មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លង របស់សហរដ្ឋអាមេរិក (CDC) នៅតែបន្តណែនាំឲ្យពលរដ្ឋពាក់ម៉ាស់ដើម្បីបង្ការការចម្លងជំងឺ COVID-19 ទោះបីជាមនុស្សគ្រប់គ្នាមានមន្ទិលសង្ស័យទៅលើបញ្ហានេះក៏ដោយ។ ចំណែកឯអ្នកវិទ្យាសាស្ត្រក៏បន្តបង្ហាញភស្តុតាងបញ្ជាក់ថាម៉ាស់អាចជួយការពារពីជំងឺនេះបាន។
ការចម្លងជំងឺ COVID-19 គឺឆ្លងតាមរយៈតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើមដែលបញ្ចេញមកនៅពេលនិយាយ ឬកណ្ដាស់។ ប្រសិនជាតំណក់ទឹកនេះត្រូវមនុស្សនៅជិតស្រូបចូលក្នុងផ្លូវដង្ហើម មនុស្សម្នាក់នោះអាចនឹងឆ្លងមេរោគនេះបាន។ ម៉ាស់គឺជារបាំងការពារដែលអាចទប់តំណក់ទឹក និងបង្ការក្នុងការបញ្ចេញទៅក្នុងអាកាសដូចធម្មតា។ ម៉ាស់នឹងកាន់តែសំខាន់ជាពិសេសសម្រាប់អ្នកមានជំងឺ COVID-19 ដែលមិនមានចេញរោគសញ្ញា។
ការសិក្សាជាច្រើនបានបង្ហាញថាទោះបីជាមិនមានរោគសញ្ញា អ្នកទាំងនោះនៅតែអាចចម្លងជំងឺទៅកាន់អ្នកដទៃបាន។ ការសិក្សាក៏បានរកឃើញថាការពាក់ម៉ាស់អាចជួយទប់ស្កាត់ការចម្លងបាន។ ក្រៅពីការសិក្សានេះក៏មានករណីសិក្សា២ដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។ ករណីសិក្សាទី១បង្ហាញថាគោលការណ៍ពាក់ម៉ាស់នៅមន្ទីរពេទ្យ Boston បានបន្ថយការចម្លងជំងឺនេះ។ មុននឹងមានគោលការណ៍ពាក់ម៉ាស់នេះ ចំនួនបុគ្គលិកសុខាភិបាលដែលមានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលមានចំនួនកើនឡើងខ្លាំង។ ប៉ុន្តែក្រោយពីមានគោលការណ៍នេះ ចំនួនបុគ្គលិកសុខាភិបាលដែលតេស្ដវិជ្ជមានមានការថយចុះវិញ។
ករណីសិក្សាមួយទៀតគឺទាក់ទងនឹងជាងកាត់សក់២នាក់។ ការសិក្សាបានឲ្យដឹងថាការពាក់ម៉ាស់បង្ការជាងកាត់សក់២នាក់មានជំងឺ COVID-19 ក្នុងការចម្លងទៅកាន់អតិថិជន។ ជាងកាត់សក់ទាំង២បានបន្តផ្តល់សេវាកម្មដល់អតិថិជនរយៈពេលជាច្រើនថ្ងៃក្រោយពីមានរោគសញ្ញា ប៉ុន្តែជាងកាត់សក់ និងអតិថិជនបានពាក់ម៉ាស់តាមការណែនាំរបស់រដ្ឋាភិបាល។ ក្នុងចំណោមអតិថិជន ១៣៩នាក់ដែលជាងកាត់សក់នេះបានជួបមុនពេលធ្វើតេស្ដមិនមានចេញរោគសញ្ញាអំឡុងពេលតាមដាន និងអ្នកដែលជាអតិថិជនទាំងនេះបានជួបឃើញមិនមានរោគសញ្ញាទេ។ បន្ថែមពីនេះទៀត អតិថិជន ៦៧នាក់ក្នុងចំណោមអតិថិជនទាំងអស់ដែលបានយល់ព្រមធ្វើតេស្ដគឺទទួលបានលទ្ធផលអវិជ្ជមាន។
យោងតាមភស្តុតាងទាំងនេះ ម៉ាស់អាចជួយបង្ការការចម្លងជំងឺ COVID-19 បាន។ ម៉ាស់គឺអាចចាប់តំណក់ទឹកដែលមានផ្ទុកវីរុសដែលបានបញ្ចេញពេលនិយាយ ក្អក ឬកណ្ដាស់បាន។ អ្នកជំនាញបានបន្តថាម៉ាស់កាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លងប្រសិនជាយើងនាំគ្នាពាក់ម៉ាស់ការពារទាំងអស់គ្នា។
[embed-health-tool-bmi]