កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ អង្គការសុខភាពពិភពលោក (WHO) បានផ្ដល់ការទទួលស្គាល់វ៉ាក់សាំងកូវីដ-១៩ Sinopharm របស់ប្រទេសចិន។ វ៉ាក់សាំងកូវីដ-១៩ Sinopharm ជាវ៉ាក់សាំងដំបូងគេបំផុត ដែលមិនមែនជាវ៉ាក់សាំងផលិតនៅក្នុងប្រទេសលោកខាងលិចដែលត្រូវបានទទួលស្គាល់ដោយ WHO។ នៅក្នុងប្រទេសកម្ពុជាយើង ក៏ត្រូវបានដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង Sinopharm ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មកម៉្លេះ។ ខាងក្រោមនេះ ជាចំណេះដឹងល្អៗអំពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm យើងគួរដឹង។
តើអ្នកណាខ្លះអាចចាក់វ៉ាក់សាំង Sinopharm បាន?
ចម្លើយ៖ វ៉ាក់សាំងនេះអាចចាក់បានចាប់ពីមនុស្សអាយុ១៨ឆ្នាំឡើងទៅ (ក្រោមអាយុ១៨ឆ្នាំមិនអាចចាក់បានទេ) ហើយអ្នកដែលមានប្រវត្តិឆ្លងកូវីដ-១៩ ពីមុនក៏អាចចាក់វ៉ាក់សាំងនេះបានដែរ។ ស្ត្រីបំបៅដោះកូនអាចចាក់វ៉ាក់សាំង Sinopharm នេះ និងទទួលបានប្រសិទ្ធភាពការពារខ្លួនពីជំងឺកូវីដ-១៩ ដូចមនុស្សទូទៅ ហើយ WHO បានណែនាំឲ្យម៉ាក់ៗបន្តបំបៅដោះកូន ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដូចធម្មតា។ ចំណែកការប្រើប្រាស់វ៉ាក់សាំងនេះលើស្ត្រីពពោះ អាចធ្វើទៅបានក្នុងករណីចាំបាច់បំផុត ព្រោះបច្ចុប្បន្ន មានការសិក្សាតិចតួចពីការចាក់វ៉ាក់សាំងនេះលើស្ត្រីពពោះដែលមិនទាន់អាចបញ្ជាក់ច្បាស់ថា តើវាអាចបង្កគ្រោះថ្នាក់ដល់ដំណើរការពពោះដែរ ឬអត់។
តើអ្នកណាខ្លះមិនអាចចាក់វ៉ាក់សាំង Sinopharm បាន?
ចម្លើយ៖ ក្រុមមនុស្សដែលមិនអាចចាក់វ៉ាក់សាំងនេះបានគឺបុគ្គលដែលប្រតិកម្មជាមួយសារធាតុមានក្នុងវ៉ាក់សាំង ឬបុគ្គលដែលមានកម្ដៅខ្លួនឡើងដល់៣៨.៥ អង្សារសេ ត្រូវពន្យារពេលចាក់វ៉ាក់សាំងរហូតដល់សីតុណ្ហភាពរាងកាយធម្មតាវិញ។
តើវ៉ាក់សាំង Sinopharm ប្រៀបធៀបនឹងវ៉ាក់សាំងដទៃទៀតកំពុងប្រើយ៉ាងម៉េចដែរ?
ចម្លើយ៖ យើងមិនអាចប្រៀបធៀបវ៉ាក់សាំងនីមួយៗប្រជែងនឹងគ្នាទេ ដោយសារតែវាត្រូវបានធ្វើឡើងនៅក្នុងការសិក្សារៀងៗខ្លួន ប៉ុន្តែសរុបមកគ្រប់វ៉ាក់សាំងទាំងអស់ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកសុទ្ធតែមានប្រសិទ្ធភាពទាំងអស់ក្នុងការការពារការឆ្លងជំងឺកូវីដ-១៩។
តើវ៉ាក់សាំងនេះមានប្រសិទ្ធភាពកម្រិតណា?
ចម្លើយ៖ តាមការសិក្សាបង្ហាញថា ក្រោយយើងចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសរួចមករយៈពេល២១ថ្ងៃ ប្រសិទ្ធភាពរបស់វ៉ាក់សាំងមាន ៧៩%ប្រឆាំងនឹងវីរុសកូវីដ-១៩។ ការសិក្សានេះ គឺសិក្សាពីប្រសិទ្ធភាពវ៉ាក់សាំងទៅលើមនុស្សទូទៅធម្មតា មិនបានផ្ដោតលើប្រសិទ្ធភាពវ៉ាក់សាំងលើមនុស្សចាស់អាយុ៦០ឆ្នាំ ឬលើនេះ ស្ត្រីពពោះ និងបុគ្គលមានជំងឺមួយចំនួននោះទេ។ ការសាកល្បងពីប្រសិទ្ធភាពវ៉ាក់សាំង Sinopharm ២ទៀត កំពុងដំណើរការ ប៉ុន្តែនៅមិនទាន់មានទិន្នន័យបង្ហាញនៅឡើយ។
វ៉ាក់សាំង Sinopharm អាចការពារវីរុសកូវីដ-១៩ បំប្លែងខ្លួនបានទេ?
ចម្លើយ៖ វ៉ាក់សាំងនេះនៅមិនទាន់ត្រូវបានសិក្សាស៊ីជម្រៅបន្ថែមទៀតនៅឡើយទេ ទាក់ទងនឹងប្រសិទ្ធភាពរបស់វាប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងថ្មីៗ។ នៅពេលដែលមានទិន្នន័យថ្មី WHO នឹងធ្វើបច្ចុប្បន្នភាព បន្ថែមព័ត៌មានលើប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinopharm នេះ។
[embed-health-tool-bmi]