ថ្មីៗនេះក្រសួងសុខាភិបាលបានក្រើនរម្លឹកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការផ្ទុះករណីគ្រុនឈាមនៅដើមឆ្នាំ ២០១៩ នេះ។ តាមតួលេខករណីគ្រុនឈាមនៅទូទាំងប្រទេសក្នុងដើមឆ្នាំ២០១៩នេះ មានការកើនឡើងជាងឆ្នាំ ២០១៨ កន្លងទៅបើប្រៀបធៀបនឹងពេលវេលាដូចគ្នា។
ជំងឺគ្រុនឈាមមានអ្វីសម្គាល់? តើត្រូវបង្ការខ្លួនយើង និងកូនចៅពីជំងឺនេះដោយរបៀបណា?
១- មូលហេតុ
ជំងឺគ្រុនឈាមបណ្តាលមកពីមូសខ្លាញីខាំ ហើយមិនមែនកើតតែលើក្មេងៗនោះទេ ជំងឺនេះអាចកើតលើមនុស្សគ្រប់វ័យ។ វីរុសជំងឺគ្រុនឈាមឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈមូសខ្លា។ ជំងឺនេះអាចបង្កឡើងដោយវីរុសមួយ ក្នុងចំណោមវីរុសគ្រុនឈាមទាំង៤ ប្រភេទ។ ហេតុនេះមនុស្សម្នាក់អាចកើតជំងឺគ្រុនឈាមរហូតដល់ ៤ ដង ក្នុង១ជីវិត។
២- វិធីបង្ការ
– បំបាត់ជម្រកមូសខ្លា នៅតាមសំបកកង់ឡាន-ម៉ូតូ និងកំប៉ុងចាស់ៗ
– កម្ចាត់ដង្កូវទឹកនៅក្នុងពាង អាង ថូផ្កា ថ្លុក ឬវត្ថុដក់ទឹកផ្សេងទៀត
– គ្របពាង ឬអាងទឹកឲ្យជិត
– ដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក ឬចិញ្ចឹមកូនត្រី ៧ ពណ៌
– គ្រប់គ្រង កប់ ឬកម្ទេច វត្ថុដែលអាចដក់ទឹក បង្កើតជាជម្រកមូសខ្លា
– គេងក្នុងមុង។
៣- រោគសញ្ញា
ក្រោយមូសខ្លាញីខាំរយៈពេល ២-៣ ថ្ងៃ អ្នកជំងឺអាចមានអាការៈដូចជា៖
– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ
– ឈឺក្បាល
– ចង់ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ
– ឈឺសន្លាក់ដៃជើង
– មានស្នាមអុចៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។
ក្នុងករណីអ្នកជំងឺគ្រុនឈាមមានរោគសញ្ញាក្តៅខ្លួនខ្លាំងត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ មិនឲ្យយឺតជាង ៧២ ម៉ោង បន្ទាប់ពីក្តៅខ្លួន និងចៀសវាងប្រើពពួកថ្នាំអាស្ពីរីន មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯងនៅពេលក្តៅខ្លួនខ្លាំង។
[embed-health-tool-bmi]