backup og meta

អ្នកណាខ្លះបានចាក់វ៉ាក់សាំង Sinopharm? នេះជាអ្វីគួរដឹងពីវ៉ាក់សាំង ដែល WHO ទើបទទួលស្គាល់នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 12, 2021

    អ្នកណាខ្លះបានចាក់វ៉ាក់សាំង Sinopharm? នេះជាអ្វីគួរដឹងពីវ៉ាក់សាំង ដែល WHO ទើបទទួលស្គាល់នេះ

    កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ផ្ដល់​ការ​ទទួល​ស្គាល់​​វ៉ាក់សាំង​កូវីដ-១៩​ Sinopharm របស់​ប្រទេស​ចិន។ វ៉ាក់សាំង​កូវីដ-១៩ Sinopharm ជា​វ៉ាក់សាំង​ដំបូង​គេ​បំផុត​ ដែលមិន​មែន​ជា​វ៉ាក់សាំង​ផលិត​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ WHO។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ Sinopharm ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ២០២១​​ មក​ម៉្លេះ។ ខាង​ក្រោម​នេះ ជា​ចំណេះ​ដឹង​ល្អ​ៗ​អំពី​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ Sinopharm យើង​គួរ​ដឹង។

    តើ​អ្នក​ណា​ខ្លះ​អាច​ចាក់​វ៉ាក់សាំង ​Sinopharm ​បាន?

    ចម្លើយ៖ វ៉ាក់សាំង​នេះ​អាច​ចាក់​បាន​ចាប់​ពី​មនុស្ស​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ (ក្រោម​អាយុ​១៨​ឆ្នាំ​មិន​អាច​ចាក់​បាន​ទេ) ហើយ​អ្នក​ដែល​មាន​ប្រវត្តិ​ឆ្លង​កូវីដ-១៩ ​ពី​មុន​ក៏​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​ដែរ។ ស្ត្រី​បំបៅ​ដោះ​កូន​អាច​ចាក់​វ៉ាក់សាំង​ Sinopharm​ នេះ និង​ទទួល​បាន​ប្រសិទ្ធភាព​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ-១៩​ ដូច​មនុស្ស​ទូទៅ ហើយ​ WHO បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​បន្ត​បំបៅ​ដោះ​កូន ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ដូច​ធម្មតា។ ចំណែក​ការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​លើ​ស្ត្រី​ពពោះ អាច​ធ្វើ​ទៅ​បាន​ក្នុង​ករណី​ចាំ​បាច់​បំផុត ព្រោះ​បច្ចុប្បន្ន មាន​ការ​សិក្សា​តិចតួច​ពី​ការ​ចាក់​វ៉ាក់សាំង​នេះ​លើ​ស្ត្រី​ពពោះ​ដែល​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ថា ​តើ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ដំណើរ​ការ​ពពោះ​ដែរ ឬ​អត់។

    តើ​អ្នក​ណា​ខ្លះ​មិន​អាច​ចាក់​វ៉ាក់សាំង​ Sinopharm​ បាន?

    ចម្លើយ៖ ក្រុម​មនុស្ស​ដែល​មិន​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​គឺ​បុគ្គល​ដែល​ប្រតិកម្ម​ជាមួយ​សារធាតុ​មាន​ក្នុង​វ៉ាក់សាំង ឬ​បុគ្គល​ដែល​មាន​កម្ដៅ​ខ្លួន​ឡើង​ដល់​៣៨.៥ អង្សារសេ ត្រូវ​ពន្យារ​ពេល​ចាក់​វ៉ាក់សាំង​រហូត​ដល់​សីតុណ្ហភាព​រាងកាយ​ធម្មតា​វិញ។

    តើ​វ៉ាក់សាំង​ Sinopharm ប្រៀប​ធៀប​នឹង​វ៉ាក់សាំង​ដទៃ​ទៀត​កំពុង​ប្រើ​យ៉ាង​ម៉េច​ដែរ?

    ចម្លើយ៖ យើង​មិន​អាច​ប្រៀបធៀប​វ៉ាក់សាំង​នីមួយ​ៗ​ប្រជែង​នឹង​គ្នា​ទេ ដោយសារ​តែ​វា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​សិក្សា​រៀង​ៗ​ខ្លួន ប៉ុន្តែ​សរុប​មក​គ្រប់​វ៉ាក់សាំង​ទាំង​អស់​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​សុទ្ធតែ​មាន​ប្រសិទ្ធភាព​ទាំង​អស់​ក្នុង​ការ​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

    តើ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​កម្រិត​ណា?

    ចម្លើយ៖ តាម​ការ​សិក្សា​បង្ហាញ​ថា ក្រោយ​យើង​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូស​រួច​មក​រយៈ​ពេល​២១​ថ្ងៃ ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​មាន​ ៧៩%​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩។ ការ​សិក្សា​នេះ គឺ​សិក្សា​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ទៅ​លើ​មនុស្ស​ទូទៅ​ធម្មតា មិន​បាន​ផ្ដោត​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង​លើ​មនុស្ស​ចាស់​អាយុ​៦០​ឆ្នាំ ឬ​លើ​នេះ ស្ត្រី​ពពោះ និង​បុគ្គល​មាន​ជំងឺ​មួយ​ចំនួន​នោះ​ទេ។ ការ​សាកល្បង​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ Sinopharm​ ២​ទៀត កំពុង​ដំណើរ​ការ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ទិន្នន័យ​បង្ហាញ​នៅ​ឡើយ។

    វ៉ាក់សាំង ​Sinopharm អាច​ការពារ​វីរុស​កូវីដ-១៩ ​បំប្លែង​ខ្លួន​បាន​ទេ?

    ចម្លើយ៖ វ៉ាក់សាំង​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​សិក្សា​ស៊ីជម្រៅ​បន្ថែម​ទៀត​នៅ​ឡើយ​ទេ ទាក់​ទង​នឹង​ប្រសិទ្ធភាព​របស់​វា​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩ ​បំប្លែង​ថ្មី​ៗ។ នៅ​ពេល​ដែល​មាន​ទិន្នន័យ​ថ្មី WHO​ នឹង​ធ្វើ​បច្ចុប្បន្ន​ភាព បន្ថែម​ព័ត៌មាន​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ​Sinopharm​ នេះ។

    ចាក់វ៉ាក់សាំង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម