លទ្ធផលស្រាវជ្រាវរបស់ សាកលវិទ្យាល័យ Rochester រដ្ឋញ៉ូវយក សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកដែលមានមិត្តភក្តិល្អៗច្រើន ឧស្សាហ៍ចេញធ្វើសកម្មភាពខាងក្រៅ មិនសូវស្រេ្តសក្នុងអារម្មណ៍ នឹងជួយបន្ថយហានិភ័យ ជំងឺភ្លេចភ្លាំង រវើរវាយ នាពេលចាស់ទៅ។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យខាងលើ បានធ្វើឡើងរហូត រយៈពេលជាង៥០ឆ្នាំ ពោលគឺបានតាមដានទៅលើអ្នកស្ម័គ្រចិត្ត ដែលអាយុតាំងពីវ័យជំទង់នៅអំឡុងទសវត្សឆ្នាំ១៩៦០។ លទ្ធផលជាភាគរយបានបង្ហាញថា អ្នកដែលមានគូកន មិត្តភក្តិច្រើន គឺមានអត្រាហានិភ័យជំងឺភ្លេចភ្លាំង និងរវើរវាយ ថយចុះ៧% នៅពេលពួកគេអាយុ៧០ឆ្នាំ បើធៀបនឹងអ្នកដែលពុំសូវមានមិត្តភក្តិច្រើន ឬពុំសូវមានសកម្មភាពច្រើននៅវ័យជំទង់។
ជាមួយលទ្ធផលសិក្សានេះ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា ក្រុមអ្នកចូលចិត្តសប្បាយ មានមិត្តច្រើន គឺមានទំនោរសកម្មច្រើន ដែលបង្ការពួកគេផុតពីភាពឯកោ ដែលបង្កឲ្យមានជំងឺរវើរវាយ និងឧស្សាហ៍ភ្លេច។
ដោយឡែក ការស្រាវជ្រាវមួយផ្សេងទៀត ធ្វើដោយសាកលវិទ្យាល័យខាងលើដដែល ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Benjamin Chapman ជាសាស្រ្តាចារ្យសាកលវិទ្យាល័យផ្ទាល់ ក៏បានរកឃើញដែរថា ក្រុមយុវជនដែលពុំសូវមានស្ត្រេស ពោលគឺ មានអាកប្បកិរិយានឹងនរ និងអារម្មណ៍ស្ងប់ពេលដោះស្រាយបញ្ហាផ្សេងៗ ក៏បានជួយបន្ថយកម្រិតហានិភ័យខាងលើរហូតដល់១០% ជាហេតុបង្កឲ្យមានភាគរយតិចក្នុងការជួបហានិភ័យខាងលើ។
អត្ថបទពាក់ព័ន្ធ៖
- ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព
- ពិតអត់? ស្រ្តេស តប់ប្រមល់ធ្វើឲ្យបាក់សម្រស់ និង…
តាមលទ្ធផលនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា បញ្ហាស្រ្តេស គឺជាកាតាលីករសំខាន់បំផុត ដែលជំរុញឲ្យ មនុស្សនាពេលដល់វ័យចំណាស់ ឧស្សាហ៍កើតជំងឺរវើរវាយ និងភ្លេចភ្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]