ក្រសួងសុខាភិបាលកាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ បានប្រកាសថាវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទDelta ត្រូវបានរកឃើញលើអ្នកដំណើរចូលមកកម្ពុជាចំនួន៧ករណី។ វីរុសបំប្លែងថ្មីនេះត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា និងកំពុងមានវត្តមាននៅប្រទេសជាង៩០ហើយគិតមកដល់ពេលនេះ។
វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទDelta ត្រូវក្រុមអ្នកវិទ្យាសាស្រ្ត និងអង្គការសុខភាពពិភពលោកចាត់ទុកថាជាវីរុសដែលឆ្លងលឿន និងបង្ករោគសញ្ញាធ្ងន់ធ្ងរបំផុតមួយបើធៀបទៅនឹងវីរុសកូវីដ១៩ ប្រភេទផ្សេងដូចជាAlpha និងBeta និងវីរុសរកឃើញនៅអ៊ូហានប្រទេសចិន។
ហេតុអ្វីវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទDelta គួរឲ្យខ្លាច?
វីរុសប្រភេទនេះត្រូវបានរកឃើញថាឆ្លងលឿនជាងវីរុសកូវីដ១៩ ប្រភេទAlpha រកឃើញនៅចក្រភពអង់គ្លេស៦០ភាគរយ និងឆ្លងលឿនជាវីរុសកូវីដ១៩ រកឃើញដំបូងនៅអ៊ូហាន ប្រទេសចិន៥០ភាគរយ។
ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថាវីរុសបំប្លែងថ្មីនេះមានសមត្ថភាពចម្លងលឿន និងគួរឲ្យបារម្ភ។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថាវាអាចគេចពីប្រព័ន្ធភាពស៊ាំ និងក៏ប្រហែលជាអាចមានសមត្ថភាពវាយប្រហារខ្ពស់ជាងវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទBeta រកឃើញនៅអាហ្វ្រិកខាងត្បូងផងដែរ។
ដូចគ្នាដែរ កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីអាមេរិកលោ Joe Biden បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនត្រូវប្រញាប់ទៅចាក់វ៉ាក់សាំង ដោយបានអះអាងថាវីរុសបំប្លែងថ្មីប្រភេទ Delta នេះឆ្លងលឿនលើមនុស្សមានវ័យចន្លោះពី១២ទៅ២០ឆ្នាំ។
បន្ថែមពីនេះ កាលពីថ្ងៃទី២៥ ខែមិថុនា អង្គការសុខភាពពិភពលោកក៏បានអំពាវនាវឲ្យមានការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា និងត្រូវបន្តពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងអនុវត្តវិធានការណ៍សុខាភិបាលផ្សេងៗទៀត។
អង្គការសុខភាពពិភពលោកបញ្ជាក់ថា៖ «គ្រប់គ្នាមិនអាចគិតថាមានសុវត្ថិភាពពីកូវីដ១៩ ដោយគ្រាន់តែបានចាក់វ៉ាក់សាំងគ្រប់ពីរដូសនោះទេ យើងនៅតែត្រូវការពារខ្លួនជានិច្ច…វ៉ាក់សាំងតែមួយមុខមិនអាចការពារយើង និងបញ្ឈប់ការចម្លងវីរុសបាននោះទេ»។
បន្ថែមពីនេះ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Queen Maryនៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសបានលើកឡើងដែរថា៖ «ការរួមបញ្ចូលគ្នានៃកម្រិតឆ្លងលឿន ភាពសាហាវ និងអាចគេចពីវ៉ាក់សាំងផង ធ្វើឲ្យវីរុសបំប្លែងថ្មីប្រភេទDelta ជាវ៉ារ្យ៉ង់មួយដ៏គ្រោះថ្នាក់បំផុត និងពិបាកគ្រប់គ្រង»។
បើនិយាយដល់វ៉ាក់សាំងវិញ The Wall Street Journalបានរាយការណ៍កាលពីថ្ងៃទី២៥ ខែមិថុនា ថាមនុស្សពេញវ័យប្រហែលពាក់កណ្ដាលនៅប្រទេសអ៊ីស្រាអែលដែលបានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta ជាអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូសរបស់ Pfizer-BioNTech ។ ការណ៍នេះអាចនឹងធ្វើឲ្យរដ្ឋាភិបាលដាក់ចេញជាថ្មីនូវវិធានការពាក់ម៉ាស និងវិធានការផ្សេងៗទៀត។
មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា វីរុសកូវីដ១៩ បំប្លែងថ្មីនេះកំពុងឆ្លងនៅប្រទេសយ៉ាងតិច៩២ និងថាវីរុសប្រភេទនេះបានបង្កឲ្យមានរោគសញ្ញាធ្ងន់ធ្ងរ តែថាត្រូវការការសិក្សាបន្ថែមទៀតដើម្បីបានដឹងច្បាស់ពីវីរុសបំប្លែងថ្មីប្រភេទDelta ។
[embed-health-tool-bmi]