បច្ចុប្បន្នការប្រើប្រាស់ឡេ ឬម្សៅលាយឲ្យឆាប់ស មានលក់លើទីផ្សារអនឡាញ ពិតជាសម្បូរបែបខ្លាំងណាស់មានទាំងធ្វើឲ្យស្បែកសក្នុងរយៈពេល ៣ថ្ងៃ ៥ ថ្ងៃ ។ ការប្រើឡេ ឬម្សៅលាយគ្មានគុណភាព មិនមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលពិតជាប៉ះពាល់ចំពោះទាំងសុខភាពស្បែក និងសុខភាពទូទៅ។ ខាងក្រោមគឺជាសារធាតុគីមីមួយចំនួនមាននៅក្នុងឡេ ឬម្សៅលាយ ណែនាំដោយលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ។
១- សារធាតុស្តេរ៉យ
ក្នុងគ្រឿងសម្អាងជាច្រើនតែងមានលាយជាមួយសារធាតុស្តេរ៉យ ដែលជួយឲ្យស្បែកសស្អាត ក្នុងពេលឆាប់រហ័ស។ ក្នុងនោះដែរវាក៏ជួយព្យាបាលមុនក្នុងរយៈពេលខ្លី ប៉ុន្តែនៅពេលយើងឈប់ប្រើ មុខក៏កាន់តែមានបញ្ហាដូចជាឡើងមុនច្រើន ជាំ មុខឡើងសរសៃក្រហម មានរលាកស្បែកនៅជុំវិញមាត់ជាដើម។ ចំពោះដងខ្លួន ដៃជើង ដែលមានផ្ទៃធំវិញ អាចទៅជាបែកសង្វារ អាចធ្វើឲ្យជាតិគីមីជ្រាបចូលទៅក្នុងឈាមដោយមិនដឹងខ្លួន ទៅជាខ្សោយតម្រងនោម កើតជំងឺទឹកនោម លើសឈាម ឬស្ពោតឆ្អឹងជាដើម។
២- ជាតិបារត
ជាតិបារតដែលប្រើក្នុងឡេ ឬម្សៅលាយគឺជួយពន្លឿនឲ្យស្បែកកាន់តែឆាប់ស កាត់បន្ថយអាចម៍រុយ ស្លាកស្នាម និងបំបាត់មុនរហ័ស។ នៅពេលដែលយើងឈប់ប្រើសារធាតុនេះ ស្បែកនឹងក្លាយទៅជាខ្មៅជាងមុន រហូតឃើញស្រគាំ ប្រផេះ ឬមើលទៅគ្មានសំណើម។ ការប្រើឡេលាយសារធាតុនេះយូរៗទៅអាចជ្រាបចូលទៅក្នុងចរន្តឈាម និងបំផ្លាញប្រព័ន្ធសរសៃប្រសាទកណ្ដាលថែមទៀតផង។
៣- សារធាតុអ៊ីដ្រូកគីនណុន (Hydroquinone )
នៅក្នុងម្សៅ ឬឡេលាយ គឺគេប្រើអ៊ីដ្រូកគីនណុន ដើម្បីជួយឲ្យស្បែកស្អាត ស ម៉ដ្តរលោង ពិសេសកន្លែងស្បែកខ្មៅខ្លាំង ឬខ្មៅជាំដូចជាជង្គង់ កែងដៃ។ វាមានសមត្ថភាពរារាំងដំណើរការផលិតជាតិពណ៌មេឡានីននៅលើស្បែក។ អ្នកដែលប្រើវារយៈពេលយូរ អាចបណ្ដាលរលាកស្បែក ពណ៌ស្បែកមិនស្មើគ្នា និងបណ្ដាលឲ្យស្បែកមុខរលាកនឹងពន្លឺព្រះអាទិត្យ ឆាប់ក្រហម រួចទៅជាំ។
[embed-health-tool-due-date]