តាមរយៈការផ្សព្វផ្សាយជាច្រើន យើងទាំងអស់គ្នាប្រហែលជាបានដឹងហើយថា រោគសញ្ញាសំខាន់ៗនៃជំងឺកូវីដ ១៩ រួមមាន គ្រុនក្តៅ ក្អក ឈឺបំពង់ក អស់កម្លាំង ហត់ពិបាកដកដង្ហើមជាដើម។ ក្នុងចំណោមរោគសញ្ញាជំងឺកូវីដ ១៩ ទាំងអស់ខាងលើ តើអាការៈណាមួយជារោគសញ្ញាធ្ងន់ធ្ងរ និងគ្រោះថ្នាក់បំផុតនោះ?
ក្នុងវីដេអូអប់រំ អំពីការព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ របស់ក្រសួងសុខាភិបាលបានពន្យល់ថា គ្រុនក្តៅ ក្អក ឈឺបំពង់ក និងអស់កម្លាំង គឺសុទ្ធសឹងតែរោគសញ្ញាជំងឺកូវីដ ១៩ ទាំងអស់ ប៉ុន្តែសញ្ញាគ្រោះថ្នាក់បំផុតនោះ គឺ ពិបាកដកដង្ហើម។
ស្របពេលបច្ចុប្បន្ននេះ បុគ្គលដែលវិជ្ជមានជំងឺកូវីដ ១៩ កម្រិតស្រាលមួយចំនួន ក្រសួងសុខាភិបាលអនុញ្ញាតឲ្យព្យាបាលនៅផ្ទះបាន។ ក្នុងករណីដែលអ្នកជំងឺកូវីដ ១៩ មានរោគសញ្ញាកាន់ធ្ងន់ធ្ងរដូចការពន្យល់ខាងលើ ត្រូវស្វែងរកជំនួយ ដោយទាក់ទងទៅក្រុមគ្រូពេទ្យដែលថែទាំអ្នកជំងឺ ឬទូរស័ព្ទទៅលេខ ១១៥។
គិតមកត្រឹមថ្ងៃទី០៤ កក្កដា ២០២១ ប្រទេសកម្ពុជាមានអ្នកឆ្លងកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ៥៥ ១៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៧ ៣៨៦នាក់ និងមានអ្នកស្លាប់ ៧៤៨នាក់។
[embed-health-tool-bmi]