កាលពីពេលកន្លងទៅក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល ព្យាបាលនៅតាមផ្ទះបាន ដោយចេញជាគោលការណ៍មួយចំនួនសម្រាប់ការព្យាបាល។ ដើម្បីជាជំនួយដល់អ្នកជំងឺ និងអ្នកថែទាំអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះ ថ្មីៗនេះក្រសួងសុខាភិបាលកម្ពុជាបានផលិតជាវីដេអូអប់រំ អំពីកម្រិតនៃការប្រើប្រាស់ថ្នាំក្នុងការព្យាបាល និងការថែទាំសុខភាពអ្នកជំងឺកូវីដ ១៩ ឲ្យឆាប់ជាសះស្បើយ។
ក្នុងវីអេដូអប់រំពីការព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតសម្រាលនៅតាមផ្ទះ របស់ក្រសួងសុខាភិបាលបានបែងចែកប្រភេទជំងឺកូវីដ ១៩ កម្រិតស្រាល ជា២ប្រភេទទៀត គឺករណីមានរោគសញ្ញា និងគ្មានរោគសញ្ញា។
១. ករណីគ្មានរោគសញ្ញា៖ គ្មានក្អក កម្តៅក្រោម ៣៧.៥ អង្សាសេ គ្មានហៀរសម្បោរ គ្មានឈឺបំពង់ក សភាពទូទៅធម្មតា ករណីនេះ ពុំចាំបាច់ប្រើថ្នាំព្យាបាលទេ។
២. ករណីមានរោគសញ្ញាស្រាល៖ ឡើងកម្តៅលើស ៣៧.៥ អង្សាសេ ឈឺសាច់ដុំ ឈឺបំពង់ក និងក្នុងករណីមានរោគសញ្ញាបន្ថែម ដូចជា តឹងច្រមុះ ហៀរសម្បោរ ឬក្អក (មាន ឬមិនមានស្លេស្ម) តម្រូវឲ្យប្រើថ្នាំ។
– ការព្យាបាលមនុស្សពេញវ័យ ឬកុមារ ដែលមានទម្ងន់ចាប់ពី ៣០គីឡូក្រាមឡើង ត្រូវប្រើថ្នាំប៉ារ៉ាសេតាម៉ុល ៥០០មិល្លីក្រាម លេប ៣ដង/ថ្ងៃ
– កុមារទម្ងន់ ២០-២៩ គីឡូក្រាម ត្រូវប្រើថ្នាំប៉ារ៉ាសេតាម៉ុល ៣០០មិល្លីក្រាម លេប ៣ដង/ថ្ងៃ
– មនុស្សពេញវ័យ ឬកុមារ អាយុចាប់ពីអាយុ ៦ឆ្នាំឡើង ប្រើប្រូម៉ិចស៊ីន (Bromhexine) ៨ មិល្លីក្រាម ៣ដង/ថ្ងៃ ឬ សេទីរីហ្ស៊ីន (Cetirizine) ១០ មិល្លីក្រាម ១ដង/ថ្ងៃ។
បន្ថែមពីនោះ អ្នកជំងឺត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនក្នុងរយៈពេលព្យាបាលនៅតាមផ្ទះ ដោយត្រូវស្នាក់នៅបន្ទប់ដាច់ដោយឡែក មានអនាម័យ និងមានខ្យល់ចេញចូលល្អ ត្រូវពាក់ម៉ាស លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ។ ម្យ៉ាងវិញទៀត អ្នកជំងឺត្រូវបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ មានសាច់ បន្លែ និងផ្លែឈើ ហើយត្រូវញ៉ាំទឹកឲ្យបានច្រើន និងត្រូវតាមដានសុខភាពខ្លួនឲ្យបានទៀងទាត់ជាប្រចាំ ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដោយត្រូវហាមជក់បារី និងផឹកស្រា។
បើតាមតួលេខពីមន្ទីរសុខាភិបាលរាជធានី គិតត្រឹមថ្ងៃទី០៦ កក្កដា ២០២១ នេះ នៅរាជធានីភ្នំពេញមានអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ជាង ៤០០នាក់ បានព្យាបាលនៅតាមផ្ទះ ក្នុងនោះ ជិត ៣០០នាក់បានសះស្បើយ និងជាង១០០នាក់ទៀតកំពុងសម្រាកព្យាបាលនៅឡើយ។
[embed-health-tool-bmi]