backup og meta

ខ្វះវីតាមីនមួយនេះ ទើបងាយឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 10, 2021

    ខ្វះវីតាមីនមួយនេះ ទើបងាយឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ

    រាងកាយ​យើង​ត្រូវ​ការ​វីតាមីន និង​ជាតិរ៉ែ​សំខាន់​ផ្សេងៗ ដើម្បី​ទ្រទ្រង់​សុខភាព​ឲ្យ​បាន​រឹងមាំ ចៀសវាង​ពី​ការ​ឆ្លង​វីរុស និង​ជំងឺ​ដទៃ​ច្រើន​ទៀត។ តាំង​ពី​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​មក មាន​ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា អ្នក​ជំងឺ​កូវីដ-១៩ ដែល​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ ភាគ​ច្រើន​ខ្វះ​វីតាមីន​មួយ​ប្រភេទ​ចាំ​បាច់​សម្រាប់​ប្រព័ន្ធភាពស៊ាំ​រឹងមាំ​វិញ។

    ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត Leong Hoe Nam មាន​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​ឆ្លង នៃ​មន្ទីរពេទ្យ Mount Elizabeth នៃ​ប្រទេស​សឹង្ហបុរី បាន​ឲ្យ​ដឹង​ថា តាម​របាយការណ៍​វិភាគ​ថ្មី​ៗ​នេះ​បង្ហាញ​ថា អ្នក​ជំងឺ​មួយ​ចំនួន​ដែល​បង្ហាញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ក្រោយ​ឆ្លង​ជំងឺ​កូវីដ-១៩ គឺ​ខ្វះ​វីតាមីន​D​នៅ​ក្នុង​រាងកាយ ជាង​អ្នក​ជំងឺ​កូវីដ-១៩ តែ​មិន​មាន​ចេញ​រោគ​សញ្ញា។ ដូច​នេះ​ហើយ ប្រសិន​បើ​នៅ​ក្នុង​រាងកាយ​យើង​ខ្វះ​ជាតិ​វីតាមីន D ខ្លាំង ឱកាស​ក្នុង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​មាន​កម្រិត​ខ្ពស់ រហូត​អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​ថែម​ទៀត​ផង។

    ទន្ទឹមនេះ តាម​ការ​សិក្សានៅសហរដ្ឋអាមេរិក ​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន​២៣៥​នាក់ បង្ហាញ​ថា អ្នក​ជំងឺ​វ័យ​លើ ​៤០​ឆ្នាំ​ដែល​ទទួល​បាន​វីតាមីន D គ្រប់​គ្រាន់ មាន​ភាគ​រយ ៥១.៥% ក្នុង​ការ​មិន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ជាង​​អ្នក​ជំងឺ​ដែល​មិន​មាន​វីតាមីន ​D គ្រប់​គ្រាន់ បន្ទាប់​ពី​ឆ្លង​វីរុស​កូវីដ-១៩​រួច។ បន្ថែម​ពី​លើ​នេះ ក្នុង​ការ​សិក្សា​មួយ​ចំនួន​បាន​អះ​អាង​ដែរ​ថា កង្វះ​វីតាមីន​ D អាច​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​យើង និង​បង្កើន​ហានិភ័យ​ក្នុង​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ខ្ពស់​។ ចំណែក​នៅ​ក្នុង​ការ​សិក្សា​លើ​មនុស្ស​ ១១.៣២១​នាក់ មក​ពី​ ១៤​ប្រទេស​ បាន​បង្ហាញ​ថា អ្នក​ប្រើថ្នាំ​បំប៉ន​វីតាមីន ​D ជួយ​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ រហូត​ដល់​ទៅ​ ១២%

    ហេតុ​នេះ​ហើយ ទើប​ការ​ទទួលបាន​វីតាមីន​ D ​គ្រប់​គ្រាន់​សម្រាប់​រាងកាយ​គឺ​ចាំ​បាច់​ណាស់សម្រាប់សុខភាព​យើង ប៉ុន្តែ​យើង​ត្រូវ​ចាំ​ថា ការ​ទទួល​បាន​វីតាមីន D គ្រប់​គ្រាន់​អាច​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ឲ្យ​ធន់​នឹង​ជំងឺ និង​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម តែ​វីតាមីន ​D ​តែ​មួយ​មុខ​មិន​អាច​ការពារ ឬ​ព្យាបាល​ជំងឺ​កូវីដ-១៩​ ឲ្យ​បាន​ជា​សះ​ស្បើយ​នោះ​ទេ បើ​យើង​ឆ្លង​ជំងឺ​រួច​ហើយ​នោះ។

    វេជ្ជបណ្ឌិត​ខាងលើ​​បន្ត​ទៀត​ថា វីតាមីន ​D ជា​ប្រភេទ​វីតាមីន​ដែល​យើង​ទទួល​បាន​ពី​ពន្លឺ​ព្រះអាទិត្យ ហើយ​ដើម្បី​ទទួល​វា​បាន យើង​ត្រូវ​ពាក់​ស្លៀក​ពាក់​ខោ​ជើង​ខ្លី អាវ​ដៃ​ខ្លី និង​ត្រូវ​ឈរ​ហាល​ថ្ងៃ​ក្រោម​ព្រះអាទិត្យ​យ៉ាង​តិច ​១៥-៣០​នាទី/ថ្ងៃ ដើម្បី​ស្រូប​យក​វីតាមីន D ឲ្យ​បាន​គ្រប់​គ្រាន់។ យើង​ក៏​អាច​ទទួល​បាន​វីតាមីន ​D ​តាម​រយៈ​អាហារ​ដូច​ជា ត្រី​ខ្លាញ់ (សាល់ម៉ុន ត្រី​សាឌីន…) ថ្លើម​សត្វ និង​ស៊ុត​។ល។ ចំពោះ​កម្រតិ​ដែល​យើង​គួរ​ទទួល​បាន​នោះ​គឺ ២០០០-៤០០០ IU/ថ្ងៃ សម្រាប់​មនុស្ស​ធំ និង​១០០០IU/ថ្ងៃ សម្រាប់​កូន​ក្មេង។

    វិតាមីនD

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម