លទ្ធផលវ៉ាក់សាំង COVID-19 ចំនួនពីរបានចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដាថាមានផលវិជ្ជមាន ដោយវ៉ាក់សាំងទាំងនោះអាចភ្ញោចការឆ្លើយតបប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺដែលគេរំពឹងទុកថាអាចការពារមិនឲ្យឆ្លងជំងឺនេះ។
វ៉ាក់សាំង COVID-19 ទី១គឺបង្កើតដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនផលិតថ្នាំ AstraZeneca បានចេញផ្សាយលទ្ធផលការតេស្ដសាកល្បងដំណាក់កាលទី១ នៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ The Lancet ថាវ៉ាក់សាំងនេះមានសុវត្ថិភាព និងអាចបង្កើតការឆ្លើយតបប្រព័ន្ធភាពស៊ាំបាន។ វ៉ាក់សាំងនេះអាចបង្កើតអង់ទីករក្នុងរយៈពេល២៨ថ្ងៃ និងកោសិកាប្រព័ន្ធភាពស៊ាំ T-cell ក្នុងរយៈពេល១៤ថ្ងៃ។ ក្រុមអ្នកស្រាវជ្រាវបានតេស្ដមើលអង់ទីកររបស់អ្នកចូលរួមក្រោយពីចាក់វ៉ាក់សាំងហើយ និងរកឃើញថាអ្នកចូលរួមដែលចាក់វ៉ាក់សាំងតែម្ដងភាគច្រើនមានអង់ទីករនេះ ប៉ុន្តែសម្រាប់អ្នកចូលរួមដែលចាក់វ៉ាក់សាំង២ដងសុទ្ធតែមានអង់ទីករក្នុងខ្លួនទាំងអស់។ នេះជាដំណឹងល្អ ព្រោះប្រព័ន្ធភាពស៊ាំមានផ្លូវពីរក្នុងការរក និងប្រឆាំងនឹងវីរុស គឺការឆ្លើយតបរបស់អង់ទីករ និងកោសិកា T របស់ប្រព័ន្ធភាពស៊ាំ។
ដោយឡែក អ្នកចាក់វ៉ាក់សាំងនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ ដោយគ្រាន់តែមានអាការៈអស់កម្លាំង ឈឺក្បាល ឈឺចាប់នៅកន្លែងចាក់វ៉ាក់សាំង ឈឺសាច់ដុំ គ្រុនរងា និងឡើងសីតុណ្ហភាពក្នុងខ្លួនប៉ុណ្ណោះ។ បច្ចុប្បន្ន គេកំពុងធ្វើការតេស្ដសាកល្បងដំណាក់កាលទី២នៅក្នុងប្រទេសអង់គ្លេស ប្រទេសប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។ រីឯដំណាក់កាលបន្ទាប់នឹងចាប់ផ្ដើមនៅសហរដ្ឋអាមេរិកនៅខែសីហាខាងមុខនេះ។
វ៉ាក់សាំងមួយទៀតដែលបង្កើតដោយក្រុមហ៊ុនចិន CanSino Biologics ក៏បានចេញផ្សាយលទ្ធផលការធ្វើតេស្ដដំណាក់កាលទី២នៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ The Lancet ថាវ៉ាក់សាំងមានសុវត្ថិភាព និងបានបង្កើតការឆ្លើយតបប្រព័ន្ធភាពស៊ាំទៅលើអ្នកស្ម័គ្រចិត្តចូលរួមសុខភាពល្អចំនួន ៥០៨នាក់ដែលចាក់វ៉ាក់សាំងតែម្ដងប៉ុណ្ណោះ។ ភាគច្រើនអ្នកចូលរួមមានការឈឺចាប់នៅកន្លែងចាក់វ៉ាក់សាំង និងគ្រុនក្ដៅដែលនេះមិនមែនជាអាការៈធ្ងន់ធ្ងរទេ។ គួរបញ្ជាក់ដែរថា វ៉ាក់សាំងទាំងពីរនេះ គឺសុទ្ធតែផលិតដោយប្រើវីរុស Adenovirus ធ្វើជាអ្នកដឹកបញ្ជូនព័ត៌មានសេណេទិករបស់រីរុស Covid -19 ទៅក្នុងរាងកាយ។ ដោយសារតែវ៉ាក់សាំងនេះបង្កើតដោយវីរុសAdenovirus ជាប្រភេទវីរុសខ្សោយ ដូចនេះអ្នកធ្លាប់ឆ្លងវីរុសប្រភេទនេះពីមុន អាចមានអង់ទីករតិចនៅពេលចាក់ ដែលនេះគឺជាឧបសគ្គសម្រាប់វ៉ាក់សាំងនេះ។
យ៉ាងណាមិញ អ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថានៅត្រូវការការសិក្សាបន្ថែមដែលមានអ្នកចូលរួមច្រើនជាងមុនដើម្បីដឹងថាវ៉ាក់សាំងនេះអាចការពារមនុស្សពីវីរុសឬយ៉ាងណា និងដឹងពីរយៈពេលដែលវ៉ាក់សាំងនេះអាចការពារបាន។
[embed-health-tool-bmi]