អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅបានលើកឡើងពីវីរុសកូវីដ-១៩ បំប្លែងថ្មីមួយមានឈ្មោះថា «Mu» ដែលវ៉ារ្យ៉ង់ប្រភេទនេះត្រូវបានរកឃើញដំបូងនៅប្រទេសកូឡំប៊ី កាលពីខែមករា។
អង្គការសុខភាពពិភពលោកបានដាក់វ៉ារ្យ៉ង់ថ្មីនេះក្នុងក្រុមវ៉ារ្យ៉ង់ដែលត្រូវតាមដាន និងបាននិយាយដែរថាវាអាចមានហានិភ័យលើភាពធន់នឹងវ៉ាក់សាំងដែរ។ យ៉ាងណា ការលើកឡើងនេះ អង្គការសុខភាពពិភពលោកថាត្រូវការការសិក្សាបន្ថែមទៀត។
គិតមកដល់ពេលនេះភាគរយនៃអ្នកឆ្លងវីរុសបំប្លែងថ្មីMu នៅលើពិភពលោកនៅមានកម្រិតទាបក៏ពិតមែន តែថាវាកំពុងតែកើនចំនួនឆ្លងនៅអាមេរិកខាងត្បូង។ បើតាមអង្គការសុខភាពពិភពលោក វីរុសបំប្លែងថ្មី Mu មានចំនួនអ្នកឆ្លងនៅលើពិភពលោកតិចជាង០,១ភាគរយ តែថាបើគិតក្នុងប្រទេសកូឡំប៊ី មានដល់ទៅ៣៩ភាគរយ និងនៅប្រទេសអេក្វាឌ័រ មាន១៣ភាគរយនៃអ្នកឆ្លងសរុប។
បច្ចុប្បន្នអង្គការសុខភាពពិភពលោកបានកំណត់ថាវីរុសបំប្លែងថ្មីចំនួនបួន ជាប្រភេទគួរឲ្យបារម្ភគឺalpha beta gamma និងdeltaក្នុងនោះមានវីរុសalpha មានវត្តមាននៅក្នុងប្រទេសចំនួន១៩៣ និងវីរុសបំប្លែងថ្មីdelta មានវត្តមាននៅក្នុងប្រទេស១៧០។ ចំណែកវ៉ារ្យ៉ង់ចំនួនប្រាំផ្សេងទៀត មានទាំងMu ផងដែរ កំពុងស្ថិតនៅក្រោមការតាមដានរបស់អង្គការសុខភាពពិភពលោក។
[embed-health-tool-bmi]