មូសខ្លាញីមិនត្រឹមតែជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមប៉ុណ្ណោះទេ គឺថែមទាំងចម្លងជំងឺគ្រុនឈីកផងដែរ។ តើជំងឺគ្រុនឈីកមានរោគសញ្ញាសំខាន់ៗអីខ្លះ? អាចបណ្តាលឲ្យស្លាប់ទេ?
គ្រុនឈីក ជាជំងឺដែលបង្កដោយវីរុសឈីក បណ្ដាលមកពីមូសខ្លាញីខាំ ជាពិសេសនៅពេលថ្ងៃ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ ទាំងក្មេង ទាំងចាស់។ ជំងឺគ្រុនឈីកអាចឆ្លងរាលដាលពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ តាមរយៈមូសខ្លាដែលចល័តពីកន្លែងមួយទៅកន្លែងមួយ។ នេះបើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល។
១. រោគសញ្ញាជំងឺគ្រុនឈីក
ជំងឺគ្រុនឈីកមានរោគសញ្ញាសំខាន់៣យ៉ាង ហើយជំងឺនេះមិនបណ្តាលឲ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែវាកើតរួមគ្នាជាមួយជំងឺផ្សេងៗ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរជាដើម។ រោគសញ្ញាទាំងនោះរួមមាន៖
– គ្រុនក្តៅ ៣-៤ ថ្ងៃ
– ឈឺសន្លាក់ឆ្អឹងជាច្រើនកន្លែង
– មានស្នាមកន្ទួល ឬក្រហមលើស្បែក។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឲ្យដឹងថាជំងឺគ្រុនឈីកនេះអាចជាសះស្បើយដោយឯកឯង ដោយគ្រាន់តែផ្ដល់ថ្នាំបំបាត់គ្រុនក្ដៅធម្មតាប៉ុណ្ណោះ។
២. វិធានការការពារជំងឺគ្រុនឈីក
– បំផ្លាញប្រភពដង្កូវទឹក មូសខ្លា
– ប្រមូលរាល់វត្ថុអាចដក់ទឹកបាន កម្ទេច ឬកប់ចោល
– បំបាត់គុម្ពោតស៊ុបទ្រុបនៅជុំវិញផ្ទះ
– កុំគេងនៅទីងងឹតនៅពេលថ្ងៃ ត្រូវគេងក្នុងមុង
– កុមារ-មនុស្សចាស់ត្រូវស្លៀកសម្លៀកបំពាក់វែងៗការពារមូសខាំ
– បើកទ្វារបង្អួចផ្ទះឲ្យពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ ដើម្បីដេញមូសខ្លា។
[embed-health-tool-bmi]