ​ធ្វើ​ឲ្យ​យើង​​មាន​រាង​ស្អាត​ផង​​ដែរ។ យើង​អាច​ហាត់​ប្រាណ​ដោយ​ការ​រត់​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍ដល់​រាងកាយ ប៉ុន្តែ​ការ​​រត់​​នៅ​ពេល​​ព្រឹក​ព្រលឹម គឺ​ធ្វើ​ឲ្យ​យើង​ទទួល​អត្ថប្រយោជន៍​កាន់​តែ​ប្រសើរ និង​ជួយ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ដ​បាន​ថែម​ទៀត​ផង។

    ១- រត់ពេលព្រឹកព្រលឹមជួយបញ្ចុះសម្ពាធឈាម

    ការ​រត់​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​លោក​​វេជ្ជបណ្ឌិត Scott Collier បាន​បង្ហាញ​ថា ការ​រត់​ពេល​ព្រឹក​ព្រលឹម​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​សម្រាប់​​មនុស្ស​មាន​វ័យ​ចំណាស់​បាន​ល្អ​ជាង អ្នក​ដែល​​រត់​នៅ​ពេល​ល្ងាច។ ​អត្ថ​ប្រយោជន៍​មួយ​នេះ គឺ​មាន​រយៈ​ពេល​យូរ បាន​ន័យ​ថា បើយើង​​នៅ​បន្ត​រត់​ហាត់​ប្រាណ​ពេល​ព្រឹក​ព្រលឹមនោះយើង​​នឹង​មាន​សុខ​ភាព​កាន់​តែ​ល្អ។

    អត្ថបទពាក់ព័ន្ធ៖

    ២- រត់ហាត់ប្រាណពេលព្រឹកធ្វើឲ្យ​យើង​មានអារម្មណ៍ស្រស់ស្រាយមួយថ្ងៃពេញ

    ការ​រត់​ហាត់​ប្រាណ​ម្នាក់​ឯង ដោយ​មិន​មាន​អ្វី​មក​រំខាន គឺ​ជា​វិធី​ល្អ​មុន​ពេល​យើង​​ចេញ​ទៅ​ធ្វើ​ការ ជា​ពិសេស​ប្រសិន​បើ​យើង​​មាន​បញ្ហា​​ស្ត្រេស​នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ផ្ទះ។ ការ​រត់​ជួយ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង និង​ជួយ​ឲ្យ​យើង​​គិត​វិជ្ជមាន និង​កាត់​បន្ថយ​ស្ត្រេស​បាន​ពេញ​មួយ​ថ្ងៃ។ ដោយ​សារ​មូល​ហេតុ​នេះ បាន​ជា​ការ​រត់​ហាត់​បា្រណ​អាច​ជួយ​ជម្រះ​ផ្លូវ​ចិត្ដ និង​ផ្ដល់​ថាម​ពល​ឲ្យ​យើង​​បាន​​ពេញ​មួយ​ថ្ងៃ។ ការ​សិក្សា​បាន​បញ្ជាក់​ថា អ្នក​រត់​ហាត់​ប្រាណ​នៅ​ពេល​ព្រឹកគឺ​ជា​មនុស្ស​សុទិដ្ឋិ​និយម និង​មាន​គោល​ដៅ​ច្បាស់​លាស់។

    បើ​យើង​និយាយ​ដល់​ខ្យល់​បក់​នៅ​ពេល​ព្រឹក គឺ​ជា​ខ្យល់​បរិសុទ្ធល្អ​ជាង​ពេល​ណា​ទាំង​អស់ ហើយ​ពេល​ព្រឹក​ក៏​មិន​សូវ​មាន​សំឡេង​រំខាន ឬ​មាន​ផ្សែង​ឡាន​ ម៉ូតូ ​មក​រំខាន​ច្រើន​ពេក​ដែរ។ ពេល​យើង​​កំពុង​រត់ ដង​ខ្លួន​​ត្រូវ​ការ​បរិមាណ​អុក​ស៊ីសែន​ច្រើន។ ដក​ដង្ហើម​ស្រូប​ខ្យល់​បរិសុទ្ធ​ចូល​ពេញ​សួត គឺ​ជា​រឿង​ល្អ​បំផុត ហើយ​វា​ជួយ​ដល់​ផ្លូវ​អារម្មណ៍យើង​​ដូច​គ្នា​ដែរ។ ប្រសិន​បើ​យើង​​រត់​លើ​ដង​ផ្លូវ យើង​​គួរ​ឆាប់​រត់​ពី​ព្រលឹម​ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះ​ថា្នក់​កើត​ឡើង​ដោយ​សារ​ឡាន ឬ​ម៉ូតូ​លើដង​ផ្លូវ​។

    ៣- រត់ហាត់បា្រណពេលព្រឹកគឺសប្បាយជាងរត់ពេលផ្សេង

    រត់​ហាត់​បា្រណ​នៅ​ពេល​ព្រឹក​បាន​ន័យ​ថា យើង​មិន​សូវ​មាន​អ្វី​មក​រំខាន​ដូច​ជា សារ​ក្នុង​ទូរសព្ទ ឬ​គេ​តេ​ហៅ​ចូល​ប្រជុំ​អ្វីឡើយ។ ដោយ​សារ​ពេល​ព្រលឹម​មិនសូវ​មាន​មនុស្ស ដូច​នេះ​យើង​អាច​រត់​បាន​យ៉ាង​សប្បាយ ដោយ​មិន​ខ្វល់​ខ្លាច​មាន​មនុស្ស​មក​រំខាន។ លើស​ពី​នេះ​ទៀត​នោះ យើង​​បាន​ហាត់​ប្រាណ​មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​ការងារ ដូច​នេះ​​មិន​ចាំ​បាច់​ខ្លាច​មាន​ការងារ​ណា​មួយ​មក​រំខាន ពេល​​កំពុង​ហាត់​ប្រាណ​ឡើយ។ ការ​រត់​ហាត់​ប្រាណ​ពេល​ព្រឹក​ស្ដាប់​ទៅ​គឺ​ជា​រឿង​សប្បាយ​ម្យ៉ាង ជា​ពិសេស​បើ​យើង​​ប្រៀប​ជា​មួយ​​ការ​រត់​ហាត់​ប្រាណ​បន្ទាប់​ពី​ចេញ​ពី​ធ្វើ​ការ ដោយ​សារយើង​​អស់​ថាម​ពល​ពី​ក្នុង​ខ្លួន​បាត់​ទៅ​ហើយ។

    ពិតហើយ​គ្នា​យើង​​អាច​នឹង​ពិបាក​ងើប​ពី​ព្រលឹម​ដើម្បី​រត់។ វា​អាច​ជា​រឿង​ពិបាក​ពេល​យើង​​ចាប់​ផ្ដើម​លើក​ដំបូង ប៉ុន្តែ​ពេលយើង​ចាប់​ផ្ដើម​​រត់​​បាន​​កាន់​​តែ​​ច្រើន នោះយើង​នឹង​ស៊ាំ ហើយ​នឹង​អាច​សង្កេត​ដឹង​ភ្លាម​ថា ខ្លួន​ឯង​មាន​ថាម​ពល​ច្រើន និង​ផ្ដោត​អារម្មណ៍​​លើ​ការ​ងារ​បាន​ល្អ​​ពេញ​មួយ​​ថ្ងៃ។ យើង​អាច​ចាត់​ទុក​ការ​រត់​ពេល​ព្រឹក ជាការ​ហាត់​ប្រាណ​ដើម្បី​ជួយ​ដល់​ខ្លួន​របស់យើង​។ ប៉ុន្តែ​ការ​ហាត់​ប្រាណ​បែប​នេះ ទាមទារ​ឲ្យ​យើង​​មាន​ការ​តាំង​ចិត្ដ និង​ថាម​ពល​គ្រប់​គ្រាន់​ដូច​គ្នា។ យើង​អាច​ចូល​គេង​ពី​ព្រលប់ និង​រៀប​ចំ​សម្លៀក​បំពាក់​ពី​យប់ទុក​ឲ្យ​​រួច​ស្រេ​ច។ យើង​​អាច​កំណត់​ម៉ោង​រត់​ក្នុង​ទូរសព្ទ​ដៃ ហើយ​ដាក់​សារ​ដំណឹង​ដើម្បី​ដាស់​តឿន កុំ​ឲ្យ​ភ្លេច​ម៉ោង​រត់។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​យើង​​មាន​ការ​តាំង​ចិត្ដ​រត់​បាន​មុត​មាំ​ជាង​មុន​ថែម​មួយ​កម្រិត​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម