backup og meta

សំណួរ-ចម្លើយជុំវិញវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្នាចង់ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 12, 2021

    សំណួរ-ចម្លើយជុំវិញវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្នាចង់ដឹង

    តាំង​ពី​កើត​ជំងឺ​កូវីដ-១៩ រហូត​ដល់​មាន​វ៉ាក់សាំង មាន​គ្នា​យើង​មួយ​ចំនួន​ធំ​មាន​ចម្ងល់​ច្រើន​ពាក់ព័ន្ធ​ពី​របៀប​ចាក់ ប្រសិទ្ធភាព និង​គ្រោះ​ថ្នាក់​របស់​វ៉ាក់សាំង​កូវីដ-១៩​ នេះ។ ហេតុ​នេះ UNICEF កម្ពុជា បាន​បក​ស្រាយ​ជុំវិញ​សំណួរ​ដែល​មាន​ការ​ឆ្ងល់​ច្រើន​ពី​ប្រជាជន​ទូទៅ​ដូច​ខាង​ក្រោម​នេះ។

    ១. តើ​វ៉ាក់សាំង​កូវីដ-១៩ មាន​សុវត្ថិភាព​ដែរឬទេ?

    ចម្លើយ៖ ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ប្រើប្រាស់ជំហានដូចគ្នា​នឹ​ងជំហាន​ដែលប្រើប្រាស់​ក្នុងការ​ផលិត​វ៉ាក់សាំង​ផ្សេងទៀត​ដែរ។ វ៉ាក់សាំង ត្រូវឆ្លងកាត់ការអភិវឌ្ឍ និងការធ្វើ​តេស្តជាច្រើនដំណាក់កាល  មុននឹង​ដាក់​ឱ្យ​សាកល្បង​គ្លីនិក ជាធម្មតា ​ត្រូវ​ឆ្លងកាត់​ ៣ដំណាក់កាលសិន។ នៅរាល់​ដំណាក់កាលទាំងអស់សុទ្ធតែមានការ​វាយតម្លៃលើសុវត្ថិភាព។ ​ដំណាក់កាលទី III ដែលជាដំណាក់កាលចុងក្រោយ ជាធម្មតា ​ធ្វើឡើងជាមួយនឹង​មនុស្ស​ជា​ច្រើននាក់​ពោលគឺរាប់ម៉ឺននាក់។

    ប្រទេស​កម្ពុជា មានអាជ្ញាធរ​និយ័តកម្ម​នៅថ្នាក់ជាតិ​មួយ​សម្រាប់គ្រប់គ្រងការងារនេះ ស្ថិត​នៅក្រោមក្រសួង​សុខាភិបាល។ ក្រសួង​សុខាភិបាលចេញ​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំង​មួយចំនួន ក្រោយពី​បានវាយតម្លៃលើ​ទិន្នន័យ​អំពី​សុវត្ថិភាពនិង​ប្រសិទ្ធភាព​របស់វ៉ាក់សាំងទាំងនោះ ព្រមទាំង​ទិន្នន័យដែលបាន​ពីអាជ្ញាធរ​និយ័តកម្មដទៃទៀត ឬក្រោយ​ពេលដែល​វ៉ាក់សាំង​ណាមួយ​បានទទួល​ការអនុញ្ញាត​ឱ្យប្រើប្រាស់​បន្ទាន់​ (EUL) ពីអង្គការសុខភាពពិភព​លោក។

    ក្រោយពេល​ដាក់ឱ្យប្រើប្រាស់ នឹង​មានការ​បន្តតាមដាន​វ៉ាក់សាំង ដើម្បីធានាថា វ៉ាក់សាំង​ទាំងនេះ​ពិត​ជា​មាន​សុវត្ថិភាព​ពេញលេញ សម្រាប់​អ្នកដែលបានចាក់វ៉ាក់សាំង​ទាំងនេះ​រួច។

    ២. មនុស្ស​នៅ​តែ​អាច​ឆ្លង​ជំងឺនេះ ក្រោយ​ពេល​ចាក់វ៉ាក់សាំងរួច ឬថែមទាំង​អាចបាត់បង់ជីវិតទៀត ដូច្នេះ​ហេតុអ្វីបានជា យើងគួរ​ប្រថុយទៅចាក់វ៉ាក់សាំង?

    ចម្លើយ៖ ក្រោយពេលចាក់វ៉ាក់សាំងរួច វាត្រូវ​ការ​ពេលមួយរយៈ ដើម្បីឱ្យ​សារពាង្គកាយរបស់យើង​ផលិតអង់ទីករប្រយុទ្ធជាមួយនឹង​វីរុសនេះ និងការ​ពារ​អ្នកដែលចាក់វ៉ាក់សាំង​រួចមិន​ឱ្យឆ្លងជំងឺ។ វ៉ាក់សាំង​អាច​ពុំបានផ្ដល់ការការពារ​ភ្លាមៗនោះឡើយ ដូច្នេះ​អាចមានលទ្ធភាព​ដែល​បុគ្គលនេះអាចឆ្លងជំងឺ ក្រោយពេលចាក់វ៉ាក់សាំង​រួច។

    នេះគឺជា​មូលហេតុមួយដែលយើងគួរបន្ត​អនុវត្ត​តាមវិធានការការពារ ដូចជា ពាក់ម៉ាស់ លាង​សម្អាតដៃ រក្សា​គម្លាត​សុវត្ថិភាព។ល។ សូម្បីតែក្រោយពេល​ចាក់វ៉ាក់សាំង​រួច។

    ៣. ក្រោយពេល​ចាក់វ៉ាក់សាំង​រួច តើ​ភាពស៊ាំដែល​ផ្ដល់​ដោយ​វ៉ាក់សាំងនេះ នឹង​នៅ​យូរ​បានប៉ុនណា?

    ចម្លើយ៖ ភាពស៊ាំនៅបន្តមាន​ជាច្រើន​ខែ ប៉ុន្តែ គេពុំទាន់ដឹង​ពី​រយៈពេល​ពេញលេញនៃ​ការ​បន្ត​មានភាពស៊ាំ​ដោយសារ​ការ​ចាក់វ៉ាក់សាំង​រួច​នោះទេ។ ដោយហេតុនេះហើយបានជា​សំខាន់ដែលត្រូវ​បន្តអនុវត្តវិធានការ​ការពារ ដូចជា ការពាក់ម៉ាស់ លាងសម្អាត​ដៃឱ្យបានញឹកញាប់ និង​ការ​រក្សាគម្លាតសុវត្ថិភាព​ជាដើម។ ការ​អនុវត្ត​តាម​វិធានការ​ទាំងនេះ​ ដើម្បីការពារ​ខ្លួន​អ្នក និងអ្នកដទៃទៀត នៅតែ​សំខាន់ក្នុងរយៈពេល​បន្តបន្ទាប់ខាងមុខនេះ។ ចំណុច​ដែលសំខាន់ផងដែរនោះ គឺត្រូវ​ចាំថា ភាព​ស៊ាំអាចការពារ​អ្នកមិន​ឱ្យ​កើត​ជំងឺ​កូវីដ-១៩ ធ្ងន់ធ្ងរ។ យើង​មិនទាន់​ដឹងនៅឡើយទេ ថាតើ​វ៉ាក់សាំងអាច​ការពារមិន​ឱ្យអ្នកណាម្នាក់ឈឺ ជាមួយនឹង​វីរុសដែលបង្កជំងឺកូវីដ-១៩ បានល្អ​កម្រិតណានោះ។

    ៤. តើស្ត្រីមានផ្ទៃពោះនឹង​ទទួល​បានវ៉ាក់សាំង​ដែរឬទេ?

    ចម្លើយ៖ ដោយសារ​តែ​បច្ចុប្បន្ននេះ គេនៅខ្វះ​ទិន្នន័យស្ដីពី​សុវត្ថិភាព និង​ប្រសិទ្ធភាពនៃ​វ៉ាក់សាំង​កូវីដ-១៩ សម្រាប់​ស្ត្រីមានផ្ទៃពោះ ស្ត្រីមានផ្ទៃពោះមិន​ត្រូវ​បានចាត់ទុកជា​ក្រុមអាទិភាព ឬជា​ក្រុមដែលគួរទទួលបានវ៉ាក់សាំង​កូវីដ-១៩ នៅពេលនេះឡើយ។ បច្ចុប្បន្ននេះ កំពុងមានការ​សិក្សា​បន្ថែមទៀត។

    ៥. ថាតើការចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើ​ឱ្យខ្ញុំមានសុវត្ថិភាព​ដែរឬទេ ប្រសិនបើខ្ញុំ​មាន​​ជំងឺប្រចាំកាយ?

    ចម្លើយ៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ មានសារៈសំខាន់ជា​ពិសេស​សម្រាប់អ្នកដែលមាន​ជំងឺប្រចាំកាយ ដែលធ្វើ​ឱ្យពួកគេកាន់តែប្រឈម​នឹង​ការធ្លាក់ខ្លួន​ឈឺ ដោយសារជំងឺកូវីដ-១៩។ ប៉ុន្តែ ​ប្រសិនបើ​អ្នក​មានជំងឺប្រចាំកាយ អ្នកគួរពិគ្រោះយោបល់ជាមួយនឹង​អ្នកផ្ដល់សេវា​សុខាភិបាល ដើម្បី​ពិភាក្សា​ថាតើ​វ៉ាក់សាំងកូវីដ-១៩ សមស្របសម្រាប់អ្នកដែរឬទេ។

    នៅក្នុងករណីដែលកម្រកើតមាន អាចមានអាលែហ្សីកើតឡើង ក្រោយចាក់វ៉ាក់សាំង​រួច។ ក្នុង​ចំណោម​​ការ​ចាក់វ៉ាក់សាំង​មួយលានដូស ប្រតិកម្មអាឡាក់​ស៊ីដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរ​ដល់អាយុជីវិត ត្រូវ​បានសង្កេតឃើញថា បានកើតតែប្រហែល​ជាមួយករណីប៉ុណ្ណោះ។

    ប្រសិនបើកន្លងមក អ្នក​មានប្រតិកម្មជាអាលែហ្សីជាមួយនឹង​វ៉ាក់សាំង ថ្នាំ ផលិតផលវេជ្ជសាស្ត្រ ឬអាហារ សូម​ពិភាក្សា​បញ្ហាទាំងនេះ​ជាមួយនឹងអ្នកផ្ដល់សេវា​ថែទាំសុខភាព មុនពេល​ចាក់វ៉ាក់សាំង។

    ៦. តើម្ដាយ​ដែលកំពុងបំបៅកូន​នឹង​ទទួលបាន​ការវ៉ាក់សាំង​ដែរឬទេ?

    ចម្លើយ៖ ​បាទ-ចាស អង្គការសុខភាពពិភព​លោកផ្ដល់ជាអនុសាសន៍​ថា ប្រសិនបើ​ស្ត្រី​ដែលកំពុង​បំបៅកូន គឺជា​បុគ្គលិកសុខាភិបាល ឬ​ស្ថិតនៅក្នុងក្រុម​អាទិភាព ដើម្បីទទួលបានការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នោះគួរ​ផ្ដល់ការ​ចាក់​វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនពួកគេ។

    ការ​បំបៅកូនផ្ដល់នូវអត្ថ​ប្រយោជន៍ផ្នែក​សុខភាព​ជាច្រើនដល់ស្ត្រី និងកូន​ដែល​កំពុង​ទទួលបាន​ការ​បំបៅដោះ។ អង្គការ​សុខភាព​ពិភព​លោកមិនផ្ដល់​ជាអនុសាសន៍​ឱ្យ​ផ្ដាច់ការ​បំបៅដោះកូន​ក្រោយ​ការ​ចាក់​វ៉ាក់​សាំងនោះឡើយ។

    វ៉ាក់សាំង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម